News

Check out real estate news updates

ចំណុចពិសេស ៣ ជំរុញឱ្យអ្នករកស៊ីវិស័យអចលនទ្រព្យជោគជ័យលឿន

វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការអភិវឌ្ឍន៍គម្រោងសំខាន់ៗជាច្រើនពីសំណាក់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក។ អចលនទ្រព្យជាវិស័យថ្មី សម្រាប់សហគ្រិនកម្ពុជា ព្រោះតែប្រទេសយើងកំពុងអភិវឌ្ឍន៍ ដូច្នេះអ្នកដែលរកស៊ីវិស័យនេះ បើចង់ជោគជ័យ ហាក់មានឱកាសច្រើន តែមិនកំណត់ថាគ្រប់អ្នកប្រឡូកលើវិស័យនេះសុទ្ធតែជោគជ័យនោះទេ។ តាមរយៈការសង្កេតកន្លងមក Business Cambodia យល់ថា មានចំណុចសំខាន់៣ ជាគ្រឹះធ្វើឱ្យជោគជ័យលើវិស័យនេះ។

-មនុស្សប្រាកដនិយម

មនុស្សប្រាកដនិយម ជាបុគ្គលស្គាល់នៅស្ថានភាពច្បាស់លាស់នៃអចលនទ្រព្យក្នុងប្រទេស និងបណ្តាប្រទេសផ្សេងដែលមានឥទ្ធិពលមកលើកម្ពុជា។ ស្គាល់សមត្ថភាពខ្លួនឯងមានប៉ុណ្ណា អាចធ្វើអ្វីបានខ្លះ មិនអាចនិយាយលើសសមត្ថភាពដែលខ្លួនអាចធ្វើបាននោះទេ។ ស្គាល់ខ្លួនឯង ស្គាល់បញ្ហា ស្គាល់ឱកាស លើជាផែនការ សម្រាប់អនុវត្តការងារឱ្យចំកន្លែង ស្ថានភាព ពេលវេលា នៅពេលមានតម្រូវការផ្ទះ ខុនដូរ ឬអាផាមិន កំពុងពេញនិយមសព្វថ្ងៃ តែសហគ្រិនទើបតែដឹងនោះទេ ត្រូវដឹងយ៉ាងហោចណាស់ ៥ ឬ១០ឆ្នាំមុនមកម្ល៉េះ។ មិនមែនជាបុគ្គលមានអំណួតលើការងារ តែខិតខំប្រឹងប្រែងធ្វើការរហូតបានសម្រេចលទ្ធផល ទើបលើកជាភស្តុតាងមកបង្ហាញ ព្រោះវាជាការងារ មិនមែនជាទស្សនៈនោះទេ។

-ទំនាក់ទំនងល្អជាមួយមហាជន

ចេញរកស៊ីលើវិស័យអ្វីក៏ដោយ ការកសាងទំនាក់ទំនងល្អ ឬជំនឿចិត្តជាមួយមហាជន វាជាចំណុចសំខាន់សម្រាប់សហគ្រិន ជាពិសេសអ្នករកស៊ីវិស័យអចលនទ្រព្យតែម្តង។ ដោយសារតែ ការជឿទុកចិត្តនេះ ហើយទើបឈានរហូតដល់ការប្រើប្រាស់សេវាកម្មរបស់យើង ដោយមិនគិតពិចារណាច្រើន លើក្រុមហ៊ុន ព្រោះគេបានស្គាល់ថា យើងជាបុគ្គលបែបណា មានភាពច្បាស់លាស់ ទទួលខុសត្រូវខ្ពស់ មានឆន្ទៈ និងភាពស្មោះត្រង់ ហើយបញ្ជាក់ថាក្រុមហ៊ុនយើងល្អរួចទៅហើយ។ សហគ្រិនជោគជ័យខ្លះ ធ្លាប់លើកឡើងថា បើមិនទាន់មានទំនាក់ទំនងល្អច្រើនជាមួយមហាជនទេ កុំទាន់អាលចេញរកស៊ីអី ដូច្នេះមានន័យថា ទំនាក់ទំនងល្អនេះហើយ ដែលជាចំណុចពិសេសឱ្យអាជីវកម្មរបស់យើងដើរបាន ដោយមិនបាច់ធ្វើទីផ្សារ ព្រោះយើងបានធ្វើទីផ្សាររួចទៅហើយកំឡុងពេលស្គាល់គ្នាជាមួយមហាជន។

-ទស្សនៈវិស័យច្បាស់លាស់

សហគ្រិនដែលមានទស្សនៈវិស័យ ជាមើលឃើញយ៉ាងច្បាស់ថា ស្ថានភាពអចលនទ្រព្យនៅពេលបច្ចុប្បន្ននេះមានស្ថានភាពបែបណា ហើយនៅថ្ងៃអនាគតខ្លី ឬវែងនឹងមានការវិវត្តន៍ទៅជាបែបណាខ្លះ? ស្គាល់ស្ថានភាពជាក់ស្តែង ដាក់ផែនការឱ្យចំស្ថានភាពអនាគត ជាយុទ្ធសាស្ត្រសំខាន់មិនអាចខ្វះបានសម្រាប់សហគ្រិន។ យើងមិនអាចអង្គុយពឹងលើ់ឱកាសគ្រប់ពេលនោះទេ យើងត្រូវតែបង្កើតឱ្យសម្រាប់ខ្លួនឯងឱ្យបានគ្រប់ពេល ព្រោះឱកាសមកពីខាងក្រៅអាចមាន ឬអត់។ បុគ្គលមានទស្សនៈវិស័យ ធ្វើការងារតែមានផែនការជាប្រចាំថ្ងៃ ខែ និងឆ្នាំ ព្រោះគេបានទស្សទាយឃើញយ៉ាងច្បាស់រឿងរ៉ាវដែលអាចកើតមាននៅពេលអនាគត ហើយព្យាយាមធ្វើទៅតាមការកំណត់ទុក និងផ្លាស់ប្តូរបទបែនតាមកាលៈទេសៈជាក់ស្តែង៕

Source From: https://business-cambodia.com/2018/10/26/3points-make-success-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *