News

Check out real estate news updates

តម្លៃ​ជួល​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត កើនឡើង​យ៉ាងគំហុក

ភ្នំពេញ៖ ស្របពេល​នឹង​កំនើន​នៃ​ការវិនិយោគ​របស់​ចិន​បាន​កើនឡើង បានធ្វើ​ឲ្យ​តម្លៃ​ជួល​អចលនទ្រព្យ​លំនៅដ្ឋាន ការិយាល័យ​កើនឡើង​យ៉ាងគំហុក នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកវិនិយោគ​គំរោង​បុរី​លំនៅដ្ឋាន​មួយរូប នៅ​ក្រុង​ប៉ោយប៉ែត លោក សុខ ហ៊ាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៣១ តុលា​កន្លងមក​ថា តម្លៃ​ជួល​លំនៅដ្ឋាន និង​អាគារ​ការិយាល័យ​បាន​កើនឡើង​ខ្ពស់​នៅ​ឆ្នាំនេះ ដោយ​ផ្ទះល្វែង​កាលពីមុន​អាច​ជួល​បាន១៥០ដុល្លារ បច្ចុប្បន្ន​តម្លៃ​ជួល​បាន​កើន​ឡើងដល់​ចន្លោះ​ពី៧០០ ទៅ៨០០ដុល្លារ​អាមេរិក ក្នុង​មួយខែ។លោក​បន្តថា ចំណែក​អាគារ​ការិយាល័យ​សម្រាប់​ជួល បាននិងកំពុង​ខ្វះខាត​យ៉ាងច្រើន​ផងដែរ ដោយសារ​កំនើន​នៃ​ការវិនិយោគ​របស់​អ្នកវិនិយោគ​ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី​ជាដើម។

លោក​បន្តថា “បច្ចុប្បន្ន​អាគារ​ការិយាល័យ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​វឌ្ឍនៈ កំពស់១២ជាន់​បាននិងកំពុង​សាងសង់ ប៉ុន្តែ​ទោះជា​បញ្ចប់​ការសាងសង់​ក្តី ក៏​ការផ្គត់ផ្គង់​មិន​ឆ្លើយតប​នឹង​តម្រូវការ​នោះដែរ។លោក​បន្តថា “បន្ទប់​សណ្ឋាគារ និង​ផ្ទះ​សម្រាប់​ជួល​ក៏​កំពុងមាន​ការខ្វះខាត​ជាប្រចាំ​ផងដែរ។

លើសពីនេះ​ក្រុង ដែលមាន​ការរីកចម្រើន​យ៉ាង​លឿន​នេះ ក៏​បាននិងកំពុង​ខ្វ​អ​ខាត​ធនធានមនុស្ស​យ៉ាងខ្លាំង និង​ខ្វះ​គ្រប់ផ្នែក រាប់ទាំង​បុគ្គលិក​ធម្មតា ទាំង​គណនេយ្យ អ្នកគ្រប់គ្រង កម្មករ​ធ្វើ​ការងារ​ក្នុង​វិស័យ​សំណង់​ជាដើម។ ឆ្លើយតប​កង្វះខាត​នេះ បានធ្វើ​ឲ្យ​តម្លៃ​កំលាំង​ពលកម្ម​បាន​កើនឡើង​យ៉ាងគំហុក។

លោក សុខ ហ៊ាង បាន​បន្តថា ដោយសារ​មានការ​រីកចម្រើន​និង​កំនើន​នៃ​ការវិនិយោគ បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត កំពុងមាន​អាគារខ្ពស់ថ្មីៗជាច្រើន ដោយ​អាគារ​ចាប់ពី​កំពស់៥ដល់​ជាង២០ជាន់​មាន​ប្រមាណ៦០អាគារ​ហើយ ក្នុងនោះ​អាគារ​កំពស់១០ជាន់​មាន៦អាគារ និង​អាគារ​កំពស់២០ជាន់​មាន​ចំនួន៦អាគារ និង​មាន​បុរី​លំនៅដ្ឋាន​កំពុង​សាងសង់​ចំនួន១០គំរោង។

លោក​សាន ស៊ា​ង​ហូ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​មានប្រសាសន៍ថា ក្រុង​ប៉ោយប៉ែត​ពិតជា​មានការ​រីកចម្រើន​លឿន ដោយសារ​កំនើន​នៃ​ការវិនិយោគ​ចិន ដែល​ធ្វើ​ឲ្យ​មានការ​ខ្វះខាត​អាគារ​សម្រាប់​ជួល និង​ស្នាក់នៅ​ជាប្រចាំ ប៉ុន្តែ​ការវិនិយោគ​បានចាប់ផ្តើម​ដោយ​ចាប់ពី​ឆ្នាំ២០១៩ខាងមុខ​ទៅ ក្រុង​ប៉ោយប៉ែត​នឹងមាន​អាគារ​កំពស់​ចាប់ពី២០ទៅ៣០ជាន់​ហើយ។

លោក​បន្តថា “ជាមួយនឹង​កំនើន​នៃ​ការវិនិយោគ បានធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​ភាព​រីកចម្រើន និង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​មានការ​កើនឡើង​យ៉ាងខ្លាំង​ផងដែរ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *