News

Check out real estate news updates

ខុនដូ​នៅ​ភ្នំពេញ​កើនឡើង​ជាង​ ៥% ​ក្នុង​ត្រីមាស​ទី​ ៣

ភ្នំពេញៈ ការដាក់បញ្ចូល​ក្នុង​ទីផ្សារ​របស់​គម្រោង Star City បាន​ធ្វើឲ្យ​ចំនួន​បន្ទប់​ខុនដូ​ដែល​មាន​វត្តមាន​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ដំណាច់​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩ កើនឡើង​ជាង​ ៥ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ២​។ នេះ​បើ​យោងតាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា គម្រោង​ខុនដូ Star Clty ដែល​ស្ថិត​នៅ​ទល់មុខ​នឹង​ស្ពាន​អាកាស​ផ្សារ​ដីហុយ និង​មាន​ចំនួន​បន្ទប់​ស្នាក់នៅ​សរុប ៨៥០ យូនីត​បាន​ជំរុញ​ឲ្យ​ចំនួន​បន្ទប់​ខុនដូ​ដែល​បញ្ចប់​ការសាងសង់​ក្នុង​ក្រុង​ភ្នំពេញ​កើនឡើង ៥,១ ​ភាគរយ ​ដល់ ១៧ ៥០០ ​យូនីត​ ពី​ចំនួន ១៦ ៦៥០ ​យូនីត កាលពី​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩​។ ចំនួន​នេះ​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨ គឺមាន​កំណើន ៤៥,៣ ​ភាគរយ​។

ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញ​ថា ក្នុង​ចំណោម​ខុនដូ ១៧ ៥០០ យូនីត​នេះ​ មាន​ខុនដូ​ប្រភេទ​តម្លៃ​សមរម្យ​ចំនួន ២២ ​ភាគរយ​ តម្លៃ​មធ្យម ៥៤ ​ភាគរយ និង​ប្រភេទ​ប្រណីត ២៤ ​ភាគរយ​។

សម្រាប់​តម្លៃ​វិញ​មាន​ការប្រែប្រួល​ពី ១-២ ភាគរយ​ប៉ុណ្ណោះ​ រវាង​ត្រីមាស​ទី​ ២ និង​ត្រីមាស​ទី​ ៣ ដោយ​ខុនដូ​ប្រភេទ​តម្លៃ​សមរម្យ​មាន​តម្លៃ​ជា​មធ្យម ១ ៥៣១ ដុល្លារ​ ក្នុង ១ ម៉ែត្រការ៉េ ខណៈ​ខុនដូ​ប្រភេទ​តម្លៃ​មធ្យម​មានតម្លៃ ២ ៦០០ ដុល្លារ និង​ប្រភេទ​ប្រណីត​មាន​តម្លៃ ៣ ១៩០ ​ដុល្លារ​។

ជាមួយ​គ្នា​នេះ​ដែរ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ថ្មី​ដែល​ប្រកាស​ចាប់ផ្តើម​ចំនួន ៩ ដែល​ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប ៥ ១៣០ យូនីត​ ដោយ​ភាគច្រើន​ជា​ខុនដូ​លំដាប់​មធ្យម និង​មាន​ទីតាំង​ក្នុង​ខណ្ឌចំការមន និង​ជ្រោយចង្វារ​។

ចំនួន​នេះ​បាន​ធ្វើឲ្យ​ខុនដូ​ដែល​បានប្រកាស​ចាប់ផ្តើម​សាងសង់​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ដល់ ២២ គម្រោង​ ស្មើនឹង ១២ ០៣០ ​យូនីត​។ ចំណែក​គម្រោង​ខុនដូ​ដែល​បានបញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​ដូចគ្នា​នេះ​មាន​ចំនួន​ ៩ ​គម្រោង​ស្មើនឹង ៣ ៣៣០ ​យូនីត​។

លោក សំ សុខនឿន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ KW Sen Sok បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ទីផ្សារ​ខុនដូ​នៅក្នុង​ក្រុងភ្នំពេញ​បាន​បន្ត​ភាព​ល្អ​ប្រសើរ​របស់ខ្លួន​ជាធម្មតា ពិសេស​ប្រភេទ​ខុនដូ​ដែល​មាន​តម្លៃ​សមរម្យ ដែល​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​បាន​ចំណាប់អារម្មណ៍​ប្រជាជន​ខ្មែរ​ឲ្យ​ទៅ​ទិញ​យ៉ាង​ច្រើន​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ​។

លោក​បាន​បន្តថា ស្ថានភាព​តម្លៃ​ដី​កាន់តែ​ខ្ពស់ និង​ចរាចរណ៍​ដែល​កាន់តែ​ចង្អៀត​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្វែងរក​កន្លែង​រស់នៅ​ជិត​កន្លែង​ធ្វើការ​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​កំណើន​ប្រជាជន និង​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​កំពុង​ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​នាំគ្នា​មក​ទិញ​ខុនដូ​រស់នៅ​កណ្តាល​ក្រុង​កាន់តែ​ច្រើន​»​។

ខណៈ​ខណ្ឌ​ចំការមន​កំពុង​គ្របដណ្តប់​ទៅដោយ​ខុនដូ​តម្លៃ​ខ្ពស់​នោះ​លោក សុខនឿន អះអាង​ថា​តំបន់​ភ្នំពេញ​ថ្មី​ដែល​មាន​ដី​ធំៗ​ច្រើន និង​មានតម្លៃ​សមរម្យ​នោះ​នឹង​ក្លាយ​ជា​កន្លែង​ដែល​ប្រមូលផ្តុំ​ទៅដោយ​ខុនដូ​ប្រភេទ​សមរម្យ និង​តម្លៃ​មធ្យម​ច្រើន​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ខាងមុខ​។

ទោះយ៉ាងណា​លោក សុខនឿន បញ្ជាក់​ថា​បើទោះ​ជា​ទីផ្សារ​ខុនដូ​នៅពេល​នេះ​អាចមាន​តម្រូវការ​ច្រើន​គួរសម​ក្តី​ក៏​ការប្រកួតប្រជែង​លើ​ទីផ្សារ​មាន​កម្រិត​ខ្លាំង​ផងដែរ​។

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញថា ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ប្រមាណ ៦,៤៩ ពាន់​លាន​ដុល្លារ​ កើនឡើង ៣៤,៧៣ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែលមាន​តម្លៃ​ប្រមាណ ៤,៨២ ពាន់​លាន​ដុល្លារ​។ ចំនួន​អគារ​ដែល​មាន​កម្ពស់​ចាប់ពី ៥ ​ជាន់​ឡើងទៅ​ មាន​ចំនួន ៣២៩ ​អគារ​៕ LA

More information visit: https://www.postkhmer.com/

Leave a Reply

Your email address will not be published. Required fields are marked *