News

Check out real estate news updates

គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងបញ្ចប់ការអភិវឌ្ឍនៅឆ្នាំ២០២០

គម្រោងសាងសង់កំពង់ផែអន្តរជាតិទឹកជ្រៅ ដែលវិនិយោគរួមគ្នារវាងលោកឧកញ៉ាទ្រី ភាព និងក្រុមហ៊ុនចិន ដើម្បីបំពេញតម្រូវការជាក់ស្តែង ក្នុងការនាំចេញ នាំចូលទំនិញពីកំពង់ផែកម្ពុជាទៅកាន់បណ្តាប្រទេសដៃគូ ជាពិសេសកាត់បន្ថយការចំណាយថ្លៃខ្ពស់លើការដឹកជញ្ចូនផ្លូវទឹក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

ដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកសាងកំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយទៀតនៅខេត្តកំពត ដើម្បសម្រួលដល់ការដឹកជញ្ជូនផ្លូវទឹក និងចូលរួមជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជាបន្ថែម។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីដើមខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំរាជធានីភ្នំពេញ និងមន្ត្រីរាជការពាក់ព័ន្ធប្រមាណ ៨០០នាក់។

កម្ពុជាបានទទួលហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធក្នុងខេត្តតំបន់ឆ្នេរចំនួន៣ គឺខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រឹកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ថា ត្រូវរួមគ្នាជំរុញការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ពិសេសនៅខេត្តកំពតនេះឱ្យមាននិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ តាមទស្សនទានសំខាន់៣គឺ «បៃតង ស្អាត និងឆ្លាត (Green Clean and Smart)» ដោយយកចិត្តទុកដាក់អនុវត្តតាមផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ ផែនការមេ និងទស្សនទានផែនការអភិវឌ្ឍល្អៗបន្ថែមទៀត ក្នុងនោះត្រូវយកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍កំពតថ្មី ២០១៦-២០២០ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារមាតុភូមិកម្ពុជា និងធ្វើឱ្យទឹកដីកម្ពុជាក្លាយជាកន្លែងដ៏ប្រសើបំផុតសម្រាប់ការរស់នៅរបស់ប្រជាជន និងការទស្សនារបស់ភ្ញៀវទេសចរ៕

Source From: https://business-cambodia.com/2018/11/15/international-tourist-port-will-completed-by-2020/

Leave a Reply

Your email address will not be published. Required fields are marked *