News

Check out real estate news updates

ចំនួន​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត នឹង​កើន​ឡើងដល់ ៣០ទីតាំងនៅ​ឆ្នាំ២០១៩

ភ្នំពេញ៖ ចំនួន​កាស៊ីណូ​បាន​កើនឡើង​ខ្ពស់​នៅ​ក្រុង​ប៉ោយប៉ែត ដែល​រហូត​មកទល់ពេលនេះ​ទីក្រុង​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​នេះ មាន​កាស៊ីណូ​នឹង​កើនឡើង​ដល់២០ទីតាំង​ហើយ និង​កើន​ដល់៣០នា​ឆ្នាំ​ខាងមុខ។

អ្នកវិនិយោគ​ក្នុងស្រុក​មួយរូប លោក សុខ ហ៊ាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា រហូតមកទល់​ពេលនេះ ក្រុង​ប៉ោយប៉ែត​មាន​កាស៊ីណូ​សរុប​ចំនួន២០ទីតាំង​ហើយ និង​រំពឹង​កើន​ដល់៣០ទៅ​ទីតាំងនៅ​ឆ្នាំ២០១៩ខាងមុខនេះ។លោក​បន្តថា កាស៊ីណូ​ទាំងនោះ​វិនិយោគ​ដោយ​អ្នកវិនិយោគ​ក្នុងស្រុក និង​អ្នកវិនិយោគ​បរទេស​ដូចជា ជនជាតិ​ចិន ថៃ ម៉ាឡេស៊ី​ជាដើម។លោក​បន្តថា អ្នក​មកលេង​កាស៊ីណូ​ភាគច្រើន​នៅ​ក្រុង​ប៉ោយប៉ែត ជា​ជនជាតិ​ថៃ និង​ជនជាតិ​ចិន និង​ជនបរទេស​ដទៃទៀត។

រដ្ឋាភិបាល​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​ជាតិ អន្តរជាតិ​បង្វែរ​ការសាងសង់​កាស៊ី​ណូ​ទៅកាន់​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ និង​កម្ពុជា​វៀតណាម ជាក់ស្តែង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត​ជា​តំបន់​មាន​កាស៊ីណូ​ច្រើនជាងគេ។ ក្រៅពីនេះ​កម្ពុជា​ក៏មាន​ការវិនិយោគ​កាស៊ីណូ នៅ​តំបន់ភ្នំ​ដិ​ន ស្រុក​គិរីវង្ស ខេត្តតាកែវ ព្រំប្រទល់​កម្ពុជា វៀតណាម និង​នៅ​ព្រំដែន​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុងស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​ជាដើម។

លោក សុខ ហ៊ាង បាន​បន្ត​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មានការ​រីកចម្រើន​យ៉ាង​លឿន​លើ​វិស័យ​ក្រៅពី​កាស៊ីណូ ដោយ​វិស័យ​អចលនទ្រព្យ​បាន​កើនឡើង​ខ្ពស់ ដែល​រហូត​មកទល់ពេលនេះ បុរី​លំនៅដ្ឋាន​ចំនួន៨បានបញ្ចប់​ការសាងសង់ និង​បុរី​ជាច្រើន​ទៀត​កំពុង​សាងសង់។លោក​បន្តថា ក្រៅពី​បុរី​លំនៅដ្ឋាន​ក្រុង​ប៉ោយប៉ែត ក៏​កំពុងមាន​ការសាងសង់​ខុន​ដូ​កំពស់​កប់​ពពក និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ផ្សារ​ទំនើប​ផងដែរ។

លោក សាន ស៊ា​ង​ហូ អភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ក្រុង​ប៉ោយប៉ែត​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ដោយ​បច្ចុប្បន្ន​ចំនួន​កាស៊ីណូថ្មីៗជាច្រើន បាននិងកំពុង​សាងសង់ ដែល​ធ្វើ​ឲ្យ​ចំនួន​កាស៊ីណូ​កើនឡើង​កាន់តែច្រើន​នាពេល​អនាគត។

លោក​បន្តថា កំនើន​នៃ​ការវិនិយោគ បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​មាន​កំនើន​ខ្ពស់ និង​មានការ​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ ដែល​បច្ចុប្បន្ន​ក្រុង​នេះ​មាន​អាគារ​កំពស់២០ជាន់​ជាច្រើន និង​នៅ​ឆ្នាំ២០១៩ខាងមុខ ក្រុង​នេះ​អាចមាន​ការសាងសង់​អា​គារ​កំពស់២០ ទៅ៣០ជាន់​កាន់តែច្រើន៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *