News

Check out real estate news updates

តើ​រយៈពេល ១០ឆ្នាំ​កន្លងមកនេះ វិស័យ​អចលនទ្រព្យ​កម្ពុជា មាន​ការវិវត្ត​យ៉ាងដូចម្តេច?

ភ្នំពេញ៖ រយៈពេល ១០ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ឆ្លងកាត់​ទសវត្ស​រ៍មាស ដោយសារ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម ពិសេស​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​រីកចម្រើន​ដល់​កំពូល និង​ក្លាយជា​កំលាំងចលករ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ។  

យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​នៃ​ក្រុមហ៊ុន CBRE Cambodia ជា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​រកឃើញថា នៅក្នុង​រយៈពេល១០ឆ្នាំ​កន្លងទៅនេះ ដែល​រាប់​ចាប់ពី​ឆ្នាំ២០០៨ រហូតមក​ទល់នឹង​ឆ្នាំ២០១៨នេះ ចំពោះ​វិស័យ​អចលនទ្រព្យ បានបង្ហាញ​ពី​ការរីកចម្រើន និង​អភិវឌ្ឍ​គ្រប់ផ្នែក​ទាំងអស់ ដែល​ក្នុងនោះ​រាប់ទាំង​ផ្នែក​វិនិយោគ ក៏ដូចជា​ផ្នែក​សំណង់​ផងដែរ ខណៈដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា GDP សរុប​អាច​រក្សា​បានជា​មធ្យម៦,២ភាគរយ។

អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ផ្នែកផ្សេងៗក្នុង​វិស័យ​អចលនទ្រព្យ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ជាក់ស្តែង​ផ្នែក​អគារ​ការិយាល័យ​កាលពី២០០៨គឺ​ទំហំ​ការិយាល័យ​មាន​ត្រឹម៧៨,០០០ម៉ែត្រការ៉េ ខណៈដែល​ក្រុមហ៊ុន​អភិវឌ្ឍ​មាន​ត្រឹមតែ​ចំនួន២តែប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​ឆ្នាំ២០១៨ ទំហំ​ការិយាល័យ​បាន​កើនឡើង​រហូតដល់៣៣៧, ០០០ម៉ែត្រការ៉េ ជាមួយនឹង​ចំនួន​ក្រុមហ៊ុន​អភិវឌ្ឍ​មាន​ចំនួន១២ ដែល​វា​ជា​ចំនួន​មួយ​បង្ហាញ​ពី​កំណើន​យ៉ាង​លើសលប់​គួរឱ្យកត់សម្គាល់។

ដោយឡែក​សម្រាប់​ផ្នែក​ខុន​ដូ​នៅក្នុង​ឆ្នាំ២០០៨ មាន​ត្រឹម១៧៦យូ​នី​ត​ដែល​វិនិយោគ​ដោយ​ជនជាតិ​កូរ៉េ ប៉ុន្តែ​ឈានចូល​មកដល់​ឆ្នាំ២០១៨នេះ វិស័យ​ខុន​ដូ​បាន​បន្ត​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស ដែលមាន​ចំនួន​រហូតដល់១២,០០០យូ​នី​ត ស្មើនឹង៤៦គម្រោង ក្នុងនោះ​អ្នកវិនិយោគ​ជា​ជនជាតិខ្មែរ មាន​ចំនួន២០គម្រោង ស្មើនឹង៤៣ភាគរយ ហើយ​បន្ទាប់ពី​ខ្មែរ គឺមាន តៃវ៉ាន់ កូរ៉េ ចិន សាំង​ហ្គា​ពួរ ម៉ាឡេស៊ី ជាដើម។

អ្នកនាង​បន្តទៀតថា សម្រាប់​ផ្សារ​ទំនើប​វិញ មុន​ឆ្នាំ2008 គឺមាន​ត្រឹមតែ​ចំនួន១តែប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន គឺមាន​រហូតដល់​ចំនួន១៧កន្លែង។ ចំពោះ​អា​ផាត​មិន ក៏មាន​ការរីកចម្រើន​ខ្លាំង​ផងដែរ ខណៈដែល​កាលពី​ឆ្នាំ២០០៨ មាន​ត្រឹមតែ​ជា​អ្នក​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ ប៉ុន្តែ​បច្ចុប្បន្ន​មាន​អ្នកវិនិយោគ អ្នក​អភិវឌ្ឍន៍​ក៏ដូចជា​អ្នកគ្រប់គ្រង​ដោយ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ មានន័យថា ការរីកចម្រើន​លើ​ផ្នែក​អា​ផាត​មិន​គឺមាន​សន្ទុះ​ខ្លាំង​មិន​ចាញ់​វិស័យ​ខុន​ដូ​នោះទេ នៅពេលដែល​តម្លៃ​ដីធ្លី​កាលពី​ពី​ឆ្នាំ២០០៨ មាន​ត្រឹម២៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លុះដល់​ឆ្នាំ2018 មានតម្លៃ៦៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ​រ៉េ (តម្លៃ​ដី​លើ​ទីផ្សារ​ដែល​ខ្ពស់​ជាងគេ) បាន​កើនឡើង​រហូតដល់២២៥ភាគរយ។ ការកើនឡើង​យ៉ាង​ឆាប់រហ័ស​ទាំងនេះ ត្រូវបាន​អ្នកជំនាញ​រូបនេះ​បញ្ជាក់ថា ក៏​ព្រោះ​កម្ពុជា​កាលពី១០ឆ្នាំមុន មិនទាន់មាន​ការផ្គត់ផ្គង់ ខណៈដែល​តម្រូវការ​នៅលើ​ទីផ្សារ​មាន​ចំនួន​ខ្ពស់ ដែល​ធ្វើឱ្យ​បណ្តា​អ្នកវិនិយោគ មានឱកាស​អាច​ទទួល​បាន​ភាគលាភ​ច្រើន និង​មិនសូវមាន​ហា​នី​ភ័យ​នោះឡើយ។

ជាមួយនឹង​ការបង្ហាញ​ពី​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​ឥតឈប់ឈ​នៅលើ​វិស័យ​អ​ល​ចនទ្រ​ព្យ​ក្នុង​រយៈពេល១០ឆ្នាំ​កន្លងទៅ អ្នកនាង​អាន សុធី​តា ក៏បាន​បង្ហាញ​ពី​ការព្យាករណ៍​វិស័យនេះ​នៅ​កម្ពុជា ក្នុង​រយៈពេល១០ទៅមុខទៀត​បែប​សុទិដ្ឋិនិយម​យ៉ាង​ដូច្នេះ​ថា បើទោះជា​ក្នុង​រយៈពេល១០ឆ្នាំ​កន្លងទៅនេះ វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន និង​ដុះដាល​ដូច​ផ្សិត​ក៏ពិតមែន ប៉ុន្តែ​សម្រាប់១០ឆ្នាំ​ទៅមុខទៀត វិស័យ​មួយ​នេះ​នៅ​មិនទាន់​ឆ្អែត​នៅឡើយ​នោះទេ ពោលគឺ​នៅតែមាន​តម្រូវការ​ខ្ពស់ ជាពិសេស​ចំពោះ​វិស័យ​ខុន​ដូ ដែលជា​តម្រូវការ​សម្រាប់​មនុស្ស​វ័យ​កណ្តាល។

ដោយឡែក​ចំពោះ​វិស័យ​ដីធ្លី ក៏​អាច​នឹង​បន្ត​កើន​ឡោះ​ង​នូវ​តម្លៃ​ចាប់ពី៧ភាគរយ​ក្នុង​មួយឆ្នាំ​ឬ​អាច​ច្រើនជាង​នេះ ដែល​វា​អាស្រ័យទៅលើ​តម្រូវការ​ជាក់ស្ដែង​នៅលើ​ទីផ្សារ៕

Leave a Reply

Your email address will not be published. Required fields are marked *