News

Check out real estate news updates

ដំណឹងល្អសម្រាប់អ្នករកស៊ី! កម្ពុជាទទួលគម្រោងវិនិយោគថ្មីៗចំនួន១១៥បន្ថែមទៀតហើយ

ត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទទួលគម្រោងវិនិយោគចំនួន ១១៥ ដែលមានទំហំទឹកប្រាក់វិនិយោគ ប្រមាណ ៤ពាន់លានដុល្លារ លើវិស័យសំខាន់ៗដែលមានសក្តានុពល ដែលជាសញ្ញាល្អសម្រាប់កំណើនការអភិវឌ្ឍន៍ ជាពិសេសអ្នករកស៊ីទូទៅនៅកម្ពុជាតែម្តង។

ក្នុងជំនួបរវាងសម្តេចហ៊ុន សែន និងនាយករដ្ឋមន្ត្រីនេប៉ាល់ បានមានប្រាសាសន៍ថា ក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោងទុក ៧,១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩ នេះ។

ហើយកម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ។ ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។

ជាក់ស្តែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ(២០១៤-២០១៨)ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិកដែលអាចបង្កើតការងារចំនួន ១លានកន្លែង។

ដោយឡែក ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារអាមេរិកបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។

ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ១,៨៨លាននាក់ មានការកើនឡើង ៩,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ យើងរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាយើង មានអភិវឌ្ឍន៍លឿននៅតំបន់ប៉ូលសំខាន់ ភ្នំពេញ ព្រះសីហនុ សៀមរាប និងតំបន់ផ្សេងៗទៀត ដែលរីកចម្រើនខ្លាំងវិស័យសំណង់ និងអចលនទ្រព្យដែលមានការវិនិយោគរកស៊ីច្រើនជាងពីសំណាក់បរទេស គឺប្រទេសចិនតែម្តង។ ហើយការវិនិយោគកាន់តែច្រើននេះ បានធ្វើឱ្យអ្នករកស៊ីក្នុងស្រុកមានឱកាសរីកចម្រើនកាន់តែខ្លាំងផងដែរ៕

Source From: https://www.business-cambodia.com/public/article/new-projects-115-invest-in-cambodia

Leave a Reply

Your email address will not be published. Required fields are marked *