News

Check out real estate news updates

គម្រោងតម្លៃជាង ២១,២លានដុល្លារអាមេរិកត្រូវបានអនុម័តនៅទូទាំងខេត្តចំនួន ៣

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី ៣១ ខែកក្កដាបានអនុម័តគម្រោងវិនិយោគចំនួន ៤ នៅទូទាំងខេត្តចំនួន ៣ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ២១,២លានដុល្លារអាមេរិក ដែលនឹងបន្ថែមការងារដល់ទៅជាង ១៥០០ កន្លែងទៅក្នុងទីផ្សារ។

ក្រុមហ៊ុនThe Prestige Hospital Co., Ltd. ត្រូវបានអនុញ្ញាតឱ្យសាងសង់មន្ទីរពេទ្យលំដាប់ពិភពលោក ដែលមានគ្រែសម្រាកព្យាបាលចំនួន ១០០គ្រែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយនឹងទុនវិនិយោគប្រមាណជា ៧លានដុល្លារអាមេរិក គម្រោងនេះអាចបង្កើតការងារបានរហូតដល់ ៣៤៤ កន្លែង។

ក្រុមហ៊ុន New East Solar Energy (Cambodia) Co., Ltd. ក៏ត្រូវបានផ្តល់ភ្លើងខៀវសម្រាប់គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡាដែលមានតម្លៃប្រមាណជា ៦.៥ លានដុល្លារអាមេរិក ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលនឹងបង្កើតការងារបានប្រមាណជា ២២០កន្លែង។

ចំណែកក្រុមហ៊ុនទី៣ Cambodia Jingu New Building Materials Co., Ltd. ក៏ត្រូវបានអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៤ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ ដែលនឹងបង្កើតការងារប្រមាណជា ៣១៧ កន្លែង ។

ក្រុមហ៊ុន Nat Best (Cambodia) Electrical & Home Appliance Co., Ltd. ក៏ត្រូវបានអនុញ្ញាតឱ្យបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទក្នុងទឹកប្រាក់វិនិយោគប្រមាណជា ៦,៥លានដុល្លារអាមេរិក និងបង្កើតការងារបាន ៣១៧កន្លែង ក្នុងខេត្តតាកែវ។

ថ្មីៗនេះ CDC ក៏បានអនុម័តគម្រោងវិនិយោគលើរោងចក្រផលិតសម្ភារសំណង់ចំនួន ៦កន្លែង នៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម)

More information visit: https://www.construction-property.com/khread-news-1972/

Leave a Reply

Your email address will not be published. Required fields are marked *