News

Check out real estate news updates

តើគួរបោះទុនវិនិយោគសង់ផ្ទះតម្លៃទាប និងមធ្យមនៅតំបន់ណា?

តម្រូវការលំនៅឋានតម្លៃទាប និងមធ្យមនៅកម្ពុជាមានតម្រូវការខ្លាំង ធៀបនឹងតម្រូវការលំនៅឋានតម្លៃខ្ពស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៦លាននាក់។ ហើយតម្រូវការលំនៅឋាននេះ ចេះតែមានតម្រូវច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែចំនួនប្រជាពលរដ្ឋកើនឡើង និងគម្រោងអភិវឌ្ឍន៍ទីក្រុងកាន់តែរីកច​ម្រើនទៅមុន។ តាមការព្យាករណ៍របស់ក្រសួងរៀបចំដែនដី និងនគររូបនីយកម្មបានឱ្យដឹងថា តម្រូវការផ្ទះនឹងមានរហូតដល់៨០ម៉ឺនផ្ទះ នៅឆ្នាំ២០៣០ខាងមុននេះ។

បច្ចុប្បន្ននេះលំនៅឋានភាគច្រើន ត្រូវបានគេបោះទុនអភិវឌ្ឍន៍នៅតំបន់ជាយក្រុង និងទីតាំងអភិវឌ្ឍន៍សំខាន់ផ្សេងទៀត ឬក៏ជាទិសសំខាន់របស់គម្រោងធំៗរបស់រដ្ឋមានគម្រោងព្រលានយន្តហោះ តំបន់ទីក្រុងរណបជាដើម។

តំបន់សក្តានុពលខ្លាំង គឺជាតំបន់នៅជាយក្រុង និងក្បែរតំបន់អភិវឌ្ឍន៍នានា ប្រកែកមិនបានឡើយ។ ជាក់ស្តែងនៅតំបន់ផ្លូវជាតិសំខាន់ៗ មានផ្លូវជាតិលេខ១, ២, ៣,៤, ៥ និងលេខ៦ជាដើម ត្រូវបានគេសង្កេតឃើញថា មានការសាងសង់លំនៅឋានមានសន្ទុះខ្លាំងៗឡើង បន្ទាប់ពីកម្ពុជាជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៨កន្លងមក។ ហើយវាបានក្លាយទៅជាទិសដៅយ៉ាងសំខាន់នៃការអភិវឌ្ឍន៍លំនៅឋានតម្លៃទាប និងមធ្យម។

បន្ថែមពីលើនេះ នៅពេលថ្មីនេះក្រុមហ៊ុនលោកឧកញ៉ាសៀ ឫទ្ធី បានសហការជាមួយក្រសួងរៀបចំដែនដី និងនគររូបនីយកម្ម បានអភិវឌ្ឍន៍លំនៅឋានតម្លៃទាប និងមធ្យមនៅផ្លូវជាតិ២ សម្រាប់បំពេញតម្រូវការដល់ប្រជាពលរដ្ឋភាគច្រើន មិនសូវមានលទ្ធភាពទិញផ្ទះតម្លៃថ្លៃៗ អាចមានលទ្ធភាពទិញសម្រាប់ស្នាក់នៅបាន។

ក៏ប៉ុន្តែតំបន់ជាយក្រុង ឬផ្លូវជាតិសំខាន់ៗ ឱកាសនៃការវិនិយោគទោះមានសក្តានុពលខ្លាំងយ៉ាងណា ក៏មានលក្ខណៈពិសេសប្លែកពីគ្នាផងដែរ វាអាស្រ័យលើគម្រោងមេរបស់រដ្ឋ បើទីណាមានហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងធំៗរបស់រដ្ឋមានដូចជាព្រលានយន្តហោះ រោងចក្រសហគ្រាសធំៗ ទីនោះហើយជាកន្លែងសំខាន់សម្រាប់អភិវឌ្ឍន៍លំនៅឋានតម្លៃទាប និងមធ្យម។

សូមបញ្ជាក់ថា តាមទិន្នន័យនេះ បង្ហាញឱ្យឃើញថា រយៈពេល១៥ ឆ្នាំ (២០១៥-២០៣០) តម្រូវការលំនៅឋាន សម្រាប់តំបន់រាជធានី ក្រុង និង ទីប្រជុំជនមានប្រមាណ ៨០ ម៉ឺនលំនៅឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ ម៉ឺនលំនៅឋាន ក្នុងមួយឆ្នាំ។ ហើយប្រជាជននៅទីក្រុងនឹងកើនឡើងជាង ៨លាននាក់ត្រូវជា ៤៤ % ខណៈលំនៅដ្ឋានកើនឡើងជាង ៨០ម៉ឺនកន្លែង៕

 

Leave a Reply

Your email address will not be published. Required fields are marked *