News

Check out real estate news updates

ដំណោះស្រាយបន្ទាន់ៈក្រសួងទេសចរណ៍គ្រោងស្នើកញ្ចប់ថវិកាជាតិដើម្បីស្តារ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រសួងនឹងដាក់សំណើសុំកញ្ចប់ថវិកាពិសេសពីរដ្ឋាភិបាល ដើម្បីកែលម្អផ្លូវថ្នល់និងលូ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះ ត្រូវរងការខូចខាតស្ទើរតែទាំងស្រុង។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី៤ តុលានេះថា លោកនឹងស្នើសុំកញ្ចប់ថវិកាពិសេសមួយ ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីកែលម្អ ស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ និងបរិស្ថានឱ្យក្លាយជាទីក្រុងបៃតង ដើម្បីលើកមុខមាត់វិស័យទេសចរណ៍ អភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាពិសេសកសាងសង្គមប្រកបដោយបរិស្ថានល្អ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិនៅពេលខាងមុខ។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណាជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមនៅក្នុងខេត្តព្រះសីហនុ ឱ្យយកចិត្តទុកដាក់បន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការប្រមូលសំរាម និងកាកសំណល់នៅក្នុងទីក្រុង ព្រោះថាបើប្រមូលមិនបានល្អទេ ពេលមានភ្លៀងធ្លាក់សំរាម និងកាកសំណល់ នឹងហូរតាមទឹកមកទើរនៅតាមដងផ្លូវមិនខាន។ ម្យ៉ាងវិញទៀត ការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យមានលក្ខណៈធម្មជាតិ ចាំបាច់ត្រូវដោះស្រាយបញ្ហាសំរាម និងរៀបចំបរិស្ថានឱ្យបានល្អ ខណៈការដោះស្រាយបញ្ហាផ្លូវថ្នល់ និងប្រព័ន្ធលូក៏ជាចំណុចអាទិភាព សម្រាប់ការអភិវឌ្ឍខេត្តដែលមានសក្តានុពលទេសចរណ៍មួយនេះដែរ។
ក្រៅពីលើកឡើងពីការស្តារហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏ប្រាប់ទៅស្ថាប័នពាក់ព័ន្ធ ឱ្យខិតខំទប់ស្កាត់សំណង់អនាធិបតេយ្យ និងគ្រប់គ្រងការដ្ឋានសាងសង់ឱ្យបានល្អ។
ជាការកត់សម្គាល់ ខេត្តព្រះសីហនុ បច្ចុប្បន្នបានក្លាយជាគោលដៅក្ដៅសម្រាប់ភាគីពាក់ព័ន្ធស្ទើរគ្រប់វិស័យ ដោយសារមានការរិះគន់ថា បានបាត់បង់សោភ័ណភាពក្នុងទីក្រុង និងបញ្ហាអសន្តិសុខ។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនចំនួន៦សិក្សា ពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ តាមសំណើរបស់ក្រុមហ៊ុនចិនទាំងនោះ បន្ទាប់ពីរងការខូចខាតស្ទើរតែទាំងស្រុង។
ចំណែកឯក្រសួងមហាផ្ទៃ កាលពីចុងខែសីហា ក៏បានបញ្ជូនក្រុមការងារពីភ្នំពេញ ចុះទៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ ក្រោយពីមានបញ្ហាអសន្តិសុខកើតឡើងជាបន្តបន្ទាប់ ដែលត្រូវបានគេដឹងថាបង្កឡើងដោយជនជាតិចិន។
ខេត្តព្រះសីហនុមានអាជីវកម្មសរុបចំនួន៨៧០ទីតាំង កើនឡើង៨៣ទីតាំង ស្មើនឹង ១០.៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្តនេះមានសណ្ឋាគារចំនួន៨៨ ផ្ទះសំណាក់ចំនួន៣១១ បឹងហ្គាឡូ១០ភោជនីយដ្ឋាន និងអាហារដ្ឋាន ២៩១និងបណ្តាមូលដ្ឋានអាជីវកម្មផ្សេងៗទៀតជាច្រើនកន្លែង។ បើតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០៣០ខាងមុខ ខេត្តព្រះសីហនុត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ៣លាននាក់៕

 Source From: https://www.propertyarea.asia/

Leave a Reply

Your email address will not be published. Required fields are marked *