News

Check out real estate news updates

ខណ្ឌចំការមននឹងមានខុនដូរប្រណីតបន្ថែមទៀតនៅឆ្នាំ ២០២១ខាងមុខនេះ

ខណ្ឌដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញខណ្ឌចំការមនកំពុងត្រៀមខ្លួនទទួលយកគម្រោងខុនដូរដ៏ប្រណីតបន្ថែមទៀតនៅឆ្នាំ២០២១ ខាងមុខនេះក្រោយពីមានការបុកគ្រឺះសាងសង់អគារខុនដូរកម្ពស់២៥ជាន់។

កាលពីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក Century 21 V-Heritage Home Realty បានសហការជាមួយម្ចាស់ដីដើម្បីវិនិយោគលើគម្រោងលំនៅដ្ឋានដំបូងរបស់ខ្លួនឈ្មោះថា « Amara Residence» ដែលគម្រោងនេះនឹងបញ្ចប់ការសាងសង់ដោយក្រុមហ៊ុន China Nuclear Engineering (CNE) នៅឆ្នាំ២០២១ខាងមុខនេះ។ គម្រោងអគារនេះចម្ងាយមិនដល់មួយគីឡូម៉ែត្រពីស្ថានទូតជប៉ុន ស្ថានទូតថៃនេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យជើងចាស់ក្នុងស្រុក VTrust ។

គម្រោងដ៏ប្រណីតមួយនេះ នឹងលាតសន្ធឹងលើផ្ទៃដីប្រមាណជា ៤៩២ ម៉ែត្រការ៉េ មានចំនួន ៩៦ យូនីត ហើយត្រូវបានស្ថាបនាឡើងជាមួយនឹងការរចនាស្ថាបត្យកម្មពិសេស ដែលបង្ហាញពីភាពទំនើបទាន់សម័យ និងការរស់នៅប្រកបដោយផាសុកភាពនាសម័យទំនើបនៅក្នុងទីផ្សារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។

ថ្លែងក្នុងពិធីសម្ពោធខាងលើនេះ លោក មៀច សុខា អគ្គនាយកក្រុមហ៊ុន C21 V-Heritage Home Realty បានមានប្រសាសន៍ថា គម្រោង «Amara Residence» នឹងមានភាពលេចធ្លោដោយសារគម្រោងនេះផ្តល់លក្ខណៈពិសេសមួយចំនួនដល់វិនិយោគិន។

លោកបានមានប្រសាសន៍ថា៖ «គម្រោងរបស់យើងផ្ដោតជាពិសេសទៅលើប្រព័ន្ធសុវត្ថិភាព និងសេវាគ្រប់គ្រងក្រោយការលក់ រួមមានការបែងចែក ១ ភាគរយពីតម្លៃលក់ទៅក្នុងមូលនិធិមួយ (sinking fund) ដែលជាអត្ថប្រយោជន៍រយៈពេលវែងរបស់ម្ចាស់អចលនទ្រព្យ»។

លោក មៀច សុខា បានបន្តថា «ជាមួយនឹងទីតាំងល្អ តម្លៃប្រកួតប្រជែងក្នុងទីផ្សារ និងការប្តេជ្ញាចិត្តលើសេវាគ្រប់គ្រងអគារ អតិថិជននឹងទទួលបាននូវបទពិសោធន៍ប្លែកថ្មីមួយជាមួយនឹងលំនៅដ្ឋានរបស់ពួកគេ ហើយទន្ទឹមគ្នានេះដែរក៏នឹងទទួលបានប្រាក់ចំណូលពីការឡើងថ្លៃអចលនទ្រព្យផងដែរ»។

ជាមួយនឹងផ្ទៃអគារសរុប (net area) ទំហំ៥ ០០០ម៉ែត្រការ៉េ ទំហំយូនីតនីមួយៗនៃគម្រោងនេះមានចន្លោះចាប់ពី៣៧ ដល់ ១៣៩ម៉ែត្រការ៉េ ហើយតម្លៃយូនីតនីមួយៗចាប់ពី ១ ៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។

ដើម្បីអបអរសាទរការប្រារព្ធពិធីបញ្ចុះបឋមសិលានេះ ការបញ្ចុះតម្លៃរហូតដល់ ៨ ភាគរយ ត្រូវបានផ្តល់ជូនដល់អតិថិជនចាប់ពីថ្ងៃនេះរហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០១៩ ។

Source From: https://www.construction-property.com/khread-news-1643/

Leave a Reply

Your email address will not be published. Required fields are marked *