News

Check out real estate news updates

ខេត្តចំនួន៣នឹងក្លាយជាទីក្រុងទេសចរណ៍ខណៈក្រសួងនិងភ្នាក់ងារ អភិវឌ្ឍន៍បារាំងដាក់ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

បើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា​ ក្រសួងនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នឹងជំរុញការអភិវឌ្ឍទី​ក្រុង​កំពត បាត់ដំបង ក្រចេះ ជាគោលដៅទេសចរណ៍ទាក់ទាញទី២

ក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍​ដ៏ទាក់ទាញ​ទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។

ចំណុចនេះត្រូវបានលើកឡើងនាឱកាសឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃ​ទី៣១​ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលអនុសាសន៍នានាពីក្រសួងទេសចរណ៍ លើការសិក្សាលទ្ធភាពនៃគម្រោងខាងលើនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍន៍ទីក្រងទាំង៣ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និង​ជា​គោលដៅទេសចរណ៍ទី២ផងដែរ។ ដើម្បីធានាបាននូវការស្នាក់នៅរយៈពេលយូរ របស់ភ្ញៀវ​ទេសចរអន្តរជាតិដែល​មកទស្សនា​កម្ពុជា ចាំចាច់ត្រូវមានការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាទស្សនវិស័យគន្លឹះសំខាន់ៗ ដល់ក្រុមជំនាញការរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្នុងដំណើរ​កិច្ច​សហប្រតិ​បត្តិការជំរុញរៀបចំក្រុងនៃខេត្តទាំងបីខាងលើនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន និងប្រធានគណៈប្រតិភូ បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នាពេលកន្លងមក និងបានប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ច​សហប្រតិបត្តិការរវាង​គ្នាឲ្យរឹតតែខ្លាំង​ថែម​ទៀត ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែល្អប្រសើរ និងដើម្បីបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការរួម​ចំណែកជំរុញ​កំណើន​​​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ពិសេសដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់​តែច្រើន​ឡើង និងបន្តការស្នាក់នៅយូរបន្ថែមទៀត៕

More information visit: https://www.business-cambodia.com/public/article/three-provinces-will-be-tourist-cities

Leave a Reply

Your email address will not be published. Required fields are marked *