News

Check out real estate news updates

តើ​អ្នក​គួរ​ទិញ​ផ្ទះ​ក្នុង​គម្រោង​បុរី ឬ​ទិញ​ខុន​ដូ​?

ប្រជាជន​ខ្មែរ​ភាគច្រើន​ពេញចិត្ត និង​បាន​ជ្រើស​យក​ការរស់នៅ​ក្នុង​គម្រោង​បុរី ដូចជា ផ្ទះល្វែង វីឡា​កូនកាត់ ឬ​ផ្ទះ​អាជីវកម្ម​ជាដើម​។ និន្នាការ​នេះ​កំពុង​បន្ត​យ៉ាងរឹងមាំ​ក្នុង​ទីផ្សារ​លំនៅដ្ឋាន​កម្ពុជា​។ ទោះជា​យ៉ាងណាក៏ដោយ នៅពេល​បច្ចុប្បន្ន ខុន​ដូ ដែលជា​បរិបទ​ថ្មី​មួយទៀត កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ពី​អ្នកទិញ​ក្នុងស្រុក ពិសេស​មនុស្ស​វ័យក្មេង​។​
​តាមពិតទៅ ប្រភេទ​លំនៅដ្ឋាន​ទាំងពីរ​នេះ មាន​លក្ខណៈពិសេស និង​ផ្តល់នូវ​លក្ខណៈ​ងាយស្រួល​ក្នុងការ​រស់នៅ​ដូចគ្នា​។ ប៉ុន្តែ​វា​ក៏មាន​លក្ខណៈ​ដាច់ដោយឡែក​ពីគ្នា ត្រង់ចំណុច​មួយចំនួន​ដែរ​ដូចជា​៖​ទីតាំង កម្មសិទ្ធិ​កាន់កាប់ តម្លៃ សេវាកម្ម ការចំណាយ​បន្ថែម​ផ្សេងៗ ជាដើម​។ ទាំងនេះ​ជា​អ្វី ដែល​អ្នកទិញ​ខ្លួនឯង​ត្រូវតែ​ដឹង មុននឹង​ទិញ​លំនៅដ្ឋាន​ណាមួយ​។

​ខាងក្រោម​នេះ ជា​ចំណុច​ពិសេស​មួយចំនួន និង​លក្ខខណ្ឌ​ដោយឡែក​ពីគ្នា រវាង​បុរី និង​ខុន​ដូ​៖
​ទីតាំង​៖
​សម្រាប់​បុរី​នៅពេល​បច្ចុប្បន្ន ការសាងសង់​បុរី​(​ផ្ទះល្វែង​)​ភាគច្រើន មាន​ទីតាំងនៅ​ជាយក្រុង ឬ​នៅក្រៅ​ក្រុង​។ បុរី​នៅ​ជាយក្រុង​ភាគច្រើន​មាន​ភាពស្ងប់ស្ងាត់ កន្លែង​មិនសូវ​ចង្អៀត មាន​លក្ខណៈ​ធម្មជាតិ ជាមួយ​សួនច្បារ ឬ​តំបន់​បៃតង​។ ជាពិសេស អ្នក​អាច​គេច​ចេញពី​ការកកស្ទះ​ចរ​ចរណ៍​នៅក្នុង​ក្រុង​។ ប៉ុន្តែ​បញ្ហា​មួយ​ត្រង់​ថា អ្នកទិញ​រស់នៅ​ឆ្ងាយ​ពី​តំបន់​កណ្តាល​ក្រុង​បន្តិច ហើយ​អ្នក​ត្រូវធ្វើ​ដំណើរ​យូរ​បន្តិច ប្រសិនបើ​អ្នកធ្វើការ​នៅក្នុង​ក្រុង សាលារៀន​នៅក្នុង​ក្រុង ឬ​ត្រូវការ​ការ​លំហែ​នៅក្នុង​តំបន់​កណ្តាល​ក្រុង​។​
​រីឯ​ខុន​ដូ​វិញ ស្ទើរតែ​គ្រប់​គម្រោង​ខុន​ដូ គឺមាន​ទីតាំងនៅ​តំបន់​ក្រុង និង​តំបន់​កណ្តាល​ក្រុង ដែល​នេះ​បាន​ឆ្លើយតប​ទៅនឹង​អ្វី ដែល​អ្នកទិញ​ភាគច្រើន​ចង់បាន​។ ជាទូទៅ ទីតាំង​ខុន​ដូ នៅ​ជិត​សាលារៀន មន្ទីរពេទ្យ ផ្សារ ភោជនីយដ្ឋាន ស្ថាប័នរដ្ឋ និង​ឯកជន និង​តំបន់​សេវាកម្ម​ចម្រុះ​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា យូ​នី​ត​ខុន​ដូ​របស់​អ្នក មិនមាន​ទំហំ​ធំ​ដូចជា​ផ្ទះ​ក្នុង​បុរី​ទេ​។
​កម្មសិទ្ធិ​កាន់កាប់​៖
​បុរី ជា​អចលនទ្រព្យ​តាំង​ជាប់​ដី​ដោយផ្ទាល់ វា​មាន​ប្លង់រឹង​ដាច់ពីគ្នា រវាង​អចលនទ្រព្យ​មួយ​ទៅមួយ​ទៀត​ផ្សេងទៀត​។​
​ចំណែក​ខុន​ដូ​វិញ ជា​ប្រភេទ​អចលនទ្រព្យ​ប្លង់​រួម (​អគារ​សហកម្មសិទ្ធិ​) ដែល​មានន័យថា អ្នកទិញ អាច​កាន់​កាន់​លើ​អចលនទ្រព្យ​របស់ខ្លួន​រៀងខ្លួន​បាន (​ចំណែក​ឯកជន​) តែ​មិនមាន​ឈ្មោះ​ដាច់​តែឯង លើ​អគារ​ទាំងមូល​នោះទេ (​ចំណែក​រួម​)​។ នេះ​បើតាម​មាត្រា ៤ នៃ​ច្បាប់​គ្រប់គ្រង និង​ប្រើប្រាស់​អគារ​សហកម្មសិទ្ធិ​។
​តម្លៃ​
​បុរី​តម្លៃ​សមរម្យ បាន​កំពុង​រីកដុះដាល​យ៉ាងខ្លាំង​នៅពេល​បច្ចុប្បន្ន ហើយ​ផ្ទះល្វែង​ក្នុង​បុរី អាចមាន​ចាប់ពី ៣ ម៉ឺន​ដុល្លារ​ឡើងទៅ ដូចជា​គម្រោង បុរី វី​អាយ​ភី បុរី​ប៊ុន ជេស្ឋ បុរី​រតនៈ​ភ្នំពេញ​ជាដើម​។ គេ​មើលឃើញថា ដោយសារ​ការ​ផែនការ​ពង្រីក​ក្រុង កំពុងដំណើរការ​យ៉ាង​ល្អ ដូច្នេះ​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​បែប​បុរី បាន​រីកលូតលាស់​ខ្លាំង ដែល​ធ្វើ​ឲ្យ​មានការ​កើនឡើង​តម្លៃ​គួរ​ឲ្យ​កត់សម្គាល់​។ ម្យ៉ាងវិញទៀត យើង​សង្កេតឃើញថា​បុរី​ផ្ទះល្វែង ដែល​សង់​រួច មាន​អ្នករស់នៅ តែងតែ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច ដូចជា​ផ្សារ​ទំនិញ ឬ​សូម្បីតែ​ផ្សារ​ទំនើប​ផងដែរ​។ ដូចនេះ វា​អាចជា​កត្តា​មួយ អ្នក​គួរ​ទិញ​បុរី​។​
​បើ​និយាយ​ពី​ខុន​ដូ​វិញ អាចមាន​តម្លៃ​ចាប់ពី​ជាង ៣ ម៉ឺន​ដុល្លារ​។ តួយ៉ាង​ដូចជា​គម្រោង New Land mark និង​គម្រោង 88 Residence ជាដើម​។​
​សេវាកម្ម​
​ការរស់នៅ​ក្នុង​គម្រោង​បុរី អ្នក​អាច​ទទួលបាន​សេវាកម្ម​មួយចំនួន ដូចជា​កន្លែង​កម្សាន្ត សួនច្បារ … ប៉ុន្តែ​បុរី​ខ្នាតតូច ឬ​បុរី​តម្លៃ​ទាប គឺ​មិន​ផ្តល់ជូន​សេវាកម្ម​ទាំងនេះ​ទេ​។ ចំណុច​នេះ ជា​អ្វីដែល​ធ្វើ​ឲ្យ​ការរស់នៅ​ក្នុង​ខុន​ដូ ហាក់​មាន​ភាព​លេចធ្លោ និង​ភាព​ស៊ីវីល័យ​ជាង​។ ខុន​មាន​សេវាកម្ម​ដូចជា​៖​ហាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ កន្លែង​លំហែ​លើដំបូល ក្លិប និង​សេវា​គ្រប់គ្រង​អចលនទ្រព្យ រួមជាមួយ​សេវា​ផ្សេងៗ​ទៀត​។​
​ការចំណាយ​បន្ថែម​
​បុរី​មាន​ភាពសាមញ្ញ​ជាង​ខុន​ដូ​។ ដូចនេះ​ការចំណាយ​ទូទៅ​ប្រចាំខែ​លើ​វា​កម្ម​នានា​របស់​បុរី​ក៏​អស់​តិចជាង​ខុន​ដូ​ដែរ​។ ការចំណាយ​ក្នុង​ខុន​ដូ អាចមាន​ដូចជា ថ្លៃ​សំអាត ថ្លៃ​ភ្លើង ថ្លៃ​អ៊ីនធឺណិត ថ្លៃ​សន្តិសុខ ថ្លៃ​ចំណតរថយន្ត ថ្លៃ​សំរាម និង​រួមទាំង​ថ្លៃ​សេវាកម្ម​ប្រចាំថ្ងៃ​។ ប៉ុន្តែ​សូម​ចងចាំ​ថា កញ្ចប់​សេវាកម្ម​ខ្លះ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​សេវាកម្ម​ជា​កញ្ចប់​រួចហើយ​។​
​សរុបមក​ការទិញ​ផ្ទះ​ក្នុង​បុរី ឬ​ខុន​ដូ សុទ្ធតែជា​ការវិនិយោគ​ដ៏​ឆ្លាត​វៃ​។ ប៉ុន្តែ​វា​ក៏​ទាមទារ​ឲ្យ​អ្នកទិញ​ខ្លួនឯង ត្រូវ​ស្វែងយល់​ពី​តម្រូវការ និង​លទ្ធភាព​ជាក់ស្តែង​របស់​ខ្លួន ដើម្បី​ជៀសវាង​ហានិភ័យ ហើយ​ប្រសិនបើ​អ្នកមាន​ភាព​ក្មេងខ្ចី​ក្នុង​វិស័យនេះ អ្នក​អាច​ស្វែងរក​ការប្រឹក្សា​យោបល់ ពី​អ្នកច្បាប់ ឬ​ភ្នាក់ងារ​អចលនទ្រព្យ​ជំនាញ​ជាមុនសិន​៕

Leave a Reply

Your email address will not be published. Required fields are marked *