News

Check out real estate news updates

គម្រោងសាងសង់ស្ពានជ្រោយចង្វារ-ស្វាយជ្រុំមិនទាន់មានការវិវត្តទៅមុខនៅឡើយទេ

គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ដែលត្រូវបានសាធារណរដ្ឋកូរ៉េខាងត្បូងធ្វើការសិក្សាកន្លងមក គឺនៅមិនទាន់ដំណើរការលេចចេញជារូបរាងនៅឡើយទេ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន។

កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យសាធារណរដ្ឋកូរ៉េខាងត្បូងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ខាងលើទុកជាចំណងដៃ ក៏ប៉ុន្តែ មកទល់នឹងបច្ចុប្បន្ននេះ ពុំមានកិច្ចពិភាក្សាលំអិតអំពីជំនួយនេះនៅឡើយទេ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំអំពីដំណើរការនៃគម្រោងខាងលើនេះ ក្នុងកម្មវិធីចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវជាតិលេខ ២ និងលេខ២២ កាលពីថ្ងៃទី ២៥ ខែ មិថុនា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «[គម្រោងនេះ] មកទល់នឹងបច្ចុប្បន្ននេះ មិនទាន់បានចរចារឬឈានទៅរកថវិកាជំនួយឥតសំណងនៅឡើយទេ»។

មន្ត្រីជាន់ខ្ពស់ដែលបំរើការងារនៅក្នុងស្ថានទូតកូរ៉េប្រចាំកម្ពុជាសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តីយើងខ្ញុំកាលពីពេលថ្មីៗនេះថា គម្រោងសាងសង់ស្ពានខាងលើនេះ គឺមានលក្ខណៈលំបាក់បន្តិចទាក់ទិនទៅនឹងនីតិវិធីមួយចំនួន។

លោកបានឲ្យដឹងថា តាមការសិក្សាព្រាងនៃគម្រោងសាងសង់ស្ពានខាងលើនេះ គឺត្រូវចំណាយថវិការជាច្រើនរហូតដល់ទៅរាប់រយលានដុល្លារអាមេរិក ឬអាចច្រើនជាងនេះ ដែលរដ្ឋាភិបាលកូរ៉េចាំបាច់ត្រូវចំណាយពេលធ្វើការសិក្សាច្រើនទៀត និងឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្តបញ្ចេញកញ្ចប់ថវិកា។

ចំពោះគម្រោងខាងលើនេះទៀតសោត ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន កន្លងមក ធ្លាប់បានឲ្យដឹងថា ការសាងសង់ស្ពានមួយនេះនឹងត្រូវឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែងវែង ហើយមានកម្ពស់ខ្ពស់ជាងស្ពានដែលឆ្លងកាត់ទន្លេសាប ពោលគឺនឹងមានកម្ពស់ខ្ពស់ជាងស្ពានជ្រោយចង្វារ។

ម៉្យាងវិញទៀត បើតាមការពន្យល់របស់មន្ត្រីកូរ៉េខាងលើ ការបញ្ចេញកញ្ចប់ថវិការបស់រដ្ឋាភិបាលកូរ៉េក្នុងការជួយដល់គម្រោងអភិវឌ្ឍន៍ក្រៅប្រទេស និងជាពិសេស ដល់គម្រោងដែលត្រូវចំណាយថវិកាច្រើនបែបនេះ គឺត្រូវឆ្លងកាត់នីតិវិធីជាច្រើនដំណាក់កាល និងត្រូវប្រើប្រាស់រយៈពេលយូរឆ្នាំណាស់។

ទាក់ទិនទៅនឹងបញ្ហាកញ្ចប់ថវិកាសម្រាប់គម្រោងនេះវិញ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា អាចជាប្រាក់កម្ចី ឬក៏ជំនួយខ្លះ ប៉ុន្តែមកដល់ពេលឥឡូវនេះ មិនទាន់មានរូបភាព ឬរូបរាងនៅឡើយទេ។

គួររម្លឹកថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញមានស្ពានឆ្លងកាត់ទន្លេសាបចំនួនពីរគឺ ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ដែលមានតម្លៃប្រមាណជា ២៧,៥លានដុល្លារអាមេរិក និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនដែលបានជួសជុលឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាជា ៣៣ លានដុល្លារអាមេរិក។

Source From: https://www.construction-property.com/khread-news-1911/

Leave a Reply

Your email address will not be published. Required fields are marked *