News

Check out real estate news updates

ខេត្តកំពតបង្ហាញពីឱកាសវិនិយោគថ្មីជាមួយរមណីដ្ឋានបែបធម្មជាតិ

បច្ចុប្បន្នកំណើនវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា​ក្នុងនោះនិន្នាការនៃវិស័យលំនៅដ្ឋានបានកំពុងផ្លាស់ប្តូរគួរអោយកត់សម្គាល់ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើង។

វិស័យទេសចរណ៍កម្ពុជាគឺជាទីផ្សារដ៏ធំមួយដែលបានជួយជម្រុញដល់កំណើនវិស័យអចលនទ្រព្យ។ នៅពេលដែលចំនួនអ្នកទេសចរណ៍កើនឡើងធ្វ្វើឲ្យការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានការកើនឡើងផងដែរ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលពីតំបន់ និងឱកាសវិនិយោគនៅកម្ពុជាជុំវិញវិស័យលំ​នៅដ្ឋានលំហែកាយ និងរមណីយដ្ឋានបែបធម្មជាតិ។

ខេត្តនីមួយៗមានសក្តានុពលពិសេសដាច់ដោយឡែកពីគ្នាដែលផ្តល់ឱកាសផ្សេងៗគ្នាសម្រាប់អ្នកអភិវឌ្ឍន៍។ បច្ចុប្បន្ននេះខេត្តសៀមរាប​ហាក់បានក្លាយជាខេត្តដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនគឺមកពីសៀមរាមមានប្រសាទអង្គវត្តដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុតនៅទូទាំងពិភពលោក។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថាមានកំណើនឡើងនៅក្នុងខេត្តមួយចំនួ​នទៀតដូចជា៖ ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។​

តេង រិទ្ធី ដែលជាស្ថាបនិក​ ​និងជានាយកក្រុមហ៊ុន R’Investment Group បាននិយាយថាកម្ពុជាមានអំណោយស្រាប់សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។ លោកបានអះអាងថា វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំងដែលសមស្របបន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រកបដោយនិរន្តរភាព។

លោកបានប្រៀបធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ត្រូវចំណាយប្រាក់រាប់លានដុល្លារដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រី​ជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។

លោក រិទ្ធី ផ្ទាល់ក៏មានគម្រោងនឹងអភិវឌ្ឍលំនៅដ្ឋានសម្រាប់លំហែកាយនៅភ្នំពេញ សៀមរាប និងខេត្តកំពត។ លោកលើកឡើងថាបច្ចុប្បន្នយើងកំពុងសិក្សាពីសក្តានុពលនៃទីតាំងរបស់ ខេត្តនីមួយៗសម្រាប់គម្រោងលំហែកាយថ្មីនេះ។

បច្ចុប្បន្នលំនៅដ្ឋានលំហែកាយលក្ខណៈធម្មជាតិជិត១០០កន្លែងមានៅក្នុងប្រទេសប្រកម្ពុជា​ដូចជារមណីយដ្ឋានលំហែកាយកោះសង្សាររមណីយដ្ឋាន  Royal Sand Resort ​នៅកោះរ៉ុង រមណីយដ្ឋាន កោះអណ្តែត រមណីយដ្ឋាន ភូមិបៃតង​នៅសៀមរាប រមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រនៅកែប និង​រមណីយដ្ឋាន  Salty River។

ទាក់ទងនឹងតំបន់ធម្មជាតិ ​និង ធនធានធម្មជាតិរបស់កម្ពុជាវិញ​ កម្ពុជាមានអ្វីៗស្ទើរគ្រ​ប់យ៉ាង រាប់តាំងពីតំបន់ឆ្នេរ ព្រៃឈើ ភ្នំ ទឹកជ្រោះ ស្ទឹង បឹងនិងទន្លេជាដើម។

បើពិនិត្យដោយលម្អិតពីសក្ដានុពលនៃខេត្តកំពត លោក សុខ គែន ស្ថាបនិករបស់ Kampot Property ខេត្ដកំពតបានឱ្យដឹងថាខេត្តកំពតកំពុងមើលឃើញថាមានកំណើនលឿនសម្រាប់រមណីយដ្ឋានបែបធម្មជាតិក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

លោក គែន បានបញ្ជាក់ថាតំបន់នៅតាមបណ្តោយដងព្រែកកំពតមានសក្តានុពលច្រើនសម្រាប់ការ វិនិយោគរមណីយដ្ឋាន​បែបធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយដីនៅជុំវិញក្រុងកំពតក្នុងរង្វង់៣០គីឡូម៉ែត្រត្រូវបានគេមើលឃើញថាមានសក្តានុពលប្លែកៗគ្នាទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំង នីមួយៗ។

កំពតមានភ្នំ ទឹកស្ទឹង ព្រៃឈើ និងសមុទ្រ ហើយលោក គែន បានអះអាងថានៅកែបមានសក្តានុពលជាច្រើនដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ។ លោក បញ្ជាក់ថា កំពតមានតំបន់លាក់ខ្លួន និងតំបន់ថ្មីៗជាច្រើនដែលមិនទាន់មានគេស្គាល់នៅឡើយ។

ខ្ញុំជឿថានៅតែមានឱកាស​ដោយសារតែភាគច្រើននៃរមណីយដ្ឋានធម្មជាតិនៅក្នុងខេត្តនេះមានត្រឹមតែពីខ្នាតមធ្យមទៅខ្នាតតូចប៉ុណ្ណោះ។​ លោកក៏បានន្ថែមទៀតភ្ញៀវទេសចរទាំងក្នុងស្រុក និងជនជាតិអឺរ៉ុបដែលចូលមកកាន់ខេត្តកំពតកំពុងកើនឡើងយ៉ាងច្រើន។

ទាក់ទងនឹងតម្លៃវិញ លោក គែន បានបញ្ជាក់ថា ជាទូទៅរមណីយដ្ឋាន នៅកំពតកំពុងដាក់ជួលក្នុងតម្លៃចន្លោះពី១៥ដុល្លារទៅ៣០ដុល្លារក្នុងមួយយប់។

បន្ថែមលើចំណុចនេះ​ លោក រិទ្ធី បានលើកឡើងដែរថារមណីយដ្ឋានបែបធម្មជាតិលក្ខណៈប្រណិតនៅក្នុងប្រទេសអាចមានតម្លៃរហូតដល់៣,០០០ដុល្លារក្នុងមួយយប់។ លើសពីនេះទៀត សម្រាប់ ការវិនិយោគក្នុងវិស័យនេះ លោក រិទ្ធី  បានជំរុញឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ ដើម្បីនាំយកគំនិតថ្មី​និងប្លែកគេដើម្បីទទួលបានភាពជោគជ័យ។ លោកបានអះអាងថាអ្វីដែលត្រូវយកចិត្តទុកដាក់ត្រូវគិតចាប់ពីការរចនា និងការសាងសង់រហូតដល់ម្ហូបអាហារ ភេសជ្ជៈ និងសុវត្ថិភាពសម្រាប់អ្នកមកស្នាក់នៅ។

លោក ណុះ ម៉ាត់សារី អ្នកតំណាងរបស់រមណីយដ្ឋាន  Bamboo Bungalow នៅក្នុងខេត្តកំពតបាននិយាយថារមណីយដ្ឋានរបស់លោក បានប្រើប្រាស់ការរចនាបែបទំនើបដោយប្រើឫស្សី និងស្បូវ និងមានបម្រើសេវាកម្មបរិយាកាសបែបទំនើបជាមួយល្អឥតខ្ចោះ។ លើលពីនេះ Bamboo Bungalow បានចាប់យកនូវបរិយាកាសធម្មជាតិពិតៗនៃទន្លេដងដ៏ស្រស់ស្អាត។

លោក ម៉ាត់សារី បញ្ជាក់ថា «យើងមិនត្រឹមតែផ្តល់សេវាល្អប៉ុណ្ណោះទេប៉ុន្តែយើងក៏ធានានូវសុវត្ថិភាព និងសន្តិសុខផងដែរ»។ ម៉ាត់សារីរំពឹងថាខេត្តនេះនឹងមានសេដ្ឋកិច្ចកាន់តែប្រសើរជាងមុនដោយសារការកើនឡើងនៃភ្ញៀវទេសចរ។ លោកបាននិយាយថាខេត្តដែលមិនសូវមានអ្នកចាប់អារម្មណ៍នឹងអាចក្លាយជាកន្លែងមានមនុស្សច្រើន​ និងមានការងារធ្វើច្រើនពិសេសផ្នែក បដិសណ្ឋារកិច្ច។ លោក ម៉ាត់សារី បាននិយាយថា «កំពតនឹងកាន់តែមានឈ្មោះល្បីទាំងនៅក្នុងស្រុក និងអន្តរជាតិ»៕

Source From: https://business-cambodia.com/2018/11/14/opportunities-sprouting-for-kampot-eco-resorts/

Leave a Reply

Your email address will not be published. Required fields are marked *