News

Check out real estate news updates

ជប៉ុនអាចនឹងវិនិយោគវិស័យសំណង់ជាមួយបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យសំណង់មានគុណភាពខ្ពស់

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទី តូច ចាន់កុសល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រឹក្សាធុរកិច្ចអង្គការ JCIA ដឹកនាំដោយលោក Takeshi Saito ដើម្បីជំនួបពិភាក្សានេះធ្វើឡើងដើម្បីស្ដាប់ការធ្វើបទបង្ហាញរបស់តំណាងអង្គការ JCIA អំពីឧបករណ៍បច្ចេកវិទ្យាសម្រាប់ពិសោធន៍ដី មុននឹងធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាស្វែងរកសក្ដានុពល និងឱកាសវិនិយោគលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាផងដែរ។ នេះបើយោងតាមក្រសួងសាធារណៈការ និងដឹកជញ្ចូនកម្ពុជា។

តំណាងកម្ពុជាបានសម្ដែងការស្វាគមន៍ចំពោះគម្រោងនេះ ព្រោះថាក្រសួងសាធារណការ និងដឹកជញ្ជូនមានតួនាទីក្នុងការសាងសង់ផ្លូវ ស្ពាន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀតជាច្រើន។ បើមានឧបករណ៍ទំនើបសម្រាប់ពិសោធន៍ដី នោះនឹងធ្វើឱ្យគុណភាពសំណង់ទាំងនោះរឹតតែមានគុណភាពថែមទៀត។

កម្ពុជាបានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលមានបំណងមកវិនិយោគលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា និងស្នើឱ្យអង្គការនាំយកឧបករណ៍បច្ចេកទេសទាំងនោះមកកម្ពុជាដើម្បីធ្វើពិសោធន៍ ព្រមទាំងស្នើឱ្យអង្គការជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញរបស់ក្រសួង(នៅប្រទេសជប៉ុន) ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឧបករណ៍ទំនើបនោះ។

សូមបញ្ជាក់ថា៖ អង្គការ JCIA គឺជាអង្គការមនុស្សធម៌ មានទីស្នាក់ការនៅប្រទេសជប៉ុន និងបានចុះពិធីសារកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្នុងភាពជាដៃគូតាំពីឆ្នាំ១៩៩៦។ អង្គការនេះកំពុងបន្តការគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ពោធិ៍សែនជ័យ លើកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជាកាត់ដេរសម្លៀកបំពាក់ ជួសជុលម៉ូតូ និងម៉ាស៊ីនធុនតូច ជួសជុលទូរទស្សន៍ និងបរិក្ខាអគ្គិសនី កាត់សក់ ជួសជុលទូរសព្ទ បង្រៀនកុំព្យូទ័រ ភាសាអង់គ្លេស ភាសាជប៉ុន សំណង់ និងបដិសណ្ឋារកិច្ចជាដើម៕

Source From: https://www.business-cambodia.com/public/article/japan-invest-construction-in-cambodia

Leave a Reply

Your email address will not be published. Required fields are marked *