News

Check out real estate news updates

គម្រោងខុនដូថ្មីចំនួន៦បានប្រកាសសាងសង់នៅត្រីមាសទី៣ឆ្នាំនេះ

ភ្នំពេញ: គំរោងខុនដូថ្មីចំនួន៦ ដែលមានផ្ទះសរុបចំនួន២៣៧៤យូនីតបានប្រកាសសាងសង់នៅក្នុងត្រីមាសទី៣ឆ្នាំនេះ កើនឡើងជាង៥ភាគរយ ធៀបនឹងត្រីមាសទី២ក្នុងឆ្នាំដដែលនេះ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញផងដែរថា ខុនដូ២១៨យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារនៅត្រីមាសទី ៣ ឆ្នាំ ២០១៨ ដែលធ្វើឲ្យចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញ កើនឡើងដល់១២,០៤៨ យូនីត។ ក្នុងត្រីមាសទី៣ កន្លងមកមានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន២ បានបញ្ចប់ការសាងសង់ដែលរួមមាន គម្រោង Skylar Meridian ក្នុងខណ្ឌចំការមន និងគម្រោង Apenines ក្នុងខណ្ឌទួលគោក។

របាយការណ៍ដដែលបានបង្ហាញថា ៨០ ភាគរយនៃខុនដូប្រណីត ដែលទើបបញ្ចប់ការសាងសង់ស្ថិតក្នុងខណ្ឌចំការមន។ កាលពីត្រីមាសទី ៣ មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ៦ ដែលស្មើនឹងបន្ទប់សរុប ២ ៣៧៤ យូនីត បានប្រកាសពីការចាប់ផ្តើមសាងសង់ ដែលចំនួននេះបានកើនឡើង៥,២ ភាគរយ បើធៀបនឹងត្រីមាសទី២។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia និយាយឲ្យដឹងថា ទីផ្សារខុនដូនៅឆ្នាំនេះនៅតែមានភាពល្អប្រសើរ ទាក់ទងនឹងការផ្គត់ផ្គង់និងតម្រូវការ ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានខុនដូច្រើនបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារនៅឡើយទេ។ អ្នកនាងបន្តថា អតិថិជនទិញខុនដូបច្ចុប្បន្នបានផ្លាស់ប្តូររបៀបនៃការវិនិយោគរបស់ខ្លួន ដោយពួកគេងាកមកទិញខុនដូ ដែលបានបញ្ចប់ឬជិតបញ្ចប់ការសាងសង់ ជាជាងទិញខុនដូ ដែលទើបប្រកាសសាងសង់។

អ្នកនាងបន្តថា “រហូតមកទល់ពេលនេះ មិនមានសញ្ញាណាមួយគួរឲ្យបារម្ភពីទីផ្សារខុនដូនៅកម្ពុជានៅឡើយទេ”។

ការសិក្សារបស់CBREបានរកឃើញផងដែរថា អតិថិជនដែលទិញខុនដូនៅ កម្ពុជា ភាគច្រើនមកពី សិង្ហបុរី ម៉ាឡេស៊ី ចិន និងហុងកុង។

សម្រាប់ត្រីមាសទី ៣ ខុនដូប្រណីត (High-end) មានតម្លៃជួលជាមធ្យម ១៤,៣ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងប្រភេទមធ្យម (Mid-range) មានតម្លៃ ១១,៦ ដុល្លារ តម្លៃនេះមានការកើនឡើងរៀងគ្នា ០,៣ ភាគរយ និង ៥ ភាគរយ បើធៀបទៅនឹងត្រីមាសទី ២ ឆ្នាំ ២០១៨។
ប្រធានក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisalsលោកឧកញ៉ានួន រិទ្ឋីបានមានប្រសាសន៍ឲ្យដឹងថា ប្រសិនជាគិតពីដើមឆ្នាំមកទល់ពេលនេះ ការផ្គត់ផ្គង់ខុនដូថ្មីៗ ក្នុងរាជធានីភ្នំពេញមិនមានចំនួនកើនឡើងច្រើនដូចកាលពីអំឡុង ៣-៤ ឆ្នាំមុននោះទេ។ យ៉ាងណាការផ្គត់ផ្គង់ និងតម្រូវការនាពេលនេះអាចនិយាយថា មានភាពប្រដំប្រសងគ្នា»៕

Leave a Reply

Your email address will not be published. Required fields are marked *