News

Check out real estate news updates

ដំណឹងល្អ! បារាំងនឹងសិក្សាពីលទ្ឋភាពពង្រីកផ្ទៃក្រឡាក្រុងភ្នំពេញបន្ថែមទៀត

ភ្នំពេញ : មន្រ្តីជំនាញជាន់ខ្ពស់នៃប្រទេសបារាំង បានយល់ស្របទៅតាមសំណើររបស់លោក ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ទៅលើការសិក្សាគម្រោងពង្រីករាជធានីភ្នំពេញ ឱ្យមានទំហំធំជាងពេលបច្ចុប្បន្ន ខណៈដែលកំណើនរបស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអ្នកវិនិយោគចម្រុះជាតិសាសន៍ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។

ការយល់ស្របតាមសំណើរខាងលើនេះ ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ឃួង ស្រេង ដោយអមដំណើរដោយលោក ចែម វីឌ៉្យា​ ឯកអគ្គរាជទូតកម្ពុជា ប្រចាំ​សាធារណ​រដ្ឋ​បារាំង និងគណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ ចូលជួប​ជាមួយ​លោកស្រី Pauline CARMONA អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូសេអានី នៃ​ក្រសួង​កិច្ចការ​បរទេស​សាធារណរដ្ឋ​បារាំង។​
ក្នុង​ជំនួប​ពិភាក្សា​ការងារ លោក ឃួង ស្រេង បានលើកឡើងអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់កម្ពុជា-បារាំង ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងបានថ្លែង​អំណរគុណដល់រដ្ឋាភិបាលបារាំង ក៏ដូច​ជា​ទីក្រុងប៉ារីស ដែលបានផ្ដល់ជំនួយជា​បន្តបន្ទាប់​ រួម​មានទាំងជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ​ក៏ដូច​ការ​បណ្ដុះបណ្ដា​ល​​ធនធាន​មនុស្ស​ដល់​រដ្ឋបាល​រាជធានីភ្នំពេញ ក្នុង​ក្រមខណ្ឌកិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​នាពេល​កន្លង​មក។

ឆ្លៀតក្នុងឱកាស​នោះផងដែរ លោកក៏បាន​ស្នើដល់ក្រសួង​កិច្ចការបរទេស​នៃ​សាធា​រណ​រដ្ឋ​បារាំង តាមរយៈ​លោកស្រី CARMONA និង​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូសេអានី បន្តការ​គាំទ្រ​បន្ថែម​ទៀតលើកិច្ចការ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាងកម្ពុជា-បារាំង និង​រាជធានីភ្នំពេញ-ទីក្រុងប៉ារីស ព្រម​ទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ដែល​អាចជួយឲ្យរាជធានី​ភ្នំពេញ​អាច​ក្លាយជាទីក្រុង​បៃតង និង​ទីក្រុង​ឆ្លាតវៃ​នាពេល​អនាគត។
ជាកិច្ចឆ្លើយតប លោកស្រី Pauline CARMONA ក៏បានសន្យាផ្តល់មន្ត្រីជំនាញរបស់ខ្លួនចុះធ្វើការសិក្សាស្រាវជ្រាវនៅក្នុងតាមតំបន់ជាយរាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឍ និងពង្រីកទំហំរាជធានីភ្នំពេញឱ្យធំជាងពេលបច្ចុប្បន្ន ជាពិសេសនៅតំបន់ភាគខាងត្បូង ឱ្យក្លាយជាទៅជាតំបន់ទីក្រុងបៃតង និងជាទីក្រុងឆ្លាតវៃ (smart city) ដែលមា​នប្រមូលផ្តុំទៅដោយអាគារធំៗទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ជាដើម។

បច្ចុប្បន្នទីក្រុងភ្នំពេញមានផ្ទៃក្រឡាសរុប៦៧៨គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅប្រមាណ២លាននាក់។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានព្យាករណ៍ថា ទីក្រុងភ្នំពេញ នឹងមានមនុស្សរស់នៅកើនឡើងដល់៤,៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខនេះ ដែលជាពេលវេលាធ្វើឲ្យទីក្រុងនេះកាន់តែមមាញឹក និងប្រឈមមុខនឹងការកកស្ទះ​ចរាចរកាន់តែខ្លាំង៕

 

Leave a Reply

Your email address will not be published. Required fields are marked *