News

Check out real estate news updates

គន្លឹះវិនិយោគដីធ្លីវៃឆ្លាត​ ដើម្បីទទួលបានជោគជ័យ

ការចាប់ផ្តើមអាជីវកម្មលើវិស័យអចលនទ្រព្យ ហាក់ខុសបន្តិចពីមុខជំនួញផ្សេងៗបន្តិច ដោយគិតលើវិធីសាស្ត្រចាប់ផ្តើម និងក្បួនរកស៊ី។ វិស័យអចលនទ្រព្យទៀតសោត ហាក់មានច្រើនផ្នែកតូចៗបន្តទៀត មានវិស័យខុនដូរ លំនៅឋាន អគារពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។ ថ្ងៃនេះយើងផ្តោតសំខាន់ ការវិនិយោគលើដីឡូត៍តែប៉ុណ្ណោះ ដើម្បីទទួលបានជោគជ័យ តើសហគ្រិនគួរធ្វើបែបណា?

លោកឈុំ ឈន់ ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសម្បត្តិជន ធ្លាប់ថ្លែងប្រាប់ Business Cambodia ថា «មុននិងសម្រេចចិត្តវិនិយោគលើការពុះដីឡូត៍លក់ សហគ្រិនត្រូវតែមានចំណង់ចំណូលចិត្តខ្ពស់ ឬមានទឹកចិត្តស្រឡាញ់លើវិស័យឲ្យបានខ្លាំង»។

រកស៊ីវិស័យដីឡូត៍វាពិតជាមានផលចំណេញ តែមិនមែនចំណេញភ្លាមៗក្នុងរយៈពេលខ្លីមកកើបលុយយក ដូចមនុស្សគ្រប់គ្នាយល់ឃើញនោះទេ ត្រូវការពេលវេលាវែងឆ្ងាយ ដូច្នេះហើយត្រូវតែពិនិត្យទឹកចិត្ត អារម្មណ៍ថាយើងស្រឡាញ់អត់។

លោកបន្តថា «ស្រឡាញ់កាងារកំពុងធ្វើ ធ្វើការងារយើងកំពុងស្រឡាញ់» បើយើងដាក់ចិត្តស្រឡាញ់រកស៊ីវិស័យនេះ អ្វីៗក៏យើងហ៊ានលះបង់ ហ៊ានពុះពារគ្រប់ឧបសគ្គ។ យើងមិនអាចជោគជ័យលើអាជីពមួយដែលយើងអត់ស្រឡាញ់ ហើយបើជោគជ័យ ក៏មិនដល់កម្រិតកំពូលខ្លាំងនោះដែរ។

ទាក់ទិននិងការរកស៊ីវិស័យដីឡូត៍នេះ កត្តាលទ្ធភាពនៃដើមទុនពិតជាចំណុចសំខាន់ សម្រាប់សហគ្រិនត្រូវយកចិត្តទុកដាក់ បើយើងខ្លួនឯងមានដើមទុនគ្រប់គ្រាន់ល្មម ឬបើមិនទាន់មានគ្រប់គ្រាន់ទេ យើងសហការចូលហ៊ុនគ្នាជាមួយក្រុមការងារដែលមានទស្សនវិស័យរកស៊ីរួម។

លោកបញ្ជាក់ថា កត្តាតម្រូវការជាចំណុចសំខាន់បំផុតសម្រាប់អាជីវកម្ម មិនថាការពុះដីឡូត៍លក់នោះទេ ព្រោះបើគ្មានតម្រូវការ អាជីវកម្មយើងមិនអាចជោគជ័យបានទេ។ យើងត្រូវសិក្សាតម្រូវការទីផ្សារជាមុនសិន តើប្រជាពលរដ្ឋគាំទ្រអត់ ហើយចូលចិត្តឬទេ។

ស្រដៀងគ្នានេះ លោកង៉ែត ជូ មានប្រសាសន៍ថា «សហគ្រិនត្រូវតែមើលឱ្យឃើញនិន្នការទីផ្សារតម្រូវការជាក់ស្តែង ដើម្បីងាយស្រួលសម្របសម្រួល និងរៀបចំខ្លួនឱ្យតាមកាលៈទេសៈ។ បើយើងមិនអាចបទបែនបាន យើងច្បាស់ជាមានបញ្ហាហិរញ្ញវត្ថុលក់មិនចេញ»។

បន្ថែមពីលើនេះ ការសហការរួមគ្នាវិនិយោគ ជាចំណុចសំខាន់កាន់តែធ្វើឱ្យការវិយោគអចលនទ្រព្យទទួលបានជោគជ័យ ពេលខ្លះយើងមានដីអាចសហការជាមួយអ្នកធ្វើផ្ទះ វិនិយោគរួមគ្នា ចេញជាលំនៅឋាន អាចងាយស្រួលដល់អតិថិជនថែមទៀត។ ព្រោះអ្នកទិញភាគច្រើន មានតម្រូវការផ្ទះតម្លៃទាប និងមធ្យមច្រើន បើយើងធ្វើដូច្នេះអាចចកាត់បន្ថយថ្លៃដើមនៅទាប និងអត្រាការប្រាក់ ហើយរយៈពេលនៃការបោះរំលស់ខ្លីទៀតផង។

តាមទស្សនៈរបស់លោក អ្នកវិនិយោគដីឡូត៍ គួរងាមកវិនិយោគលំនៅឋានតម្លៃទាប និងមធ្យមវិញ ព្រោះទិន្នការទោរទន់ទៅរកផ្លូវនេះហើយ ជាក់ស្តែងការប្រកាសលក់តម្លៃទាប និងមធ្យមត្រូវបាន អតិថិជនកក់ និងទិញច្រើន។

ចំណុចសំខាន់លោកចង់ផ្តោត អ្នកវិនិយោគអចលនទ្រព្យត្រូវតែវាមនុស្សចេះច្នៃប្រឌិតខ្ពស់ដោយខ្លួនឯង និងមានចំណង់ចំណូលចិត្ត មិនត្រឹមមានតែលុយ ឃើញគេពុះដីឡូត៍ ចេញធ្វើតាមគេនោះទេ ព្រោះនៅពីក្រោយអាជីវកម្មនេះ មានភាពស្មុកស្មាញច្រើន។ ហើយបើយើងនៅតែចេញរកស៊ីតាមគេ អាចក្លាយជាជនរងគ្រោះក្នុងទីផ្សារមិនខាន ព្រោះយើងមិនអាចបទបែនតាមសភាពការណ៍ជាក់ស្តែងបាន៕

Source From: https://www.business-cambodia.com/public/article/how-to-investment-land-1

Leave a Reply

Your email address will not be published. Required fields are marked *