News

Check out real estate news updates

ចិន គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ចសេរី​មួយ​នៅ​ចន្លោះ​ព្រំដែន​ប្រទេសអាស៊ាន២​

រដ្ឋាភិបាល​ចិន នឹង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​តំបន់​ទន្លេមេគង្គ នៅ​អាស៊ីអាគ្នេយ៍ ដោយ​បង្កើត​តំបន់​សេដ្ឋកិច្ច​សេរី​មួយ នៅ​ចន្លោះ​ព្រំដែន​ប្រទេស​ថៃ និង​ឡាវ​។

​ក្នុង​តំបន់​សេដ្ឋកិច្ច​សេរី​នេះ ក្រុង​ប៉េកាំង​នឹង​លើក​លែង​ពន្ធ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ដែល​មិន​ជាប់​ព្រំដែន​ជាមួយ​ចិន។

លោក Sontirat Sontijirawong រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​ថ្លែង​ថា ថៃ​នឹង​ដឹកនាំ​ការ​ពិភាក្សា​នានា​ជាមួយ ចិន និង​ឡាវ ដើម្បី​សម្រេច​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​សេរី ដែល​គ្រោង​សម្រេច​រួចរាល់​ជា​ស្ថាពរ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ តំបន់​នេះ លាត​សន្ធឹង​ចាប់ពី​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​ចិន នៃ​តំបន់ Mohan រហូត​ដល់​ក្រុង Chiang Khong ដែល​ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ។

ចំណែក​ភាគី​ឡាវ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ ជាមួយ​ចិន ដើម្បី​សិក្សា​គម្រោង​កាត់បន្ថយ​រយៈ​ពេល​ធ្វើដំណើរ តាម​ផ្លូវ​ហាយវ៉េ R3A ដែល​តភ្ជាប់​ពី​ក្រុង Kunming របស់​ចិន ទៅ​ក្រុង Huay Sai របស់​ឡាវ រួច​បន្ត​ទៅ​កាន់​ក្រុង Chiang Khong របស់​ថៃ។ ទន្ទឹម​នេះ ភាគី​ថៃ បាន​ចាប់​ផ្ដើម​សាងសង់​ផ្លូវ​ដែក​តភ្ជាប់​ទៅ​កាន់​ក្រុង​វៀងចន្ទន៍ និង​ផ្លូវ​ដែក​របស់​ចិន​។

ភាគខាងត្បូងប្រទេសចិន ​មាន​ប្រជាជន​ប្រហែល ៤៧​លាននាក់ និងផលិតផលក្នុងស្រុង​សរុប​ ១,៤ពាន់​លាន​យេន​ (ប្រហែល ២០០លានដុល្លារអាមេរិក) ​ដោយមាន​កំណើន​ក្នុងរង្វង់​ ៨​ភាគរយ ​ក្នុង​មួយឆ្នាំ។

គួរ​រំឭក​ថា ថ្មីៗ​នេះ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្រកាស​នាំចូល​ទំនិញ និង​សេវាកម្ម ៤០​ទ្រីលាន​ដុល្លារ ក្នុង​រយៈ​ពេល​១៥ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក មាន​ភាព​តានតឹង​បន្ថែម​ទៀត​៕

Source From: http://kleykley.sabay.com.kh/article/1102751#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *