News

Check out real estate news updates

គ្រាន់តែកោះរ៉ុងត្រូវបង្កើតជា “ក្រុងកោះរ៉ុង” ភ្លាម ធ្វើឲ្យតម្លៃដីហក់ឡើង១០០០$/m2

នៅខែឧសភាឆ្នាំ២០១៩ខាងមុខនេះកោះរ៉ុង និងកោះរ៉ុងសន្លឹមនឹងក្លាយជាទីក្រុងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជានេះបើយោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលកាលពី​ចុងខែមករាកន្លងទៅ។

កន្លងមកកោះទាំងនេះជាតំបន់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខណ្ឌមិត្តភាពនៃក្រុងព្រះសីហនុ។ ប៉ុន្តែបើតាមការចេញផ្សាយនាពេលថ្មីៗនេះ កោះទាំងពីរនឹងត្រូវបង្កើតឲ្យទៅជាទីក្រុង មួយដាច់​ដោយឡែកពីក្រុងព្រះសីហនុ។

អ្នកជំនាញរំពឹងថាការវិនិយោគនៅក្នុងវិស័យទេសចរណ៍នឹងកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីកោះនេះក្លាយទៅជាទីក្រុង។ ទោះយ៉ាងណាពួកគេមានការព្រួយបារម្ភលើស្ថានភាព នៃប័ណ្ណកម្មសិទ្ធិ ដីធ្លីនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម។

កោះទាំងពីរមានផ្ទៃដីសរុបជាង ១០០ គីឡូម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីតំបន់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ។ បច្ចុប្បន្នកោះរ៉ុងមាន៤ភូមិ និងកោះរ៉ុងសន្លឹម មាន២ភូមិ និងមានប្រជាជនរស់អចិន្រ្តៃយ៍ប្រមាណជាង ៤,០០០នាក់។ កោះទាំង២នេះគឺជាទិសដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ​ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។

ភ្ញៀវទេសចររាប់ពាន់នាក់មកជារៀងរាល់ថ្ងៃ

លោក ឈឺន ចន្ថា ដែលជាចៅសង្កាត់កោះរ៉ុងសន្លឹមបានស្វាគមន៍ចំពោះគម្រោងនេះ។ លោកបានសម្តែងសេចក្តីសង្ឃឹមថាការអភិវឌ្ឍវិស័យអចលនទ្រព្យ នឹងហូរចូលក្នុងតំបន់នេះ កាន់តែច្រើន ហើយតម្លៃដីនឹងកើនឡើងថែមទៀត។

លោក ចន្ថា បានពន្យល់ថានៅពេលក្រុងថ្មីបង្កើតឡើងអគាររដ្ឋបាលជាច្រើននឹងត្រូវបានសាងសង់ ហើយសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាក៏នឹងត្រូវសាងសង់ឡើងផងដែរ។

លោក ចន្ថា បានអះអាងថា ដីនៅតាមតំបន់មាត់ឆ្នេរសមុទ្រ នៅក្នុងភូមិកោះតូច នៃសង្កាត់កោះរុងសន្លឹមបច្ចុប្បន្នមានតម្លៃជាង១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីដែលស្ថិតនៅឆ្ងាយពីឆ្នេរអាច មានតម្លៃចន្លោះពី១០០ទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកមួយចំនួនទៀត ដែលគ្មានប័ណ្ណកម្មសិទ្ធិអាចមានតម្លៃចាប់ពី ២០ ទៅ ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

“ជាទូទៅតំបន់នេះមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍។ ក្នុងមួយថ្ងៃជាមធ្យមមានភ្ញៀវទេសចរប្រមាណ២,៥០០នាក់ (រដូវពេញនិយមមានរហូតដល់៥,០០០​នាក់ប៉ុន្តែរដូវស្ងាត់មានតិចតួចប៉ុណ្ណោះ) ។ ប្រហែលជា៧៥%នៃភ្ញៀវទេសចរបានស្នាក់នៅយ៉ាងហោចណាស់មួយយប់នៅលើកោះ។” នេះជាការបញ្ជាក់ពីលោក ចន្ថា។

ផ្ទះស្នាក់នៅលើកោះនេះមានចាប់ពី ៥ ដុល្លារក្នុងមួយយប់ [ផ្ទះធម្មតារបស់ប្រជាជន] និងមានដល់តម្លៃរាប់រយដុល្លារក្នុងមួយយប់សម្រាប់ផ្ទះប្រភេទបឹងកាឡូប្រណិតៗ។

លោក Brad King នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅក្នុងខេត្តព្រះសីហនុគឺ ក្រុមហ៊ុន Cambodia Real Estate បានឱ្យដឹងថាការសម្រេចដាក់កោះរ៉ុង និងកោះរ៉ុងសន្លឹមជាទីក្រុង នឹងធ្វើឲ្យវិស័យអចលនទ្រព្យមានលក្ខណៈល្អប្រសើរ។

ទោះជាយ៉ាងណាក៏ដោយ លោក King បានកត់សម្គាល់ថាទីផ្សារអចលនទ្រព្យនៅលើកោះទាំងពីរនៅមានកម្រិតនៅឡើយ។ លោកបានសម្តែងការព្រួយបារម្ភអំពី ភាពជាម្ចាស់កម្មសិទ្ធិ ស្របច្បាប់នៅលើកោះទាំងនេះ​ ដោយលោកបន្ថែមថាម្ចាស់ដីភាគច្រើនទុកដីឲ្យទំនេរ ដោយមិនធ្វើការសាងសង់អ្វីឡើយ។

លោកបាននិយាយថា “អ្នកភូមិភាគច្រើនមិនទានមានប្លង់កម្មសិទ្ធិលើដីរបស់ខ្លួននៅឡើយ”។ លោកក៏បានបន្ថែមដែរថា “វិនិយោគិនកំពុងរង់ចាំប្លង់កម្មសិទ្ធិស្របច្បាប់ មុនពេល ពួកគេវិនិយោគគម្រោងធំៗដូចជាសណ្ឋាគារ និងអាផាតមេនជាដើម”។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកអភិវឌ្ឍន៍ដ៏សំខាន់មួយនៅលើកោះរ៉ុង។ ក្រុមហ៊ុននេះបានបង្កើត រមណីយដ្ឋានដ៏ប្រណិតមួយនៅលើកោះនេះ ដែលមានឈ្មោះថា Royal Sand Resort។

‘អ្នកវិនិយោគមិនហ៊ានទិញដី’

ទាក់ទងនឹងការចេញប្លង់រឹងជូនពលរដ្ឋ  លោក ចន្ថា បានឲ្យដឹងថានៅក្នុងតំបន់គ្រប់គ្រងរបស់លោក  មួយភាគបីនៃប្លង់កម្មសិទ្ធិសរុបត្រូវបានចេញជូនឲ្យពលរដ្ឋរួចរាល់។

លោក King ដែលបានអភិវឌ្ឍគម្រោងអាផាតមេនមួយនៅលើកោះរ៉ុងបាននិយាយថា  ការសាងសង់ត្រូវចំណាយពេលយូរ និងមានការពិបាក។ នេះប្រហែលជាមូលហេតុមួយ ដែលម្ចាស់ដីមិនមានបំណងធ្វើការវិនិយោគ និងត្រូវរង់ចាំរហូតដល់មានការចេញប្លង់រឹងស្របច្បាប់ ឲ្យជាមុនសិន។

“ខ្ញុំត្រូវចំណាយពេលដឹកសម្ភារៈតាមទឹករហូតដល់៦០ជើង ដើម្បីសាងសង់គម្រោងអាផាតមេនរបស់ខ្ញុំ”។  លោកបានបន្ថែមថាតម្លៃដីក៏ស្រដៀងនឹងក្រុងព្រះសីហនុ ដែរជាក់ស្តែងដីមាត់ឆ្នេរ មានតម្លៃ ២,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបានអះអាងថាប្រសិនបើប័ណ្ណកម្មសិទ្ធិស្របច្បាប់នោះនឹងមានអ្នកទិញចូលមកកាន់តែច្រើន។ “គ្មាននរណាម្នាក់ចង់ទិញ ឬវិនិយោគលើដីដែលមិនមានកម្មសិទ្ធិស្របច្បាប់ឡើយ”។

មានទស្សនៈស្រដៀងលោក King ដែរ លោក ឌិន សកល នាយកប្រតិបត្តិក្រុមហ៊ុន Universal Real Estate បាននិយាយថាការទិញលក់ដីធ្លីនៅលើកោះរ៉ុង ហាក់មានសភាពទ្រឹងក្នុងពេលបច្ចុប្បន្ន។ លោកជឿថាការបង្កើតជាទីក្រុងថ្មី វានឹងជួយបង្កើនសកម្មភាពអចលនទ្រព្យនៅលើតំបន់កោះនេះឡើងវិញ។

លោក សកល បាននិយាយថា ក្រុងថ្មីនឹងធ្វើឱ្យវិនិយោគិនមានទំនុកចិត្តកាន់តែខ្លាំង។ ទន្ទឹមនឹងនេះដែរតម្លៃជួលនឹងកើនឡើង ចំណែកសេវាកម្មក៏នឹងត្រូវធ្វើឲ្យមានភាពល្អប្រសើរថែមទៀត ដើម្បី បំពេញតាមតម្រូវការរបស់ភ្ញៀវទេសចរ ដែលកើនឡើង”។

លោកចន្ថាបានយល់ស្របចំពោះការព្រួយបារម្ភជុំវិញប្លង់កម្មសិទ្ធិក្រៅពីនេះលោកក៏ពិនិត្យឃើញថាអាទិភាពមួយចំនួនទៀតដូចជា៖ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រងកាកសំណល់ នៅមាន កម្រិត និងការកាប់ឈើ និងការនេសាទខុសច្បាប់គឺជាកត្តាសំខាន់ៗដែលរារាំងដ៏ភាពរីកចម្រើននៅលើកោះទាំងមូល។

សូមរំលឹកដែរថា ក្រៅពីការប្តូរកោះរ៉ុងទៅជាទីក្រុង អនុក្រឹត្យក៏បានបន្ថែមខណ្ឌថ្មីចំនួនពីរបន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញរួមមាន៖ ខណ្ឌបឹងកេងកង និងខណ្ឌកំបូល៕

Source From: https://business-cambodia.com/2019/02/13/island-kok-rong-will-change-to-city/

Leave a Reply

Your email address will not be published. Required fields are marked *