News

Check out real estate news updates

ចាប់ពីថ្ងៃនេះទៅការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យទាំងអស់ត្រូវមានការទទួលស្គាល់ពីរដ្ឋបាលសុរិយោដី

ឯកឧត្តមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការត្រួតពិនិត្យនិងបញ្ជាក់លើឯកសារផ្ទេរអចលនទ្រព្យដែលមិនទាន់បានទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។នេះបើយោងតាមឯកសារដែលបណ្តាញសារព័ត៌មាន Fresh Newsបានចុះកាលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨។

សេចក្តីសម្រេចខាងលើគឺត្រូវបានធ្វើឡើងក្រោយពេលដែលមានការកើនឡើងនៃជម្លោះដីធ្លីដែលពាក់ព័ន្ធទៅនឹងលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនបានចុះបញ្ជីនិងទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។

គួរបញ្ជាក់ផងដែរថា មុនមានសេចក្តីសម្រេចខាងលើនេះ ការផ្ទេរអចលនទ្រព្យដែលមិនបានចុះបញ្ជី (ប្លង់ទន់) គឺត្រូវបានធ្វើឡើងតាមរយៈរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា ឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក ខណ្ឌជាដើមក្នុងការបញ្ជាក់ទៅលើឯកសារផ្ទេរសិទ្ធិទាំងនោះ ដោយមិនតម្រូវឲ្យឆ្លងកាត់រដ្ឋបាលសុរិយោដីឡើយ។

ផ្ទុយទៅវិញបទបញ្ជាថ្មីនេះនឹងជួយជម្រុញឲ្យមានការចុះបញ្ជីអចលនទ្រព្យនៅរដ្ឋបាលសុរិយោដីកាន់តែច្រើនឡើងដែលនេះមានន័យថាការប្រមូលពន្ធជូនរដ្ឋាភិបាលក៏នឹងអាចកើនឡើងតាមរយៈការបង់ពន្ធទៅលើការការផ្ទេរអចលនទ្រព្យពោលគឺពន្ធប្រថាប់ត្រា។

ជាក់ស្តែងណាស់ បទបញ្ជាថ្មីនេះគឺធ្វើឡើងក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការពិនិត្យឡើងវិញនូវអត្រាពន្ធប្រថាប់ត្រាលើអចលនទ្រព្យព្រោះថាអត្រា នាពេលបច្ចុប្បន្នគឺនៅទាបនៅឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *