News

Check out real estate news updates

គម្រោងប្រព័ន្ធកំពង់ផែ EDI ក្នុងទឺកប្រាក់១៤លានដុល្លារនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២១

គម្រោងប្រព័ន្ធកំពង់ផែ Electronic Data Interchange(EDI) ដែលស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ក្នុងទឹកប្រាក់ប្រមាណជា ១៤ លានដុល្លារអាមេរិក នឹងដាក់ឲ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។នេះបើយោងតាមការឲ្យដឹងពីលោកបណ្ឌិត Masahiko Furuichi ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូនរបស់ JICA។

ការគូសបញ្ជាក់ខាងលើគឺធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨។ បន្ថែមពីនេះទៅទៀត លោកបណ្ឌិត Masahiko Furuichi ក៏បានឲ្យដឹងថាការសិក្សាលើរបាយការណ៍ចុងក្រោយនៃគម្រោងប្រព័ន្ធកំពង់ផែ EDI នឹងត្រូវរៀបចំឡើងដោយមានធាតុចូលពីក្រសួងសាធារណការនិងដឹកជញ្ជូន អង្គការ JICA និងភាគីពាក់ព័ន្ធនានាផងដែរ។

ទន្ទឹមនឹងនេះផងដែរ ដើម្បីធានាថាគម្រោងនេះនឹងដំណើរការតាមកាលដែលបានកំណត់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានស្នើសុំឲ្យក្រុមការងារបេសកកម្មរបស់អង្គការ JICA សម្របសម្រួលការងាររបស់ខ្លួនជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួងដើម្បីផ្តល់ធាតុចូល ពោលគឺគំនិតថ្មីៗបន្ថែមទៀត។

យ៉ាងណាមិញ ទាក់ទងទៅនឹងទីតាំងកំពង់ផែដែលនឹងត្រូវដំឡើងប្រព័ន្ធ EDI គឺមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក៏ប៉ុន្តែ បើយោងតាមការបញ្ជាក់ពីឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ប្រព័ន្ធ EDI អាចនឹងដាក់ឲ្យដំណើរការនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកសម្រាប់កំពង់ផែឬ Electronic Data Interchange គឺជាប្រព័ន្ធដែលត្រូវបានប្រើដើម្បីគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធិភាពលើប្រតិបត្ដិការនាំចេញនាំចូលរបស់ទំនិញដែលនឹងធ្វើឲ្យនីតិវិធីកំពង់ផែមានភាពងាយស្រួលជាងមុន។

Source From: http://www.construction-property.com/khread-more-1374/

Leave a Reply

Your email address will not be published. Required fields are marked *