News

Check out real estate news updates

ជប៉ុនបេ្តជ្ញាជួយអភិវឌ្ឍ និងធ្វើទំនើបកម្មកំពង់ផែទឹកជ្រៅកម្ពុជា

រាជរដ្ឋាភិបាលជប៉ុនបានប្រកាសជាបន្តបន្ទាប់ពីការប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍កំពង់ផែព្រសីហនុ តាមរយៈជំនួយឥតសំណង និងជំនួយបច្ចេកទេស ដើម្បីលើកកំពស់សមត្ថភាពកំពង់ផែ និងវិស័យភស្តុភារនៅកម្ពុជា។

នៅក្នុងជំនួបជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គរាជទូតជប៉ុន HORINOUCHI Hidehisa បញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍កំពុងផែព្រះសីហនុ។

លោកបន្តជួយគាំទ្រក្នុងការជួយសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយការសិក្សារួមបញ្ជូលរវាងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសទៅក្នុងការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។

តាមរយៈកិច្ចសហប្រតិបតិ្តការនេះ ជប៉ុននឹងជួយសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ ដោយការសិក្សារួមបញ្ជូលរវាងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចកំពង់ផែព្រះសីហនុ ទៅក្នុងការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ។
កាលពីថ្ងៃទី៤ ខែមិថុនា កម្ពុជា និងជប៉ុនបានចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការលើភាពជា ដៃគូយុទ្ធសាស្រ្ត កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វីក របស់ JICA ។

ចុះហេត្ថលេខាដោយ លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Shigenori Ogawa អគ្គនាយកទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិរបស់ JICA អនុស្សារណនេះ មានគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាង JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍កំពង់ផែ និងភស្ដុភារកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់JICA។

ការប្រកាសពីជំហរបន្តគាំទ្រអភិវឌ្ឍកំពុងផែព្រះសីហនុនេះ របស់ស្ថានទូតជប៉ុន និងអង្គការJICA ធ្វើឡើងបន្ទាប់ពីជំនួបទ្វេភាគីរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៣១ខែឧសភា នៅទីក្រុងតូក្យូ  ដែលភាគីជប៉ុនប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍន៍កំពង់ផែព្រះសីហនុបន្ថែមទៀត ក្នុងនោះរួមមានទាំងការរៀបចំផែនការមេសម្រាប់អភិវឌ្ឍកំពង់ផែផងដែរ។

ក្នុងជំនួបនោះផងដែរ ក៏មានការចុះកិច្ចព្រមព្រៀងលើហិរញ្ញប្បទានជិត៥លានដុល្លារអាមេរិក ក្នុងនោះ ១,៨លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតកុងតេន័រ។

កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានដើរតួនាទីជាមជ្ឈមណ្ឌលភស្ដុភារកម្មសំខាន់ក្នុងការចូលរួមអភិវឌ្ឍកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩មក JICA បានផ្ដល់កម្ចី ហិរញ្ញប្បទានឥតសំណង និងបន្តការគាំទ្រនានាដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពកំពង់ផែ៕

Source From: https://www.construction-property.com/khread-news-1880/

Leave a Reply

Your email address will not be published. Required fields are marked *