News

Check out real estate news updates

តើអចលនទ្រព្យកំពង់ធំនឹងទៅជាយ៉ាងណាខណៈអាជ្ញាធរខេត្តរៀបចំ< Master Plan >ឱ្យកាន់តែច្បាស់លាស់ថែមទៀត?

បើនិយាយអំពីខេត្តកំពង់គឺជាខេត្តមួយដែលមានផ្ទៃដីធំជាងគេលំដាប់ទី២ ហើយក៏មានសក្កានុពល​ខ្លាំងក្លាស្ទើរតែ​គ្រប់​​​​​​វិស័យផងដែរ ដោយជាក់ស្ដែងយើងមើល​ឃើញថាមានការបោះទុនវិនិយោគ​ពីសំណាក់វិនិយោគិនទាំង​ក្រៅស្រុក​និងក្នុង​ស្រុក​យ៉ាងច្រើនទៅវិនិយោគគម្រោងធំៗនៅទីនោះ។

ម៉្យាងវិញទៀតកាលពីថ្មីៗនេះ យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថាឯកឧត្តម ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឱ្យ​សមាជិកក្រុម​ប្រឹក្សា​ថ្មី និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវពន្លឿនការរៀបចំផែនការមេអភិវឌ្ឍន៍ (Master plan) ក្នុងខេត្ត ក្នុង​ក្រុងស្ទឹងសែន និងតាមដងស្ទឹងសែនឱ្យខាងតែបាន និងច្បាស់លាស់ជាទីបំផុត ដើម្បីជំរុញការអភិវឌ្ឍ​ខេត្តដែល​មាន​សក្ដានុពល​នេះ​ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។​

ឯកឧត្តមបានណែនាំអំពីការរៀបចំផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ ដល់ក្រុមប្រឹក្សាអាណត្តិទី៣ យ៉ាងដូច្នេះថា ក្នុង​ឆ្នាំទីមួយនៃអាណត្តិរបស់ខ្លួន ក្រុមប្រឹក្សាខេត្តកំពង់ធំ ត្រូវកសាងផែនការអភិវឌ្ឍន៍ដែលមានសុពលភាព រយៈពេល៥ឆ្នាំ និងត្រូវរៀបចំកម្មវិធីវិនិយោគ «៣ឆ្នាំរំកិល» លើកទី១ សម្រាប់ថ្នាក់រដ្ឋបាលរបស់ខ្លួនស្របតាម​គោលការណ៍ និង​​​នីតិវិធី​ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។ ចំពោះកម្មវិធីវិនិយោគប្រចាំឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តត្រូវណែនាំ​ឲ្យ​គណៈ​អភិបាលបន្តចាត់ចែងអនុវត្តទៅតាមផែនការ ដែលបានអនុម័តកន្លងមក ប្រកបដោយតម្លាភាព គណនេយ្យ​ភាព និងប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំទៀតថា «ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវខិតខំធ្វើឱ្យបាននូវផែន​ការ​មេអភិវឌ្ឍន៍ខេត្តឱ្យបាច្បាស់លាស់, ខេត្តកំពង់ធំត្រូវមានកាចង្អុលទិសក្នុងការអភិវឌ្ឍ ទីក្រុងយើង​ដាច់ខាតត្រូវ​មាន​ផែនការអភិវឌ្ឍន៍ ត្រូវមានផែនការមួយច្បាស់លាស់»។

លោកបានបន្តថា ផែនការមេអភិវឌ្ឍន៍ខេត្តនេះ មិនមែននិយាយតែពីការកំណត់ លើផែនការប្រើប្រាស់ដីធ្លី (Zoning ) ប៉ុណ្ណោះទេ បើនៅទីក្រុងគឺមានទាំងការគ្រប់គ្រងកាកសំណល់រឹងរាវជាអាទិ៍ ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត អាងចម្រោះទឹក បញ្ហាកាកសំណល់ សំរាម ផ្លូវថ្នល់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ជៀសវាងការសាងសង់ផ្លូវរួចហើយ ធ្វើលូតាមក្រោយ ហើយមួយទៀត ក៏ត្រូវរៀបចំស្ទឹងសែនឱ្យមានសោភ័ណភាពល្អប្រសើរ ដើម្បីទាក់ទាញទេសចរផងដែរ។

ឯកឧត្តមបានបង្ហើបឱ្យដឹងថា នៅពេលខេត្តសៀមរាបមានអាកាសយានដ្ឋានអន្តរជាតិថ្មី និងផ្លូវ ស្ពានតភ្ជាប់ពីកំពង់​ឆ្នាំង ផ្លូវជាតិលេខ៦ ត្រូវបានពង្រីកថែម ខេត្តកំពង់ធំដែលនៅជាប់ខេត្តទាំងពីរនេះ នឹងទទួលបាន​ផលប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ចយ៉ាងច្រើន ពិសេសវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនជាដើម។

គួរជម្រាបផងដែរថា ទាំងនេះជាដំណឹងល្អមួយសម្រាប់​អ្នកខេត្តកំពង់ធំដែលមានការរៀបចំផែនការឱ្យកាន់​តែច្បាស់​ដើម្បី​​ធ្វើឱ្យខេត្តកាន់តែមានការរីកចម្រើនបន្ថែមទៀត។

Source From: https://www.business-cambodia.com/public/article/as-the-provincial-authorities-prepare-master-plane-more-clearly

Leave a Reply

Your email address will not be published. Required fields are marked *