News

Check out real estate news updates

គាម សៀកឡុង៖ ចាំតែយុវជនចេញរកស៊ីតែប៉ុណ្ណោះ ព្រោះអចលនទ្រព្យកម្ពុជាមានសក្តានុពលខ្លាំង

វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសក្តានុពលខ្លាំង តាមរយៈការបោះទុនវិនិយោគពីវិនិយោគិនបរទេស និងក្នុងស្រុក ដើម្បីសាងសង់លំនៅឋាន ខុនដូ តំបន់សេដ្ឋកិច្ចពិសេស អភិវឌ្ឍន៍លើដីធ្លី ផ្សារទំនើបជាដើម សម្រាប់ឆ្លើយតបនឹងតម្រូវការ និងការអភិវឌ្ឍន៍កម្ពុជា។ នេះគឺជាឱកាសល្អបំផុត សម្រាប់យុវជនខ្មែរយើងដែលស្រឡាញ់ការធ្វើជំនួញ ក្នុងចាប់ផ្តើមចេញរកស៊ីវិស័យនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

លោកគាម សៀកឡុង អគ្គនាយក្រុមហ៊ុន Century21 Dream Property បានថ្លែងប្រាប់ Business Cambodiaថា វិស័យអចលនទ្រព្យនៅកម្ពុជាមានឱកាសទីផ្សារធំ បើទោះបីបច្ចុប្បន្ននេះមានក្រុមហ៊ុនច្រើនក្តី តែឱកាសចេញរកស៊ី សម្រាប់យុវជនខ្មែរយើងនៅតែច្រើន។ ចំណុចសំខាន់ យុវជនត្រូវតែមានការស្រឡាញ់វិស័យនេះចេញពីបេះដួង និងបានត្រៀមខ្លួនឱ្យបានល្អមុនចេញរកស៊ីដោយខ្លួនឯង។

តាមរយៈបទពិសោធន៍រកស៊ីរបស់លោកកន្លងមក សម្រាប់អ្នកទើបចេញរកស៊ីភាគច្រើនឆ្លេឆ្លា លក់ច្រើនកន្លែង មិនប្រាកដកន្លែងណាមួយ ឃើញគេលក់បានផ្ទះ ឬដីតំបន់នេះ ទៅតាមគេ ឃើញតំបន់នោះរកស៊ីបាន ទៅតាមគេ តែមួយភ្លេតៗ លក់មិនដាចក៏ដកថយវិញ។ ព្រោះជោគជ័យត្រង់តំបន់ណាមួយបាន ត្រូវការចំណាយពេលច្រើន ក្នុងការកសាងគ្រឹះ ដើម្បីលក់អចលនទ្រព្យដាច់ ត្រូវលូកឱ្យកប់ ធ្វើឱ្យដល់ មិនអាចធ្វើភ្លាមៗបានផលនោះទេ។ ហើយការងារនេះ បើធ្វើមិនដល់ទេ គឺរវល់ច្រើន តែអត់លទ្ធផល។

សម្រាប់ប្រទេសកម្ពុជាយើងនៅខ្វះខាតច្រើនណាស់ អ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់លើវិស័យអចលនទ្រព្យ ស្ថានភាពបែបនេះហើយ បានជាមានក្រុមហ៊ុនបរទេសជាច្រើនកំពុងក្តោបក្តាប់ឱកាសរកស៊ីល្អៗនៅកម្ពុជា ហើយឱកាសការងារល្អ ប្រាក់ខ្ពស់ ក៏យើងនៅមានតម្រូវការច្រើនណាស់។ ដូច្នេះយុវជនខ្មែរបច្ចុប្បន្ន និងជំនាន់ក្រោយ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រលើវិស័យនេះ ឱ្យក្លាយជាអ្នកជំនាញច្បាស់លាស់ ឱ្យក្លាយជាសហគ្រិនពូកែៗឱ្យបានច្រើន ទើបប្រទេសកម្ពុជាយើងមានការរីកចម្រើនកាន់តែខ្លាំង៕

Source From: https://business-cambodia.com/2018/10/22/opportunity-start-business-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *