News

Check out real estate news updates

ខេត្តកែបនឹងមានកំពង់ផែបម្រើឲ្យការដឹកជញ្ជូនភ្ញៀវទេសចរ

ក្រសួងសាធាររណការ និងដឹកជញ្ជូន កំពុងពិភាក្សាលម្អិតលើគម្រោងសាងសង់កំពុងផែ ក្នុងខេត្តកែប ដើម្បីបម្រើដល់ការដឹកជញ្ជូនភ្ញៀវទេសចរ។ គម្រោងនេះស្ថិតក្នុងដំណាក់កាលនៃការស្វែងរកថវិការដើម្បីអនុវត្ត។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងកំពង់ផែទេសចរណ៍ក្នុងខេត្តកែប ជាគម្រោងប្រើប្រាស់ថវិការរដ្ឋ ហើយមកទល់ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងពិភាក្សារ លើការចំណាយចំពោះគម្រោងផែទេសចរណ៍នេះ។

ឯកឧត្តមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ក្នុងខេត្តកែប គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃភ្ញៀវទេសចរ ជាតិនិងអន្តរជាតិក្នុងខេត្តកែប ខណៈនៅខេត្តកំពត មានកំពង់ផែទេសចរណ៍ ដែលបច្ចុប្បន្ននេះ កំពុងស្ថាបនា និងខេត្តព្រះសីហនុ មានកំពុងផែទឹកជ្រៅ។

ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «ដោយសារខេត្តកំពតមានកំពុងផែទេសចរណ៍ ដូច្នេះក្រសួងក៏បានស្នើគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកែប ដើម្បីបម្រើដល់វិស័យទេសចរណ័ៗ»។

ឯកឧត្តម បញ្ជាក់បន្ថែមថា កំពង់ផែទេសចរណ៍ នៅខេត្តកែប នឹងមានទំហំ តូចជាងកំពង់ផែទេសចរណ៍នៅខេត្តកំពត ហើយថវិការរដ្ឋក្នុងការចំណាយ ក៏តិចជាងការទំហំទឹកប្រាក់ដែលត្រូវយកទៅសាងសង់កំពង់ផែទេសចរណ៍ក្នុងខេត្តកំពតផងដែរ។

សូមបញ្ជាក់ថា ខេត្តកំពត នឹងមានកំពង់ផែទេសចរណ៍មួយសម្រាប់បម្រើដល់ការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរតាមសមុទ្រ ជាមួយប្រទេសវៀតណាម និងប្រទេសថៃ។ ការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ ប្រើប្រាស់ប្រាក់កម្ចី ប្រមាណ១៨លានដុល្លារអាមេរិក របស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB។

តាមការគ្រោងទុក កំពង់ផែទេសចរណ៍ខេត្តកំពត គ្រោងបញ្ជប់ការសាងសង់ និងដាក់ឲ្យដំណើរការចុងឆ្នាំ២០១៩នេះ៕
Source From: https://www.construction-property.com/khread-news-1912/

Leave a Reply

Your email address will not be published. Required fields are marked *