News

Check out real estate news updates

តើវិស័យអចលនទ្រព្យអាចនឹងធ្លាក់ចុះក្នុងរយៈពេល៥ឆ្នាំទៀតដែរឬទេ?

ស្របពេលដែលវិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងហើយគម្រោងអភិវឌ្ឍន៍នានាបាននឹងបន្តលេចចេញជារូបរាងពាសពេញផ្ទៃប្រទេសជាពិសេសនៅរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះដែររបាយការណ៍ព្យាករសេដ្ឋកិច្ចថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថាវិស័យនេះអាចនឹងធ្លាក់ចុះក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។

កាលពីថ្ងៃទី ០២ ខែ តុលាឆ្នាំ ២០១៨ IMF បានចេញផ្សាយរបាយការណ៍សេដ្ឋកិច្ចបឋមថាសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងក្នុងអត្រាខ្ពស់សម្រាប់រយៈពេលពី ២ ទៅ ៣ ឆ្នាំតែនឹងមានការធ្លាក់ចុះក្នុងអត្រា ៦ ភាគរយដោយសារតែ ការថយចុះនៃកំណើនផលិតភាព និងភាពចាស់ទុំនៃវដ្ដឥណទាន និងអចលនទ្រព្យ។

ក្នុងនោះផងដែរ តំណាងមន្ត្រីបេសកម្ម IMF លោក JarkkoTurunen បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ ថា«ក្នុងពេលនេះវិស័យអចលនទ្រព្យ និងសំណង់គឺជាកត្តាជំរុញខ្លាំងដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែក្នុងពេល ៥ ឆ្នាំខាងមុខវិស័យផ្សេងទៀតនឹងក្លាយជាកត្តាជំរុញកំណើនខ្លាំងជាង [វិស័យអចលនទ្រព្យ និងសំណង់]»។

ទាក់ទងទៅនឹងការព្យាករណ៍នេះដែរ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅរបស់សមាគមអ្នកសាងសង់កម្ពុជា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដីបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃ ទី ០៥ ខែ តុលា ឆ្នាំ ២០១៨ ថា «[វិស័យសំណង់និងអចនលទ្រព្យ]អាចធ្លាក់ចុះព្រោះមកពីបច្ចុប្បន្នមានការសុំការសាងសង់ច្រើនដែលសាងសង់ច្រើនអញ្ចឹងហើយលក់មិនទាន់អស់គេក៏មិនបានសាងសង់ទៀតដែរ»។

ប៉ុន្តែលោក សន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា Key Real Estae គាត់មានទស្សនៈសុទិដ្ឋិនិយមចំពោះវិស័យសំណង់និងអចនលទ្រព្យដោយលោកបានធ្វើការអះអាងថាវិស័យនេះគឺនឹងនៅតែបន្តមានសក្តានុពលរយៈកាលយូរអង្វែងតទៅទៀតដោយហេតុថាកម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសនៃតំបន់អាស៊ានដែលនឹងត្រៀមខ្លួនទាញយកផលប្រយោជន៍ពី «ការផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ»របស់ប្រទេសចិន។

ជាក់ស្តែង លោកបានបន្ថែមថា «ទោះមានការសាងសង់ច្រើនក៏ពិតមែន បើយើងធៀបជាមួយទីក្រុងទំនើបៗគឺមានសក្តានុពលទៅមុនទៀតយ៉ាងហោចណាស់ក៏១០ ទៅ ២០ ឆ្នាំំទៀតដែរព្រោះយើងមិនទាន់មានទីក្រុងទំនើបអគារខ្ពស់ៗអីច្រើននៅឡើយទេ»។

លោកសន សៀប បានសង្កត់ធ្ងន់បន្ថែមទៀតថា «ចំពោះខ្ញុំទោះផុត៥ឆ្នាំទៀតក៏ដោយក៏វិស័យអចលនទ្រព្យរបស់កម្ពុជានឹងនៅតែមានស្ថានភាពរឹងមាំ»។

ទន្ទឹមនឹងនេះដែរ របាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីខែកក្កដាកន្លងមកបានបង្ហាញថាវិស័យសំណង់តែមួយគត់បានរួមចំណែក ១១,៥ ភាគរយ នៃកំណើនសេដ្ឋកិច្ចជាតិសម្រាប់ឆ្នាំ ២០១៨។

ជាលទ្ធផលយ៉ាងណា យើងនឹងរងចាំតាមដាននាពេលក្រោយបន្ថែមទៀត។

Source From: http://www.construction-property.com/khread-news-1449/

Leave a Reply

Your email address will not be published. Required fields are marked *