News

Check out real estate news updates

តម្លៃ​លំ​នៅ​ឋាន​នៅ​ចិន​ មាន​ស្ថិរ​ភាព ខណៈ​វិ​ធាន​ការ​ទប់​ស្កាត់​នៅ​ជា​ធរ​មាន

ក្រុង​ប៉េ​កាំងៈ តម្លៃ​លំ​នៅ​ឋាន​ថ្មី​​ក្នុង​​ទី​ក្រុង​ធំ​ៗ​របស់​ប្រ​ទេស​ ចិន ​​នៅ​តែ​​មាន​ស្ថិរ​ភាព​ ដោយ​សារ​​​រដ្ឋា​ភិ​បាល​បាន​បន្ត​អនុ​វត្ត​បទ​ប្ប​ញ្ញត្តិ​ថ្មី ប៉ុន្តែ​លំ​នៅ​ឋាន​នៅ​ទី​ក្រុង​តូច​ៗ បាន​បង្ហាញ​សញ្ញា​នៃ​ការ​កើន​ឡើង​​លឿន​​ជាង​មុន។​

ទិន្ន​ន័យ​ដែល​ទទួល​បាន​ពី​ការិ​យា​ល័យ​ជាតិ​ស្ថិតិ​ (NBS) បង្ហាញ​កាល​ពី​ចុង​សប្តាហ៍​​​មុន​​ថា​ ជា​រៀង​រាល់ខែ តម្លៃ​​លំ​នៅ​ឋាន​ថ្មី​​នៅ​ទី​ក្រុង​ចំ​នួន​ ៦៧ ក្នុង​ចំ​ណោម​ទី​ក្រុង​​ធំ​ៗ ៧០ ដែល​ត្រូវ​បាន​ត្រួត​ពិ​និត្យ​ដោយ​រដ្ឋា​ភិ​បាល បាន​កើន​ឡើង​កាល​​ពី​ខែ​សី​ហា ធៀប​​នឹង​ទី​ក្រុង​​ចំនួន ៦៥ កាល​ពី​ខែ​កក្កដា។ មាន​ទី​ក្រុង​ សៀ​មិន​ ខេត្ត​ ហ៊្វូ​ជៀន ​​តែ​មួយ​ប៉ុណ្ណោះ​ បាន​កត់​ត្រា​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​។​

ទី​ក្រុង​ថ្នាក់​ទី ១ ចំ​នួន ៤ គឺ​ទី​ក្រុង​ ប៉េកាំង ស៊ាង​ហៃ ហ្សិន​ចិន និង​ក្វាង​ចូវ បាន​មើល​ឃើញ​​តម្លៃ​លំ​នៅឋាន​ថ្មី​កើន​ឡើង ០,៣​ ភាគ​រយ​កាល​ពី​ខែ​សី​ហា​ ធៀប​នឹង​​កំ​ណើន ០,២ ​ភាគ​រយ​កាល​ពី​ខែ​កក្កដា​។​

លោក Liu Jianwei អ្នក​ ជំ​នាញ​ស្ថិតិ​ជាន់​ខ្ពស់​នៅ​ការិ​យា​ល័យ NBS បាន​​ឲ្យ​ដឹង​ថា កំ​ណើន​តម្លៃ​នៅ​ទី​ក្រុង​តូច​ៗ រឹង​មាំ​ជាង​នៅ​ទី​ក្រុង​ធំ​ៗ​។ តម្លៃ​លំ​នៅ​ឋាន​ថ្មី​​​នៅ​ទី​ក្រុង​ថ្នាក់​លេខ​ ៣ ​ចំ​នួន ៣៥ កាល​ពី​ ខែ​សី​ហា​បាន​កើន​ឡើង ២​ ភាគ​រយ​ធៀប​នឹង​ខែ​កក្កដា ដែល​កើន​ឡើង​ពី​កំ​ណើន ១,៥ ​ភាគ​រយ​កាល​ពី​ខែ​កក្កដា​។​

ធៀប​នឹង​រយៈ​ពេល​ ១ ​​ឆ្នាំ​កន្លង​​មក ទី​ក្រុង​ចំ​នួន ៦៨ បាន​ចុះ​បញ្ជី​កំ​ណើន​តម្លៃ​ ដោយ​​ទី​ក្រុង​ហៃ​គូ និង​សាន​យ៉ា ​ក្នុង​ខេត្ត ​ហៃ​ណាន ​ភាគ​ខាង​ត្បូង​ប្រ​ទេស​​បាន​​នាំ​មុខ​កំ​ណើន​នេះ ដែល​តម្លៃ​ក្នុង​​ទី​ក្រុង​ហៃ​គូ​​បាន​កើន​ឡើង ២១,​៤ ​ភាគ​រយ​ និង​ក្នុង​ទី​ក្រុង​សាន​យ៉ា​បាន​កើន​ឡើង ​​២១,២ ភាគ​រយ។​​

តម្លៃ​លំ​នៅ​ឋាន​ថ្មី​ជា​មធ្យម​​នៅ​ទី​ក្រុង​ធំ​ៗ​ចំ​នួន ៤ ក្នុង​រយៈ​​ពេល​ ៨ ខែ​ដំ​បូង​បាន​ធ្លាក់​ចុះ​ ០,១​ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​​កាល​ពី​ឆ្នាំ​មុន ​​ធៀប​​​នឹង​កំ​ណើន​ ១៤,​៦ ​ភាគ​រយ​ ក្នុង​អំ​ឡុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១​៧​។​

ការណ៍​នេះ​​បាន​កើត​មាន​​ឡើង បន្ទាប់​ពី​ទិន្ន​ន័យ​ធនា​គារ​កណ្ដាល​​​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ​ថា កម្ចី​គ្រួ​សារ​ថ្មី​​ដែល​ភាគ​ច្រើន​ជា​កម្ចី​ទិញ​ផ្ទះ​ បាន​កើន​ឡើង​ដល់ ៧០១,២​ ពាន់​លាន​យន់ (ប្រ​ហែល ១០២,៥ ​ពាន់​លាន​ដុល្លារ​អា​មេ​រិក​) កាល​ពី​ខែ​សី​ហា ដែល​កើន​ឡើង​ពី​ ៦៣៤,៤ ពាន់​​លាន​យន់​កាល​ពី​​ខែ​កក្កដា​។​

​ក្នុង​អំ​ឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ តម្លៃ​លំ​នៅ​ឋាន​កើន​ឡើង​ខ្លាំង​ ជា​ពិ​សេស​​នៅ​ទី​ក្រុង​ធំ​ៗ ដែល​បាន​ជំ​រុញ​ដោយ​​ការ​បា​រម្ភ​អំ​ពី​ការ​កើត​មាន​វិ​បត្តិ​កំ​ណើន​ថ្លៃ​។ ដើ​ម្បី​ទប់​ស្កាត់​ការ​កេង​ចំ​ណេញ​ប្រទេស ចិន ​​បាន​ដាក់​ចេញ​វិ​ធាន​ការ​គ្រប់​គ្រង​ជា​ច្រើន​ ដែល​រួម​មាន​​ការ​រឹត​បន្តឹង​លើ​​ការ​ទិញ និង​ការ​បង្កើន​ប្រាក់​កក់​ដំ​ណាក់​កាល​ដំ​បូង​អប្ប​បរ​មា​សម្រាប់​កម្ចី​ទិញ​ផ្ទះ។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​របស់​កា​រិ​យា​ល័យ​នយោ​បាយ​​នៃ​គណៈ​កម្មា​ធិ​ការ​កណ្ដាល​គណ​បក្ស​កុម្មុយ​នីស្ដ​ចិន​កាល​ពី​ខែ​សី​ហា​ អា​ជ្ញា​ធរ​របស់​រដ្ឋា​ភិ​បាល​កណ្ដាល​ បាន​ប្ដេ​ជ្ញា​​​គ្រប់​​​​គ្រង​សណ្ដាប់​ធ្នាប់​ទី​ផ្សារ​អ​ចល​ន​ទ្រព្យ និង «​ទប់​ស្កាត់​យ៉ាង​តឹង​រ៉ឹង​លើ​កំ​ណើន​តម្លៃ​លំ​នៅ​ឋាន»៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *