News

Check out real estate news updates

តើការក្ស័យធនរបស់ក្រុមហ៊ុនចិននឹងជះឥទ្ធិពលយ៉ាងណាដល់វិស័យសំណង់នៅកម្ពុជា?

ដោយសារការរឹតបន្តឹងលើប្រាក់កម្ចីក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន បានធ្វើឲ្យក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ចំនូន ២៧៤ ក្រុមហ៊ុន កាលពីថ្មីៗនេះ បានដាក់ពាក្យស្នើសុំក្ស័យធន ដែលនេះចាត់ទុកថាជាការកើនឡើងជាង ៥០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់សារពត័មាន South China Morning Post របស់ប្រទេសចិន។

ប្រភពដដែលក៏បានរាយការណ៍ផងដែរថា ការក្ស័យធននឹងនៅតែបន្តកើនឡើងប្រសិនជាសេដ្ឋកិច្ចនៅក្នុងប្រទេសចិននៅតែបន្តធ្លាក់ចុះ។ នៅរយៈពេលបីខែ ចាប់ពីខែមីនា ដល់ ខែមិថុនានេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ៦,២ ភាគរយ តែប៉ុណ្ណោះ ដែលជាអត្រាប្រចាំត្រីមាសទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩២ មក ។

ដោយហេតុថាការវិនិយោគភាគច្រើននៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្នគឺជាការវិនិយោគពីប្រទេសចិន  ព្រឹត្តិការណ៍នេះបានបង្កឱ្យមានអ្នកវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាជាច្រើនព្រួយបារម្ភថា តើវានឹងប៉ះពាល់ដល់វិស័យសំណង់នៅកម្ពុជាដែរឬទេ?

បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅដើមខែឧសភានេះ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន អាចនឹងធ្វើឱ្យវិស័យរបស់ប្រទេសកម្ពុជាប្រឈមមុខនឹងហានិភ័យ ជាពិសេសប្រសិនបើស្ថានភាពនេះអូសបន្លាយរយៈពេលវែង។ ទោះបីជាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះក៏ដោយ  ធនាគារពិភពលោកបានក្រើនរំលឹកថា  ការថយចុះរបស់ចិន អាចនឹងធ្វើឲ្យកំណើននេះធ្លាក់ចុះ ។

របាយការណ៍នេះបានសរសេរថា៖ «ដោយសារតែកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើលំហូរទុនវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសចិន ការធ្លាក់ចុះយ៉ាងគំហុកនៃសេដ្ឋកិច្ចចិន អាចបន្ថយក្តីរំពឹងទុកនៃកំណើនសេដ្ឋកិច្ចកម្ពុជា»។

ផ្ទុយទៅវិញ បើវិភាគតាមទិន្នន័យ យើងឃើញថាវិស័យសំណង់នៅកម្ពុជាគឺនៅតែរឹងមាំ។ យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថាតម្លៃនៃការវិនិយោគលើវិស័យសំណង់នៅកម្ពុជាបានកើនឡើងដល់ជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនចំនួននេះគឺកើនឡើង ប្រមាណ ២៤.៥  ភាគរយ បើគិតលើការកើនឡើងនៃចំនួនគម្រោង ឬស្មើនឹង ៥៧.៥៧% បើគិតលើការកើនឡើងនៃតម្លៃ ។

ក្នុងនោះដែរ បើយោងតាមទិន្នន័យដដែលនេះ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ២ ០៤៧ គម្រោង ដែលក្នុងនោះ គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្្ម (ជាពិសេសបុរី) គឺជាគម្រោងដែលបាននាំមុខគេក្នុងការកើនឡើងនេះ គឺមានរហូតដល់ទៅ ១ ៧៤៤គម្រោង។

បើតាមការវិភាគរបស់អ្នកជំនាញ ការវិនិយោគលើបុរីភាគច្រើនគឺទ្រទ្រង់ដោយវិនិយោគិនក្នុងស្រុក ហេតុនេះហើយទើបការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនពំុទាន់ជះឥទ្ធិពលលើវិស័យសំណង់នៅកម្ពុជានៅឡើយទេ។

លើសពីនេះ បើយោងរបាយការណ៍របស់ភ្នាក់ងារវិភាគទីផ្សារអចលនទ្រព្យ CBRE Cambodia ដែលបានចេញផ្សាយកាលពីខែកកក្កដាកន្លងមកនេះ  បានបង្ហាញថា ក្នុងត្រីមាសទី ២ នៃឆ្នាំ២០១៩ វិស័យខុនដូក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ គឺមានរហូតដល់ទៅ ៥៨៥៣ យូនីត ឬកើនឡើងប្រមាណ ២៧,៧ ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសមុន។

ជាមួយគ្នានេះដែរ នាយកក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា  ក៏នៅតែបង្ហាញពីសុទិដ្ឋិនិយមលើវិស័យអចលនទ្រព្យផងដែរ ដោយអះអាងថានៅដំណាក់កាលនេះ ការធ្លាក់ចុះរបស់ប្រទេសចិនមិនទាន់មានផលប៉ះពាល់ដល់ប្រទេសកម្ពុជានៅឡើយទេ។

៉[បើសួរថាតើស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននៅក្នុងប្រទេសចិននឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យនៅកម្ពុជាឬអត់វា] គឺវាអាស្រ័យទៅលើទីផ្សារ បើយើងនិយាយពីទីផ្សារការិយាល័យដូចជាមិនមានបញ្ហាអីនោះទេ ហើយបើសិនជានិយាយពីទីផ្សារលក់រាយក៏មិនឃើញមានចិនមកដែរ …» ។

«ចំពោះលំនៅដ្ឋាន (ខុនដូរ) វាអាចប៉ះពាល់តិចតួច ក៏ប៉ុន្តែ វាអាស្រ័យទៅលើគម្រោងដែរ ហើយប៉ះពាល់ក៏មិនខ្លាំងដែរ។ ប៉ុន្តែ បើទោះបីជាថមថយក៏មិនដល់ចំណុចសូន្យដែរ ឧទាហរណ៍ វាអាចធ្លាក់ពី ២៣ ភាគរយ ទៅ ១៥ ភាគរយ តែប៉ុណ្ណោះ។

ជាសរុប ឆ្លើយតបទៅនឹងសំណួរថាតើការកើនឡើងនៃការក្ស័យធនរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសចិននឹងជះឥទ្ធិពលយ៉ាងដូចម្ដេចដល់វិស័យសំណង់នៅកម្ពុជា គឺមិនអាចឆ្លើយបានក្នុងរយៈពេលខ្លីនោះទេ ទោះបីនៅដំណាក់កាលនេះ ឃើញថាមិនមានការប៉ះពាល់ក៏ដោយ តែក្នុងរយៈពេលវែងប្រសិនបើស្ថានភាពសេដ្ឋកិច្ចចិនបន្តអូសបន្លាយ វាអាចក្លាយជាហានិភ័យមួយដែរ។

More information visit: https://www.construction-property.com/khread-more-1977/

Leave a Reply

Your email address will not be published. Required fields are marked *