News

Check out real estate news updates

គំនិតរកស៊ីអចលនទ្រព្យល្អៗពីសហគ្រិនឆ្នើម សម្រាប់យុវជនត្រៀមចេញរកស៊ី

«កត្តាធ្វើឲ្យ១០០នាក់មានតែ៣នាក់ដែលអាចជោគជ័យក្នុងរបរអចលនទ្រព្យ»

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និង ជាប្រធានសមាគមន៍ អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​ក​ម្ពុ​ជា​ ធ្លាប់បានមានប្រសាសន៍ថា ការរកស៊ីក្នុងអចលនទ្រព្យ មិនមែនជាការងាយស្រួលនោះទេ ពោលគឺមានហានិភ័យខ្ពស់បំផុត។ ក្នុងចំណោមអ្នករស៊ីដីធ្លី១០០នាក់ គឺមានតែ៣នាក់ប៉ុណ្ណោះ អាចបន្តរកស៊ីបាន១០ឆ្នាំ ដោយជោគជ័យ និងមានតែម្នាក់ប៉ុណ្ណោះ ដែលអាចក្លាយជាអ្នកមាន។ តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យភាពជោគជ័យក្នុងវិស័យនេះ?

អ្នកមានលុយមានច្រើនណាស់ ហើយអ្នកចេះក៏មានច្រើនរាប់មិនអស់ដែរ ប៉ុន្តែអ្នកទាំងនោះមិនប្រាកដថាទទួលបានជោគជ័យនោះទេ ប្រសិនបើពុំមានភាពស្មោះត្រង់។ ដូចនេះតែអ្នកដែលមានភាពស្មោះត្រង់គឺមិនមានច្រើននោះទេ។ ប្រសិនបើអ្នកាមានភាពស្មោះត្រង់នៅក្នុងខ្លួន ភាពទុកចិត្តពីអ្នកដទៃក៏កាន់តែច្រើន ពេលនោះ អតិថិជន នឹងមករកយើងជាហូរហែរជារៀងរហូត។

លោកបានបញ្ជាក់ថា ក្នុនាមជាអ្នករកស៊ីមិនត្រូវមើលអ្វីដែលទាបជាងខ្លួននោះទេ ពោលគឺត្រូវមើលអ្វីដែលនៅខ្ពស់ជាងយើង។អ្នកមានប្រៀបបានជាកប៉ាល់នៅក្នុងសមុទ្រ ដូចនេះបើយើងចង់មានដែរ យើងគួរតែរុញទូកខ្លួនឯង​ឲ្យចូលសមុទ្រដែរ បើមិនលិចទេ នឹងក្លាយជាអ្នកមាន ពោលគឺគ្រប់យ៉ាងត្រូវតែហ៊ាន។

«គោលការណ៍រកស៊ីខ្ញុំ គឺមិនបោះបង់ ទោះបរាជ័យ និងរកស៊ីខាតយ៉ាងណាក្តី»

លោកខាត់ សុវណ្ណ ជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Camtop Property Group បានប្រាប់ថា គោលការណ៍រកស៊ីរបស់ខ្លួនគឺ«គោលការណ៍រកស៊ីខ្ញុំ គឺមិនបោះបង់ ទោះបរាជ័យ និងរកស៊ីខាតយ៉ាងណាក្តី»។

លោកខាត់ សុវណ្ណ បានថ្លែងប្រាប់Business Cambodia ថា ចាប់តាំងពីចេញរកស៊ីចំណេញ ឈានដល់រកស៊ីខាតបិទក្រុមហ៊ុននៅឆ្នាំ២០០៨ បានចាប់ផ្តើមឡើងវិញនៅចុងឆ្នាំ២០១១ ខាតផងចំណេញផង ទម្រាំឈរជើងរឹងមាំដល់សព្វថ្ងៃនេះ លោកតស៊ូខ្លាំងណាស់ បើមិនអត់ធ្មត់ទេម្ល៉េះឈប់រកស៊ី ងាកទៅធ្វើការងារឱ្យគេវិញបាត់ទៅហើយ។ ដោយសារតែលោកមានគោលដៅ និងឆន្ទៈរកស៊ីច្បាស់លាស់ និងមានគោលការណ៍មិនបោះបង់ការរកស៊ីរបស់ខ្លួនចោល ទោះស្ថិតក្នុងកាលៈទេសៈបែបណាក្តី ទើបធ្វើឱ្យលោកអាចជម្នះរាល់បញ្ហាលំបាកៗបាន ធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើនជាងមុន និងបន្តរីកចម្រើនទៀតនៅពេលអនាគត។

សហគ្រិនអចលនទ្រព្យរូបនេះ ធ្លាប់បានបញ្ជាក់ថា មូលហេតុដែលជួបបញ្ហាច្រើន ខាតបង់ច្រើន តែនៅតែមិនបោះបង់អាជីវកម្មនេះចោល ទោះបីជាខ្លួនឯង និងមនុស្សជុំវិញខ្លួន ក្នុង១ថ្ងៃ តែងចោទសួរលោក ៥ ទៅ៦ដង នៅរកស៊ីធ្វើអី បើធ្វើការឱ្យគេបានប្រាក់ខែច្រើន រកស៊ីមិនបានចំណូល ថែមទាំងយកលុយពីផ្ទះបន្ថែមទៀត ព្រោះតែលោកមានគោលដៅ និងឆន្ទៈ ទោះមានចំណេះដឹងតិចក្តី តែជឿលើខ្លួនឯងថា អាចធ្វើបាន ហើយមិនព្រមបោះបង់ចោលការរកស៊ីនេះដាច់ខាត។ លោកបានបន្ថែមថា ដោយសារតែខិតខំប្រឹងប្រែងកសាងក្រុមហ៊ុនឡើងវិញ ដោយស្មារតីរឹងមាំ ប្រើបេះដូង មិនបោះលុយវិនិយោគបន្ត បានធ្វើឱ្យគ្រោងឆ្អឹងសំខាន់ៗរបស់ក្រុមហ៊ុនមានភាពរឹងមាំ រហូតអាចឈរជើងបានរឹងមាំលើទីផ្សារបានដូចសព្វថ្ងៃនេះ។

«ក្លាហាន ប្រថុយប្រថាន ភា្ជប់នឹងភាពឆ្លាតវៃរុញអាចធ្វើអ្នកក្លាយជាសេដ្ឋីអ​ចលទ្រព្យ»

បុគ្គលដែលហ៊ានប្រថុយប្រថាន ទំាងឆ្លាតវៃ ធ្វើទៅលើរឿងល្អៗ បូករួមទំាងភាពក្លាហានទៀតនោះ កត្តាជោគជ័យមានច្រើន ជាងបរាជ័យ បើទោះបីបុគ្គលជោគជ័យមានមិនច្រើនក៏ដោយចុះ។ ដោឡែក ប្រធានាធិបតីលោក Donald Trump វិញ ជាមនុស្សក្លាហាន ហ៊ានប្រថុយលើរឿងដែលបុគ្គលទូទៅយល់យ៉ាងច្បាស់ថា ជារឿងឆ្កួតៗ និងជារឿងមិនអាចធ្វើទៅបាន។

ជាការពិតណាស់ បុគ្គលជោគជ័យក្នុងវិស័យអចលនទ្រព្យ មិនមែនជាបុគ្គលស្ទាក់ស្ទើរ ខ្លាចមុនក្រោយហួសហេតុពេកទេ។ លោកជាមនុស្សគិតអ្វី ធ្វើនឹង ឃើញយ៉ាងម្តេច គឺនិយាយបែបនិង។ មិនសូវខ្លាចញញើតនរណាម្នាក់នោះទេ បើទោះបីជាមនុស្សមានឥទ្ធិពលបែបណាក្តី មានទំាងក្រុមការងារ និងគ្រួសារជាដើម។ តែលោកធ្វើបែបនេះ មានហេតុផលរបស់ខ្លួន ព្រោះលោកកម្រនិងលុបចោលគម្រោងការរបស់ខ្លួនណាស់ ដោយសារមុននឹងលោកយកគម្រោងណាមួយនោះមកអនុវត្ត លោកបានគិតល្អិតល្អន់ ច្បាស់លាស់ណាស់។ ជាឧទាហរណ៍ លោកបានចរចា ជាមួយរដ្ឋាភិបាលសហព័ន្ធ អំពីការអភិវឌ្ឍន៍អគារធំៗ ដែលអ្នកវិនិយោគជួបបញ្ហាហិរញ្ញវត្ថុ ត្រូវបានរដ្ឋរឹបអូស ប្រែក្លាយជាអគារទុកចោល ក្លាយជាអគារតម្លៃរាប់លានដុល្លារ ដែលមនុស្សមួយចំនួនគិតមិនដល់។

«យុទ្ធសាស្រ្តឆ្លាតវៃក្នុងការវិនិយោគវិស័យអចលនទ្រព្យទោះកំពុងមានវិបត្តិ»

អំឡុងពេលមានវិបត្តិ អ្នកដែលអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញអចលនវត្ថុ និងអាចពុះពារក្នុងការធ្លាក់ចុះនេះបាន នឹងអាចក្លាយជាទៅជាអ្នកមាន។ ស្ថិតនៅក្នុងកាលៈទេសៈនេះ លោកឧកញ៉ា សៀ ឫទ្ធីបានគូសបញ្ជាក់ថា ពេលមានវិបត្តិ គឺជាឱកាសក្លាយជាអ្នកមានសម្រាប់វិនិយោគិនប្រសិនបើពួកគាត់មានភាពវៃឆ្លាតក្នុងការវិនិយោគ។ តាមបទពិសោធន៍របស់លោកឧកញ៉ាដែលធ្លាប់បានឆ្លងកាត់ និងបានសិក្សាស្វែងយល់ឃើញថា មានចំណុចមួយចំនួនដែលអ្នកគួរធ្វើនៅពេលទីផ្សារកំពុងជាប់គាំង ឬមានវិបត្តិ៖

«ប្រមូលដីទុក និងចេះមើលពីចរន្ដនៃតម្រូវការសម្រាប់ការអភិវឌ្ឍ»

លោកឧកញ៉ាសៀ ឬទ្ធី ជាអ្នកអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ អ្នកមិនអាចខ្វះដីបានឡើយ ដូច្នេះ អ្នកត្រូវឆ្លៀតឱកាសពេលដែលអចលនទ្រព្យធ្លាក់ថ្លៃ ត្រូវប្រមូលទិញដីទុកតាមលទ្ធភាពដែលអាចធ្វើបាន ព្រោះតម្លៃដីវាមិនមែនធ្លាក់រហូតនោះទេ វានឹងឡើងវិញនៅពេលណាមួយ។

លើសពីនេះ អ្នកក៏គួរតែសិក្សាពីចរន្ដនៃតម្រូវការ ថាតើដីនោះអាចនឹងយកទៅប្រើប្រាស់លើការអភិវឌ្ឍអ្វី ឲ្យស្របទៅតាមនិន្នាការអនាគតទោះដូចជា លំនៅឋាន សណ្ឌាគារ ឬអគារពាណិជ្ជកម្ម។ល។ ដើម្បីឲ្យច្បាស់លើការសិក្សាពីតម្រូវ អ្នកអភិវឌ្ឍគួរតែចេញទៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីស្វែងរកដៃគូអភិវឌ្ឍល្អ និងបានស្វែងយល់ពីទីផ្សារខាងក្រៅបានទូលំទូលាយ។

«ទិញដី ចាក់ដី សាងសង់ អ្នកនឹងក្លាយជាអ្នកមាន»

លោកឧកញ៉ា ចេង ខេង បានពន្យល់យ៉ាងក្បោះក្បាយថា  ការពិតទៅ ការរកស៊ីផ្នែកដីធ្លីនៅកម្ពុជា គឺជារឿងមួយដែលងាយស្រួលបំផុត ដោយគ្រាន់តែអ្នកចេះអភិវឌ្ឍវាបន្ថែមតែប៉ុណ្ណោះ។ ជាក់ស្តែង បើយើងមើលទៅតំបន់កោះពេជ្រវិញ កាលពីមុន គ្រាន់តែជាកោះដែលពោរពេញទៅដោយស្មៅដុះជុំវិញ។ ក្រោយមកក្រុមហ៊ុន បានទិញដីនោះត្រឹមតែតម្លៃប្រមាណ១០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១ម៉ែត្រការ៉េ។ បន្ទាប់មកក្រុមហ៊ុន គ្រាន់តែចាក់ដីបំពេញ នឹងចាប់ផ្តើមសាងសង់ អគារពាណិជ្ជកម្មបន្តិចសោះ ប៉ុន្តែបច្ចុប្បន្ន តម្លៃដីធ្លីនៅទីនោះ តម្លៃមិនក្រោម ៤,០០០ដុល្លារឡើយក្នុង១ម៉ែត្រការ៉េ។

លោកបានបន្ថែមថា គម្រោង ប៉េងហ៊ួត បឹងស្នោរក៏ដូចគ្នាដែរ ពេលដែរគាត់ទិញ ដីនោះគ្រាន់តែជាបឹងមួយប៉ុណ្ណោះ បន្ទាប់មកគេក៏ចាប់ផ្តើមចាក់ដី ហើយសង់ ដែលបច្ចុប្បន្ននេះ បឹងស្នោរបានក្លាយទៅជា តំបន់មួយដ៏អស្ចារ្យ​ដែលបានធ្វើឲ្យបុរីប៉េង ហ៊ួតមានមោទនភាព ហើយមានតម្លៃខ្ពស់ផង។

សម្រាប់អ្នកទើបចាប់ផ្តើមចេញរកស៊ី ចំណុចសំខាន់បំផុត អ្នកត្រូវតែចំណាយពេលធ្វើការលើសគេយ៉ាងហោចណាស់២ដងដែល មិនអាចចំណាយពេលធ្វើការស្មើគេ ឬក្រោមគេនោះទេ ព្រោះជាការប្រកួតប្រជែង មិនមែនការងារបែបកម្សាន្តអារម្មណ៍ចង់ធ្វើ ទៅធ្វើ មិនចង់ មិនទៅធ្វើនោះទេ។

៣ សំណួរចាំបាច់ខ្លាំង សម្រាប់យុវជន មុនចេញរកស៊ីវិស័យអចលនទ្រព្យ

ដើម្បីឱ្យកាន់តែប្រាកដក្នុងចិត្តក្នុងការចេញរកស៊ី យ៉ាងហោចណាស់ យុវជនត្រូវសួរខ្លួនឯង ៣សំណួនសិន មុនចាប់ផ្តើម។លោកច្រឹក សុខនីម ស្ថាបនិកក្រុមហ៊ុន Century 21 Mekong បានថ្លែងថា មានសំណួរ៣សំខាន់ ត្រូវសួរខ្លួនឯងនោះ មុនយើងចេញរកស៊ីវិស័យអចលនទ្រព្យ៖ តើយើងជានរណា ឬត្រូវយល់ថា ក្រុមហ៊ុនជានរណា?, យើងកំពុងធ្វើអ្វី ហើយចុងក្រោយ តើយើងធ្វើយ៉ាងដូចម្តេច ដើម្បីសម្រេចបានគោលដៅ។

សហគ្រិនរូបនេះបានពន្យល់ថា និយាយងាយស្រួលស្តាប់ យើងបច្ចុប្បន្នមានជំនាញអ្វី ខ្លាំងលើអ្វីឱ្យប្រាកដនៅ ជាក់ស្តែងលោកផ្ទាល់មានជំនាញខាងវិស័យអចលនទ្រព្យ និងលើខ្លាំងលើវិស័យនេះ ដោយសារប្រឡូកការងារវិស័យនេះច្រើនឆ្នាំ ហើយបើលោកចេញរកស៊ីចំណេញពេល ឆាប់ជោគជ័យជាងអ្នកអត់ជំនាញ និងខ្លាំងដូចលោក ព្រោះធ្វើការងារមានប្រសិទ្ធភាព មានផលិតផលខ្ពស់។បើយើងមាននជំនាញ និងចំណង់លើវិស័យនេះហើយ តើយើងកំពុងធ្វើអ្វី សម្រាប់លោកផ្ទាល់មានជំនាញខ្លាំងលើវា ហើយកំពុងរកស៊ីលើវិស័យនេះទៀត ដោយផ្តោតសំខាន់លើទិញ លក់ និងជួលអចលនទ្រព្យ។

ចង់ចេញរកស៊ីវិស័យអចលនទ្រព្យ លុះត្រាតែអ្នកហ៊ានធ្វើការដាច់យប់ គ្មានថ្ងៃសៅរ៍អាទិត្យ

ចេញរកស៊ីលើកដំបូង គឺជាការកសាងគ្រឹះដ៏រឹងមាំ សម្រាប់អនាគតដ៏វែងឆ្ងាយនៅពេលអនាគត មិនអាចធ្វើលែងៗនោះទេ។ ត្រូវតែប្តេជ្ញាចិត្ត ត្រៀមកម្លាំងកាយ សមត្ថភាព យុទ្ធសាស្ត្រ និងភាពវ័យឆ្លាត ចេញរកស៊ីឱ្យអស់លទ្ធភាពដែលយើងមាន ធ្វើយ៉ាងណាឆាប់ដល់គោលដៅ។ បើការងារត្រូវធ្វើមួយសប្តាហ៍ អាចបង្រួមមកត្រឹម២ ឬ៣ថ្ងៃ ដើម្បីសល់ពេលធ្វើរឿងសំខាន់ៗផ្សេងទៀត មិនអាចនៅអូសប្រឡាយពេលបានទេ ព្រោះមានរឿងសំខាន់ៗច្រើនជាងនេះ កំពុងរងចាំយើង។​ សហគ្រិនអចលនទ្រព្យខ្លាំង ត្រូវតែជាបុគ្គលហ៊ានធ្វើការដាច់យប់ គ្មានសៅរ៍អាទិត្យឡើយ លុះត្រាតែអាជីវកម្មជោគជ័យ ដើរមានស្ថេរភាព មានប្រព័ន្ធច្បាស់លាស់ ឬអាចនិយាយបានថាអត់ពីយើង ក៏ក្រុមហ៊ុនអាចដំណើរការបានល្អដែរ។

ស្របពេលជាមួយគ្នានេះ យុវជនត្រូវរៀបចំផែនការ គោលដៅ យុទ្ធសាស្ត្រ និងក្តីស្រមៃឱ្យបានច្បាស់លាស់ មិនអាចធ្វើការងារអត់ចំណុចទាំងនេះបានទេ។ កន្លងមកបណ្ឌិតគីម ហ៊ាង អ្នកប្រឡូករកស៊ីវិស័យនេះច្រើនឆ្នាំ បានលើកឡើងថា យើងមានភ្នាក់ងារអចលនទ្រព្យច្រើន តែពួកគេធ្វើការក្តីស្រមៃនោះទេ ជាហេតុធ្វើឱ្យគេឆាប់បោះបង់ ឆាប់បរាជ័យក្នុងអាជីពនេះ។ម្យ៉ាងវិញទៀត ការផ្តោតសំខាន់ទៅលើតែការរកស៊ីវិស័យអចលនទ្រព្យ ក៏ជារឿងសំខាន់បំផុតសម្រាប់សហគ្រិន យើងមិនអាចធ្វើរឿងច្រើននៅពេលតែមួយ ខណៈយើងត្រូវការផ្តោតទាំងកម្លាំងកាយ ចិត្ត និងគំនិតធ្វើវានោះទេ៕

Source From: https://business-cambodia.com/2018/10/24/best-ideas-for-real-estate-business/

Leave a Reply

Your email address will not be published. Required fields are marked *