News

Check out real estate news updates

ដំណាក់​កាលទី១ នៃគម្រោង​ព្រលាន​យន្តហោះ​សៀមរាប មានការ​សង់​ផ្លូវ​រត់​ល្បឿនលឿន និង​ស្ថានីយអ្នកដំណើរ​ដ៏ធំ

ក្នុង​ដំណាក់​កាលទី១ នៃ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ គឺ​មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៨៥០លានដុល្លារ និងមានការសាងសង់​ផ្លូវ​រត់​ល្បឿនលឿន ទំហំ ៣៦០០ម៉ែត្រ គុណ ៤៥ម៉ែត្រ​មួយផ្លូវ និង​ប៉ារ៉ាឡែល​សម្រាប់​យន្តហោះ​ធ្វើការ​ហោះហើរ និង​ចុះចត និង​ចំណត​យន្តហោះ ព្រមទាំងមាន​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ពាក់ព័ន្ធ​ផ្សេងៗ និង​បរិក្ខារជំនួយ ស្ថានីយ​អ្នក​ដំណើរ​ដែលមាន​ទំហំ ៥០ពាន់​ម៉ែត្រ​ក្រឡា។

ការ​លើកឡើង​ខាងលើនេះ​ធ្វើឡើង​ដោយលោក Lu Yanwen ប្រធាន​ក្រុមហ៊ុន​យូណាគ្រុប​ខូអិលធីឌី ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប​អង្គរ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ​២០១៩ នៅសាលា​ខេត្ត​សៀមរាប។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំ​របស់​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប និង​មានការ​ចូលរួមពី​លោក តឹករ៉េត សំរេច ប្រធាន​គណៈ​កម្មការ​តម្រង់​ទិស​ការ​សាងសង់ និង ជារដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជារដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។

លោក Lu Yanwen បានគូស​បញ្ជាក់​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ជាគម្រោង​ដ៏សំខាន់​ដែល​បាន​គាំទ្រដោយ​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា ចិន ក្នុងគោល​នយោបាយ​ខ្សែក្រវាត់មួយ និង ផ្លូវមួយ។ ហើយនៅ​ថ្ងៃទី ១៣ តុលា ឆ្នាំ​២០១៦ Yuntouគ្រុប និង ទីស្តីការ​គណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​ចុះ​ហត្ថលេខា ព្រមព្រៀង BOT ស្តីពី​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន និង លោក​ប្រធានាធិបតី ស៊ី ជីងពីង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោកបាន​បញ្ជាក់​ថា គម្រោង​សាងសង់​ព្រលានយន្ត​ហោះ​នេះ មាន​ចម្ងាយ​ពី​ក្រុងសៀមរាប ៥១​គីឡូម៉ែត្រ ដែលមាន​ទីតាំង​នៅជាប់​ព្រំប្រទល់​ស្រុកបី គឺស្រុក​សូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយ នៅលើ​ផ្ទៃដី​សរុប ៧០០​ហិកតា។ ការ​សាងសង់​តាម​ស្តង់ដារ​រចនាបថ​អាកាសយាន​ដ្ឋាន លំដាប់ថ្នាក់​ទី 4E ដែលអាច​ប្រតិបត្តិការ​យន្តហោះ​ខ្នាតធំ​មាន​លេខ​កូដE ។ ម៉្យាងទៀត​តាមកំណើន​នៃ​ចរាចរណ៍​ផ្លូវ​អាកាស​នាពេល​អនាគត ព្រលាន​នេះ នឹង​ត្រូវធ្វើការ​ពង្រីក​ទៅជា​អាកាសយានដ្ឋាន​ប្រភេទ4F។

គម្រោង​នេះ ប្រតិបត្តិកា​រតាម​កម្មវិធី BOT ដែលមាន​ការវិនិយោគ​ដោយ Yuntou គ្រុប យូណាន វិនិយោគបរទេស និង យូណាន​ព្រលាន​យន្តហោះ​គ្រុប ដែលបាន​បណ្តាក់ទុន​វិនិយោគ ២២០លាន​ដុល្លា ដើមី្ប​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ អ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី (ហៅកាត់​ក្រុមហ៊ុន​អង្គរ) ដែលមាន​ការ​ទទួលខុស​ត្រូវ​ចំពោះ​ការវិនិយោគ​លើគម្រោង​សាងសង់ និង​គ្រប់គ្រង​ប្រតិបត្តិការ ។

លោក Lu Yanwen បន្ថែម​ថា រយៈពេល​នៃការ​សាងសង់ និង​ប្រតិបត្តិការ​គម្រោង​សរុប ​៥៥ឆ្នាំ ហើយ​រយៈពេល​នៃការ​សាងសង់​ដោយ​រំពឹងថា​ប្រើរយៈពេលពី ៣ឆ្នាំទៅ៥ឆ្នាំ។ អាកាសយានដ្ឋាន​នេះ ក្នុងមួយឆ្នាំ​ អាច​បម្រើ​សេវាកម្ម​ភ្ញៀវទេសចរ​ពី ៧លានទៅ១០លាន​នាក់​។

នៅពេល​បញ្ចប់​គម្រោង​នេះ នឹង​បង្កើន​នូវ​សមត្ថភាព​ដឹកជញ្ជូន​នៅ​កម្ពុជា ឲ្យកាន់​តែល្អប្រសើរ​ជាងមុន និង​ជំរុញ​សក្តានុពល​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន នៅក្នុង​តំបន់ ព្រមទាំង​ផ្តល់​ផលប្រយោជន៍​ដល់ការ​ការពារ​ប្រវត្តិសាស្ត្រ​អង្គរ និង​បាន​ពង្រឹងកិច្ច សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច អនុតំបន់​ទន្លេ​ឡានឆាង​មេគង្គ និង​ការ​អភិវឌ្ឍ​បន្ថែម លើ​កិច្ច​ទំនាក់ទំនង​ជា​មិត្តភាព និង​ធ្វើឲ្យ ចំណង​មិត្តភាព​កម្ពុជា-ចិន កាន់តែមាន​ភាពរឹងមាំ និង​ជាបងប្អូន​តែមួយ​ទៀតផង៕

Source From: http://kleykley.sabay.com.kh/article/1133413#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *