News

Check out real estate news updates

គម្រោងរៀបចំទីក្រុងនិរន្តរភាពគំរូមួយនៅកម្ពុជា អាចនឹងមានវត្តមានឆាប់ៗនេះ

ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់វិទ្យាស្ថាន GGGI បន្តកិច្ចសហការជាមួយក្រសួង ដើម្បីធ្វើការរៀបចំគម្រោងទីក្រុងនិរន្តរភាពគំរូមួយនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងជំនួបផ្លូវការជាមួយលោកស្រី Jenny Hyeon Kim អគ្គនាយករងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ។ បើយោងតាមការប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងបរិស្ថានកម្ពុជាកាលពីម្សិលមិញនេះ។
លោកស្រី Jenny Hyeon Kim អគ្គនាយករងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលហៅកាត់ GGGI បានលើកឡើងពីកិច្ចសហការល្អក្នុងការអនុវត្តការងារកន្លងមក លើការរៀបចំគោលនយោបាយទាក់ទង នឹងការរៀបចំទីក្រុងនិរន្តរភាព និងការបញ្ជ្រាបទស្សនទានអភិវឌ្ឍន៍បៃតងទៅក្នុងការរៀបចំគោលនយោបាយ។

លោកស្រីបន្តថា តាមរយៈការធ្វើឱ្យមានភាពបៃតងកាន់តែប្រសើរឡើងក្នុងវិស័យឧស្សាកម្មនាពេលអនាគត សម្រាប់កម្ពុជាមានឱកាសល្អសម្រាប់ការបង្កើតការងារបៃតងចំនួនប្រមាណ ៥០ម៉ឺនកន្លែងបន្ថែម សម្រាប់វិស័យមួយចំនួនដូចជា វាយនភណ្ឌ ចំណីអាហារ សំភារៈសំណង់ និងគ្រឿងអេឡិចត្រូនិច។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី​ សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងក្រសួងបរិស្ថាន ជាមួយវិទ្យាស្ថាន GGGI ក្នុងកិច្ចសហការរួមគ្នាធ្វើឱ្យប្រសើរឡើងនូវការរស់នៅ​ប្រកបដោយចីរភាព ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្នុងបរិបថកម្ពុជា និងកាតព្វកិច្ចជាសកលក្នុងក្របខណ្ឌការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តមបានលើកទឹកចិត្តដល់វិទ្យាស្ថាន GGGI បន្តកិច្ចសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដោយផ្តោតលើរៀបចំទីក្រុងនិរន្តរភាពគំរូមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលស្អាត ការរៀបចំរចនាបថទីក្រុង ការគ្រប់គ្រងសំណល់រឹង-រាវដែល​មានលក្ខណៈគំរូ សម្រាប់ជាការអនុវត្តនៅក្រុងផ្សេងទៀតនៅទូទាំងប្រទេស និងការងារកៀរគរធនធានពីប្រភពនានា ដូចជា មូលនិធិអាកាសធាតុបៃតង និងធនាគារពាណិជ្ជជាដើម ដោយមាន​ការចូលរួមពីវិស័យឯកជន ដើម្បីបើកទូលាយដល់ការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព៕

Source From: https://business-cambodia.com/2018/11/29/cambodia-plan-build-green-city/

Leave a Reply

Your email address will not be published. Required fields are marked *