News

Check out real estate news updates

ចិន ព្រម​ចំណាយ​ជាង ៦ពាន់​លាន​ដុល្លារ ដើម្បី​ពង្រីក​ព្រលាន​យន្តហោះ​នៅភាគ​ខាងលិច​ប្រទេស

នៅថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ អ្នកធ្វើ​ផែនការ​របស់​ចិន បាន​យល់ព្រម​លើ​គម្រោង​ពង្រីក​ព្រលាន​យន្តហោះ នៅក្រុង Urumqi ខេត្ត​ស៊ីនជាំង ​ស្ថិតនៅ​ភាគខាង​លិច​ប្រទេស ​ដោយ​ចំណាយ​ប្រមាណ ៦,០៦ពាន់លាន​ដុល្លារ។

ការ​សាងសង់​នេះ នឹងត្រូវ​បញ្ចប់​នៅឆ្នាំ​២០៣០ ដែល​អាចឱ្យ​ព្រលាន​យន្តហោះ​នេះ ទទួលបាន​អ្នក​ដំណើរ​ដល់ ៦៣លាន​នាក់ និង​ទំនិញ ៧៥ម៉ឺន​តោន ក្នុង​មួយឆ្នាំ។ ការ​ពង្រីក​នេះ ក៏​រួមមាន​ការ​បន្ថែម​ផ្លូវ​រត់​យន្តហោះ​ចំនួន ២ខ្សែ​ទៀត​ផងដែរ។ នេះបើ​តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​កែទម្រង់ និង​អភិវឌ្ឍន៍ (NDRC) នៃ​ប្រទេស​ចិន។

ខេត្ត​ស៊ីនជាំង ដែល​ជា​តំបន់​សម្បូរទៅ​ដោយប្រេង និង​រ៉ែ បាន​ជួបនូវ​ការ​រីកចម្រើន​លើ​វិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ខណៈដែល​តំបន់នេះ ត្រូវបាន​ចាត់ទុកថា ជា​តំបន់​ដ៏​សំខាន់​មួយ​ក្នុង​គម្រោង​ ផ្លូវ១ ខ្សែក្រវាត់​១ របស់​លោក​ប្រធានាធិបតី ស៊ី ជិនពីង។ រដ្ឋអំណាច​ចិន ក៏​កំពុង​វិនិយោគ​យ៉ាងខ្លាំង​ផងដែរ នៅ​តំបន់​ភាគខាងលិច​ប្រទេស ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ។

កាលពីឆ្នាំ​២០១៧ ខេត្ត​ស៊ីនជាំង ទទួល​បាន​ទេសចរ​ក្នុងស្រុក និង​បរទេស ប្រមាណ ១០០លាន​នាក់ ដែលបាន​កើនឡើង​ប្រមាណ ១ភាគ៣ បើ​ប្រៀបធៀប​នឹងឆ្នាំ​២០១៦។ ព្រលាន​យន្តហោះ Urumqi បាន​​ទទួល​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​កាហ្សាក់ស្ថាន គៀជីស្ថាន តាជីគីស្ថាន អ៊ូបេគីស្ថាន រុស្ស៊ី និង​អារ៉ាប់រួម៕

Source From: http://kleykley.sabay.com.kh/article/1104504#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *