News

Check out real estate news updates

គន្លឹះសំខាន់ៗត្រូវ​ដឹង​មុនពេល​សម្រេចចិត្ត​វិនិយោគ​លើ​អា​ផាត​ម៉ិ​ន

ភ្នំពេញ៖ នៅពេលនេះ​ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន​បាន និង​កំពុង​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​កាន់តែ​តានតឹង​ជាង​មុន នៅពេល​ចំនួន​យូ​នី​ត​ខុន​ដូ​ដាក់ចូល​ទីផ្សារ​កាន់តែច្រើន ដូចនេះ​អ្នកវិនិយោគ​អា​ផាត​ម៉ិ​ន​គួរ​ធ្វើការ​វិនិយោគ​យ៉ាងដូចម្តេច ដើម្បី​ទាក់ទាញ​អតិថិជន​ចូល​ស្នាក់នៅ​កាន់តែច្រើន។

 លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន  Khmer Foundation Appraisal ដែល​បាននិងកំពុង​ទទួលជោគជ័យ លើ​ការវិនិយោគ​អា​ផាត​ម៉ិ​ន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ទីផ្សារ​អា​ផាត​ម៉ិ​ន​នៅតែមាន​កំនើន​យ៉ាងរឹងមាំ ដោយ​ផ្អែកលើ​លំហូរ​ចូល​អ្នកវិនិយោគថ្មីៗ ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច ពិសេស​ការធ្វើសមាហរណកម្ម​កម្ពុជា ទៅក្នុង​សហគមន៍ ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​អាស៊ាន។ លោក​បាន​ឲ្យ​ដឹងថា ការវិនិយោគ​អា​ផាត​ម៉ិ​ន ដើម្បី​ទទួលបាន​ជោគជ័យ​ត្រូវ​ផ្អែកលើ​កត្តា​មួយចំនួន។

ទីតាំង

ការជ្រើសរើស​ទីតាំង​មាន​សារៈសំខាន់​ណាស់ ដើម្បី​ដឹងថា​គំរោង​របស់ខ្លួន​គួរ​អភិវឌ្ឍន៍​ក្នុង​ទំហំ​ទឹកប្រាក់​កម្រិតណា និង​ទាក់ទាញ​អតិថិជន​កម្រិតណា ព្រោះ​ប្រសិនជា​ទីតាំង​កម្រិត​A យើង​អាច​ទទួលបាន​ជោគជ័យ បើសិនជា​សាងសង់​អា​ផាត​ម៉ិ​ន​កម្រិត B ប៉ុន្តែ​បើ​ទីតាំង​កម្រិត B ឬ C ហើយ​សាង​សង់អា​ផាត​ម៉ិ​ន​កម្រិត Aមិន​ជោគជ័យ​នោះទេ។ ដូច្នេះ​អ្នកវិនិយោគ​គួរតែ​ដឹង​ពី​ទីតាំង​របស់ខ្លួន។

ការដាក់​តំលៃ

ការផ្តោត​លើ​គោលដៅ​អតិថិជន​ពិតជា​សំខាន់ តែ​ការ​ផ្តោតលើ​តំលៃ​កាន់តែ​សំខាន់ ដូច្នេះ​ការដាក់​តំលៃ​ជួល​គួរតែ​ពិនិត្យមើល ទៅលើ​ទីតាំង​អាគារ​អា​ផាត​ម៉ិ​ន​របស់ខ្លួន ដើម្បី​ទទួលបាន​អ្នក​ជួល​កាន់តែច្រើន និង​ធ្វើ​ឲ្យ​គំរោង​របស់ខ្លួន​ដើរ​ស្របតាម​ស្ថានភាព​ទីផ្សារ​ជាក់ស្តែង។

រក្សា​ឌី​សាញ​អាគារ

មិន​ថា​ទីតាំង ការដាក់​តំលៃ​ទេ និង​ការ​ឌី​សាញ​អាគារ​ឲ្យ​មាន​ភាព​ទាក់ទាញ​កាន់តែ​សំខាន់​ផងដែរ ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នកស្នាក់នៅ​ឲ្យ​មាន​ភាពកក់ក្តៅ និង​អារម្មណ៍​ប្រកបដោយ​ភាពស្រស់​ស្រាយ តាមរយៈ​ការបំពាក់​នូវ​ស្តង់ដា​អាគារ​មាន​លក្ខណៈ​សន្សំសំចៃ​ថាមពល និង​ជា​អាគារ​គោរព​តាម​ស្តង់ដា​បរិស្ថាន ដោយ​កាត់បន្ថយ​បាន​នូវ​ការបំពុល​បរិយាកាស ពោលគឺ​ធ្វើ​ឲ្យ​វា​ក្លាយជា​អាគារ​បៃតង។

ការបំពាក់​សម្ភារៈ​បរិ​ក្ខា

ការបំពាក់​សម្ភារៈ​បរិ​ក្ខា ដូចជា កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក ភោជនីយដ្ឋាន​លើ​អាកាស ចំណត​យានយន្ត​ស្តង់ដា និង​សេវាកម្ម​ដទៃទៀត សុ​ទ្ឋ​តែ​ជា​តម្រូវការ​ចាំបាច់​រប​ស់​អតិថិជន ប៉ុន្តែ​ការបំពាក់​សម្ភារៈ​បរិក្ខា និង​សេវាកម្ម​នានា​នឹងធ្វើ​ឲ្យ​ការចំណាយ​កាន់តែ​ធំ ដូច្នេះ​ធ្វើ​ឲ្យ​តំលៃ​ជួល​កាន់តែ​ថ្លៃ។ ដូច្នេះ​ការបំពាក់​សម្ភារៈ​បរិក្ខា​ទំនើប មាន​សេវាកម្ម​សម្បូរបែប ដើម្បី​ធ្វើ​ឲ្យ​អ្នកស្នាក់នៅ​មាន​ភាពងាយស្រួល ក៏​គួរ​ពិចារណា​ផងដែរ ទៅលើ​ទីតាំង​គំរោង និង​គោលដៅ​អតិថិជន។

ទំហំ​បន្ទប់

តាម​ធម្មតា​អ្នកស្នាក់នៅ​អា​ផាត​ម៉ិ​ន​ភាគច្រើន​ជា​គ្រួសារ​តូច ដែលមាន​គ្នា​មិន​លើសពីរ​បីនាក់​នោះទេ ព្រោះ​ជនបរទេស​មក​ធ្វើការ​នៅ​កម្ពុជា ឬ​ប្រទេស​ដទៃ​ភាគច្រើន​ពួកគេ​ស្នាក់នៅ​បណ្តោះអាសន្ន និង​មាន​សមាជិកគ្រួសារ​តូច ហេតុនេះ​ពួកគេ​មិនសូវ​និយម​អា​ផាត​ម៉ិ​ន​ដែលមាន​បន្ទប់​ច្រើន​នោះទេ។

ពួកគេ​ភាគច្រើន ត្រូវការ​អា​ផាត​ម៉ិ​ន​ដែលមាន​បន្ទប់​គេង​មួយ ឬ​ពីរ​ប៉ុណ្ណោះ ហើយ​អា​ផាត​ម៉ិ​ន​ដែល​ពេញនិយម និង​មាន​អ្នក​ជួល​ច្រើន គឺជា​អា​ផាត​ម៉ិ​ន​ដែលមាន​បន្ទប់​គេង១ឬ​ពីរ​ប៉ុណ្ណោះ។

សេវា​គ្រប់គ្រង​អាគារ

ការ​មាន​អាគារ​ស្រស់ស្អាត មាន​ទីតាំង​ល្អ និង​តំលៃ​សមរម្យ​គ្រប់គ្រាន់​នោះទេ គឺ​ទាមទារ​ឲ្យ​អ្នកវិនិយោគ​អា​ផាត​ម៉ិ​ន មាន​សេវា​គ្រប់គ្រង​អាគារ​ប្រកបដោយ​បទពិសោធន៍ និង​ស្តង់ដា​អន្តរជាតិ​ផងដែរ ដើម្បី​ឲ្យ​អ្នកស្នាក់នៅ​មាន​អារម្មណ៍​កក់ក្តៅ និង​ប្រកបដោយ​ផាសុខភាព ឧទាហរណ៍ សេវា​អ៊ី​ន​ធើ​ណេ​ត​ល្បឿន​លឿន មានការ​ជួលជុល​ទុយោ​ទឹក​បែក​ជូន​អតិថិជន​ទាន់ពេលវេលា​ជាដើម។

ការចង​បណ្តាញ

នៅពេល​បច្ចុប្បន្ន​ពិភព​ជំនួញ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ប៉ុន្តែ​វិធីសាស្ត្រថ្មីៗត្រូវបាន​អ្នកជំនួញ​វ័យក្មេង​ភាគច្រើន​កំពុង​ចាប់យក គឺ​ការចង​បណ្តាញ​ជំនួញ​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​របស់ខ្លួន​ទទួលបាន​ជោគជ័យ និង​មាន​អតិថិជន​ច្រើន ដែលជា​ការផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បានបញ្ជាក់​ពី​បញ្ហា​នេះ​ថា ការចង​បណ្តាញ​ដៃគូ​ជំនួញ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​អា​ផាត​ម៉ិ​ន​របស់ខ្លួន​ទទួលជោគជ័យ ព្រោះ​ការធ្វើ​ជំនួញ​ម្នាក់ឯង​មិន​ទទួលបាន​ជោគជ័យ​នោះទេ ដូច្នេះ​ការចង​បណ្តាញ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ផ្តល់ជូន​អតិថិជន​ដល់​គ្នា​ទៅវិញទៅមក និង​ផ្តល់​ផលប្រយោជន៍​ជូន​គ្នា​ទៅវិញទៅមក៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *