News

Check out real estate news updates

គម្រោងទីក្រុងរណបចំនួន ៧ជុំវិញទីក្រុងភ្នំពេញ ជំរុញវិស័យអចលនទ្រព្យកាន់តែមានសក្ដានុពល

ស្របតាមកំណើននៃការអភិវឌ្ឍនិងការកើនឡើងនៃចំនួនប្រជាជនមករស់នៅទីក្រុងពីមួយឆ្នាំទៅមួយឆ្នាំ ទើបរាជរដ្ឋាភិបាលអនុម័តបង្កើតទីក្រុងរណបធំៗចំនួន ៧នៅជុំវិញទីក្រុងភ្នំពេញ។ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបនេះមានរួមបញ្ចូលគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននិងតំបន់ពាណិជ្ជកម្ម អគាររដ្ឋបាល មជ្ឈមណ្ឌលផ្សារទំនើប ក្លឹបហាត់បា្រណ ព្រមទាំងសួនឧស្សាហកម្ម សាលារៀន មន្ទីរពេទ្យ និងសេវាសាធារណៈផ្សេងទៀត។

គម្រោងទីក្រុងរណបទាំង ៧នេះរួមមាន៖ ទីក្រុងរណបកាំកូស៊ីធី៖ ទទួលបានការវិនិយោគពីក្រុមហ៊ុន វើល ស៊ីធី របស់កូរ៉េខាងត្បូងដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក មានផ្ទៃក្រឡាសាងសង់ ១១៩ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងពោងពាយ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ។

ទីក្រុងរណបហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណល់ ស៊ីធី៖ វិនិយោគដោយក្រុមហ៊ុន ខេមបូឌា វ៉ាយ អ៊ិន ភី សហការជាមួយនឹងក្រុមហ៊ុនឥណ្ឌូនេស៊ី ស៊ីពូត្រា គ្រុប ដែលមានតម្លៃវិនិយោគដំបូង ៦០០លានដុល្លារអាមេរិក ដែលមានផ្ទៃក្រឡាសាងសង់ចំនួន ២៦០ហិកតា ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ ខាងជើងរាជធានីភ្នំពេញ។

ទីក្រុងរណបកោះពេជ្រ ស៊ីធី៖ ទទួលបានការវិនិយោគពីអ្នកឧកញ៉ា ពុង ឃាវសែ ដែលមានតម្លៃវិនិយោគ ១ពាន់លានដុល្លារអាមេរិក លើផ្ទៃក្រឡាសាងសង់ ១០០ហិកតា ស្ថិតនៅតាមបណ្តោយទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ទីក្រុងរណបអភិវឌ្ឍន៍បឹងកក់៖ វិនិយោគដោយក្រុមហ៊ុន ស៊ូកាគូអ៊ីន តម្លៃវិនិយោគចំនួន ១៥០០លានដុល្លារអាមេរិក ដែលមានផ្ទៃក្រឡាសាងសង់ប្រមាណ ១១៤ហិកតា។

ទីក្រុងរណបជ្រោយចង្វារ៖ ទទួលបានការវិនិយោគពីអ្នកឧកញ៉ា ពុង ឃាវសែ មានតម្លៃវិនិយោគ ១៦០០លានដុល្លារអាមេរិក មានផ្ទៃក្រឡាសាងសង់មានទំហំ ៣៨៧ហិកតាស្ថិតនៅសង្កាត់ទន្លេជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទីក្រុងរណប លី យ៉ុងផាត់៖ ទទួលបានការវិនិយោគពីអ្នកឧកញ៉ា លី យ៉ុងផាត់ មានតម្លៃវិនិយោគ ១៥០០លានដុល្លារអាមេរិកផ្ទៃក្រឡាសាងសង់ប្រមាណ ជាង១០០០ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទីក្រុងរណប អ៊ឹង ស៊ីធី (ING City)៖ ម្ចាស់គម្រោង ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មានតម្លៃវិនិយោគ ២ពាន់លានដុល្លារអាមេរិក មានផ្ទៃក្រឡាសាងសង់ ២៥៧២ហិកតា ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ និងក្រុងតាខ្មៅ ដែលអភិវឌ្ឍស្ថិតក្នុងបឹងធម្មជាតិចំនួនពីរ គឺបឹងទំពុន និងបឹងជើងឯក ក្នុងរាជធានីភ្នំពេញ។

ការបង្កើតឲ្យមានការអភិវឌ្ឍទីក្រុងរណបនៅជុំវិញរាជធានីភ្នំពេញនេះឡើង បានធ្វើអោយវិស័យអចលនទ្រព្យកើនឡើង មិនតែប៉ុណ្ណោះគម្រោងនេះបានជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ នឹងផ្តល់ឲ្យប្រជាជនកម្ពុជានូវជីវិតដ៏ប្រសើរនាពេលអនាគត ជាមួយនឹងការបង្កើតមុខរបរការងារជាច្រើនដល់ប្រជាជន៕

Source From: https://business-cambodia.com/2018/12/28/satellite-city-project/

Leave a Reply

Your email address will not be published. Required fields are marked *