News

Check out real estate news updates

ខេត្តកោះកុងកំពុងក្លាយជាតំបន់អភិវឌ្ឍថ្មី ដោយសារគម្រោងវិនិយោគធំៗរបស់ចិន

ខេត្តកោះកុងជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយក្នុងការនាំទំនិញចេញចូលផងដែរ។ ហើយអ្វីដែលពិសេសនោះ វិនិយោគិនចិនបានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍធំៗនៅខេត្តនេះផងដែរ។

គម្រោងធំៗរបស់ចិនដែលអាចប្រែក្លាយកោះកុងជាតំបន់អភិវឌ្ឍមាន គម្រោងរបស់ក្រុមហ៊ុនចិន UNION Development Group Co., Ltd. Cambodia បានបោះទុនវិនិយោគ១,២០០លានដុល្លារ ដើម្បីសាងសង់គម្រោង ក្រុងវិស្សមកាលទេសចរណ៍ នៅខេត្តកោះកុង​ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៩។​ ដើម្បីជួយជំរុញ វិស័យទេសចរណ៍ ពណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកចំរើន។

គម្រោងក្រុងវិស្សមកាលទេសចរណ៍នេះ នឹងត្រូវសាងសង់ឡើងនៅលើទំហំដី១,២០០ហិកតា ដែលប្រមូលផ្តុំចំរុះទៅដោយ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកំសាន្តខ្នាតអន្តរជាតិ។

ហើយថ្មីៗនេះទៀត ចិននឹងចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍធំៗចំនួន៧ សម្រាប់អភិវឌ្ឍនៅខេត្តកោះកុង និងខេត្តកំពត ដែលមិនទាន់បានបញ្ជាក់ថាជាគម្រោងអ្វីឱ្យច្បាស់នោះទេ។ តែគម្រោងនេះអាចមានទំហំទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារ អាចប្រែមុខមាត់ខេត្តមួយនេះឱ្យទៅជាតំបន់អភិវឌ្ឍថ្មីបានយ៉ាងងាយ។

លោកTomas O’Sullivan ជាCEO ក្រុមហ៊ុន Realestate.com ធ្លាប់បានបញ្ជាក់ថា គម្រោងក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។ ហើយនឹងមានការសាងសង់សណ្ឋាគារកាន់តែច្រើនដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ ជាការពិតគម្រោងរីស៊តដ៏ធំបែបនេះនឹងទាក់ទាញភ្ញៀវទេសចរច្រើនមកចូលទស្សនា។

ជាការពិតណាស់ ខេត្តកោះកុងកំពុងប្រែក្លាយខ្លួនជាតំបន់អភិវឌ្ឍមួយកាន់តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍរបស់ចិន។ ជាពិសេសរាជរដ្ឋាភិបាលកំពុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឱ្យតំបន់នេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។

Source From: https://business-cambodia.com/2018/11/01/koh-kong-is-development-area/

Leave a Reply

Your email address will not be published. Required fields are marked *