News

Check out real estate news updates

តម្លៃដីធ្លីនៅក្រុងប៉ោយប៉ែតកើនឡើងលើសទ្វេរដងក្នុងឆ្នាំនេះ

ភ្នំពេញ : ដោយសារកំនើនប្រជាសាស្រ្ត និងការវិនិយោគរបស់ចិន និងហេដ្ឋារចនាសម្ព័ន្ឋកាន់តែមានភាពប្រសើរឡើង បានធ្វើឲ្យតម្លៃដីធ្លីនៅក្រុងប៉ោយប៉ែតបានកើនឡើងច្រើនជាងទ្វេរដងក្នុងឆ្នាំ២០១៨នេះ។

អភិបាលក្រុងប៉ោយប៉ែត លោកសាន ស៊ាងហូបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាដើមសប្តាហ៍នេះថា តម្លៃដីនៅក្រុងប៉ោយប៉ែតពិតជាបានកើនឡើងខ្ពស់ ដោយសារកំនើននៃការវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ឋកាន់តែល្អប្រសើរ។ បច្ចុប្បន្នផ្លូវដីនៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានចាក់ថ្មមិច ដែលជាផ្នែកមួយធ្វើឲ្យតម្លៃដីធ្លីមានការកើនឡើងខ្លាំងផងដែរ។

លោកបន្តថា “នៅនៅតំបន់ពាណិជ្ជកម្មនានា បានកាលពីឆ្នាំមុនមានតម្លៃចន្លោះ៥០០ទៅ៦០០ដុល្លារ បច្ចុប្បន្នបានកើនឡើងដល់ចន្លោះពី១០០០ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

លោកបន្តថា “លើសពីនេះដីនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលពីមុនមានតម្លៃ៧០ទៅ៨០ដុល្លារ បានកើនឡើងពី១៥០ទៅ២០០ដុល្លារ។ រីឯដីព្រៃពីមុនមានតម្លៃចន្លោះពី៣ទៅ៥ដុល្លារបានកើនឡើងរហូតដល់៣០ទៅ៤០ដុល្លារក្នុងមួយម៉ែត្រការ៉េផងដែរ”។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ និងព្រលានយន្តហោះក្រុងប៉ោយប៉ែតបាននិងកំពុងត្រៀមសាងសង់ នឹងធ្វើឲ្យតម្លៃដីធ្លីក្នុងទីក្រុងនេះ កើនឡើងបន្ថែមទៀតនាពេលអនាគត។

យោងរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា បច្ចុប្បន្នក្រុងប៉ោយប៉ែតមានអាគារកំពស់ចាប់ពី៥ជាន់ ដល់ជាង២០ជាន់មានជាង៦០អាគារ និងមានបុរីលំនៅដ្ឋានចំនួន១០កំពុងសាងសង់។

រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាតំបន់សម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ពិសេសមួយ តាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ បានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០១៥។

តាមការឲ្យដឹងពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានឲ្យដឹងថា ការចចារដើម្បីភ្ជាប់បណ្តាញផ្លូវរថភ្លើងជាមួយប្រទេសថៃបានបញ្ចប់ហើយ ដែលនៅពេលខាងមុខ ខ្សែរត់ភ្លើងពីប្រទេសថៃ នឹងភ្ជាប់មកកម្ពុជាដែលជាការតភ្ជាប់ដ៏សំខាន់នៃខ្សែរថភ្លើង ក្នុងគំរោងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៕

Leave a Reply

Your email address will not be published. Required fields are marked *