News

Check out real estate news updates

គំរោងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលចំនួន៩នឹងសាងសង់ក្នុងអាណត្តិថ្មីនេះ

ភ្នំពេញ : ក្នុងគោលដៅពង្រីកសក្តានុពល និងជំរុញកំនើនសេដ្ឋកិច្ចជាតិ ព្រមទាំងសមាហរណគម្មផ្ទៃក្នុងកម្ពុជា និងតំបន់ រដ្ឋាភិបាលបាននិងកំពុងរៀបចំនិងឈានទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៩ទៀត ដែលចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។

គំរោងដែលប្រកាសដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងស្ថិតក្នុងការសិក្សាជាច្រើនរួមមាន ទី១ គំរោងពង្រីកផ្លូវជាតិលេខ២ ទី២ គំរោងពង្រីកផ្លូវជាតិលេខ៣ ទី៣ ការស្ថាបនានិងលើកកំពស់ផ្លូវជាតិលេខ៤ ទី៤ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ទី៥ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ទី៦ ការសាងសង់ស្ពានចេញពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ ក្នុងស្រុកល្វាឯម ទី៧ ការសាងសង់ស្ពានភ្ជាប់ពីក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ ទី៨ គំរោងតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ និងទី៩ គម្រោងសាងសង់ផ្លូវចេញពីតំបន់សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ទៅកាន់ខេត្តកោះកុង ដែលបច្ចុប្បន្នការសិក្សាបាននិងកំពុងជិតបញ្ចប់ហើយ។

តាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីម សូរិយាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងធំៗទាំងនេះបាននិងកំពុងសិក្សា និងគំរោងខ្លះបានសិក្សាចប់ហើយ និងមានថវិកាសម្រាប់សាងសង់ហើយ ដូចជាគំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលចិនលើទឹកប្រាក់២៥៩លានដុល្លារអាមេរិក ដែលបានចុះហត្ថលេខារួចហើយ។ ចំណែកគំរោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុក៏ត្រៀមសាងសង់នៅចុងឆ្នាំនេះផងដែរ។

លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាការចូលរួមអភិវឌ្ឍន៍ជាតិ ព្រោះបើយើងចង់ឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនទៅមុខ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿ
ងចាំបាច់ និងត្រួវតែធ្វើ”។លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ រដ្ឋាភិបាលត្រូវការចំណាយច្រើនណាស់”។

ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសិក្សាដើម្បីការអភិវឌ្ឍន៍ លោកបណ្ឌិតម៉ី កល្យាណបានថ្លែងឲ្យដឹងផងដែរថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមធំមួយនៅក្នុងសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងរៀបចំនិងអភិវឌ្ឍន៍លើវិស័យនេះហើយ ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនិមួយៗ ត្រូវចំណាយពេលយូរ ហេតុនេះការពន្លឿនការវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យនេះជារឿងចាំបាច់មួយ។

លោកបន្តថា “ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ យើងត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីសេដ្ឋកិច្ចរបស់យើងមានសន្ទុះកំនើនថែមទៀត ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាតម្លៃនៃសេដ្ឋកិច្ច ជាតម្លៃនៃការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”៕

Leave a Reply

Your email address will not be published. Required fields are marked *