News

Check out real estate news updates

ក្រុម​ហ៊ុន​នៅ ថៃ ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​លក់​ខុន​ដូ​នៅ​ ចិន

ក្រុង​បាង​កកៈ ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ចិន Jiaranai Entertainment ​ក្នុង​ប្រ​ទេស​ ថៃ​ នៅ​សប្តាហ៍​មុន​​​បាន​​ចុះ​កិច្ច​ស​ន្យា​​​ជា​មួយ​​ភ្នាក់​ងារ​​អ​ច​ល​ន​ទ្រព្យ​ចិន​​ Wo Ai Wo Jia Co ដើ​ម្បី​ណែ​នាំ​ខុន​ដូ​ថៃ​​ទៅ​កាន់​​ទី​ផ្សារ​​ចិន ខណៈ​​​តម្រូវ​ការ​​​ខុន​ដូ​ថៃ​ពី​ជន​ជាតិ​ចិន​កំ​ពុង​កើន​ឡើង។ នេះ​បើ​យោង​តាម​កា​សែត​បាង​កក​ប៉ុស្តិ៍។

តាម​រយៈ​ភាព​ជា​ដៃ​គូ​ថ្មី​នេះ​ ក្រុម​ហ៊ុន Jiaranai Entertainment ​​កំ​ណត់​គោល​ដៅ​​លក់​ចំ​នួន​ ៥ ពាន់​យូ​នីត​​ក្នុង​តម្លៃ​ពី ​២៥‑​៣០ ​ពាន់​លាន​បាត (៩០៤ លាន​ដុ​ល្លារ) នៅ​​ឆ្នាំ​ក្រោយ​ ដោយ​មាន​កា​ជួយ​ផ្សព្វ​ផ្សាយ​ពី​​កា​រិ​យា​ល័យ​លក់​​របស់​ក្រុម​ហ៊ុន​ Wo Ai Wo Jia Co ចំ​នួន​ ៣ ៥០០​​ ទូ​ទាំង​​​ប្រ​ទេស​ ចិន។

លោក​ស្រី Rui Guo នា​យក​គ្រប់​គ្រង​ក្រុម​ហ៊ុន Jiaranai ​Entertainment បាន​ប្រាប់​កា​សែត​បាង​កក​ប៉ុស្តិ៍​ថា​ តម្រូវ​ការ​ខុន​ដូ​ក្នុង​ទី​ក្រុង​បាង​កក​​​ពី​អ្នក​ទិញ​ជន​ជាតិ​ចិន​​បន្ត​​កើន​ឡើង ​ដែល​អ​តិ​ថិ​ជន​​មក​ពី​ទី​ក្រុង​ថ្នាក់​ទី​ ១ ​​ដូច​ជា ​​ទី​ក្រុង​ប៉េ​កាំង​ និង​​ស៊ាង​ហៃ​ ​និង​ទី​ក្រុង​ថ្នាក់​ទី​ ២ ​​​ដូច​ជា​ទី​ក្រុង​ ឆឹង​ទូ និង​ទី​ក្រុង​ ហាង​ចូវ។

លោក​ស្រី​ថ្លែង​ថា​៖​ «​​ជន​ជាតិ​ចិន​​ក្នុង​ទី​ក្រុង​ថ្នាក់​ទី​ ១ ​​គឺ​ជា​​ក្រុម​ទី​ ១ ​​​ដែល​​ទិញ​អ​ច​ល​ន​ទ្រព្យ​​នៅ​បរ​ទេស​​​ក្នុង​​រយៈ​កាល​​ ៧ ឆ្នាំ​ចុង​ក្រោយ​នេះ»។ លោក​ស្រី​បាន​បន្ថែម​ថា៖ «ជន​ជាតិ​ចិន​ពី​ទី​ក្រុង​ថ្នាក់​ទី​ ២​​ គឺ​ជា​​រលក​​​ទិញ​ទី​​ ២។ ពួក​គេ​កំ​ពុង​ស្វែង​រក​ទិញ​​ខុន​ដូ​​នៅ​ក្នុង​ប្រ​ទេស​ថៃ​​ ខណៈ​​តម្លៃ​​លំ​នៅ​ឋាន​ក្នុង​ទី​ក្រុង​កំ​ណើត​​របស់​​ពួក​គេ​បាន​កើន​ឡើង​»។

បង្កើត​ឡើង​កាល​ពី ​៦​ ឆ្នាំ​មុន​ ក្រុម​ហ៊ុន​នេះ​​នៅ​​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦​ ​បាន​​ចាប់​ផ្តើម​​​ណែ​នាំ​ខុន​ដូ​​ថៃ​ទៅ​ឲ្យ​អ្នក​ទិញ​ជន​ជាតិ​ចិន​ និង​​បាន​បង្កើត​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ JRN Real Estate Co ដើ​ម្បី​ធ្វើ​ជា​ភ្នាក់​ងារ​អ​ច​ល​ន​ទ្រព្យ​។

ក្រុម​ហ៊ុន JRN Real Estate ​បាន​កត់​ត្រា​​ការ​លក់​ខុន​ដូ​តម្លៃ​ ២,៩៤​​ ពាន់​លាន​បាត​​ពី​គម្រោង​ខុន​ដូ​​ ២៩​ ដែល​ភាគ​ច្រើន​មក​ពី​ក្រុម​ហ៊ុន​​អភិ​វឌ្ឍ​ន៍​ធំ​ៗ​​ដូច​ជា​​ក្រុម​ហ៊ុន ​Land & Houses ក្រុម​ហ៊ុន Pruksa Real Estate និង​ក្រុម​ហ៊ុន Quality Houses ជា​ដើម។

អ្នក​ស្រី Guo ដែល​​បាន​រស់​នៅ​ក្នុង​ប្រ​ទេស ថៃ ​៣០ ​ឆ្នាំ​មក​ហើយ​នោះ​បាន​ថ្លែង​ថា​៖ «​​នៅ​ពេល​ទិញ​ខុន​ដូ​ថៃ​​ អ្នក​ទិញ​ជា​ជន​ជាតិ​​ចិន​ពិ​ចារ​ណា​ទៅ​លើ​ភាព​ជឿ​ជាក់​របស់​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​។ ​ពួក​គេ​នឹង​ពិ​និត្យ​មើល​​​ថា​ តើ​ក្រុម​ហ៊ុន​​អភិ​វឌ្ឍ​ន៍​អាច​ផ្ទេរ​​កម្ម​សិទ្ធិ​យូ​នីត​​ខុន​ដូ​ទៅ​តាម​ការ​សន្យា​​របស់​​ពួក​គេ​ដែរ​​ឬ​អត់​?»។ លោក​ស្រី​បន្ត​ថា៖ «​​​ជន​ជាតិ​ចិន​នឹង​មិន​ទិញ​​ពី​ក្រុម​ហ៊ុន​​ដែល​ពួក​គេ​​មិន​​​ដែល​ស្គាល់​ដែរ​​»។

អ្នក​ស្រី​បាន​ថ្លែង​ថា​ កត្តា​ដ​ទៃ​ៗ​ទៀត​រួម​មាន ​​​ស្ថិរ​ភាព​នៃ​ការ​វិ​និ​យោគ​ ឬ​ភាព​ទាក់​ទាញ​​នៃ​​​ អ​ច​ល​ន​ទ្រព្យ​ ​និង​ទី​តាំង​ ព្រម​ទាំង​​លទ្ធ​ភាព​នៃ​ការ​ឡើង​ថ្លៃ​របស់​​ខុន​ដូ។

ប្រ​ហែល​ ៧០ ភាគ​រយ​នៃ​ការ​លក់​​បាន​មក​ពី​គម្រោង​ក្នុង​ទី​ក្រុង​ បាង​កក​ ​បន្ទាប់​មក​ពី​គម្រោង​នៅ​ទី​ក្រុង​ប៉ា​តា​យ៉ា ឈៀង​ម៉ៃ​ ​និង​ភូ​កេត​។

ទី​តាំង​ខុន​ដូ​ចំ​នួន​ ៥​ ដែល​​ជន​ជាតិ​ចិន​ចូល​ចិត្ត​ទិញ​ រួម​មាន Thong Lor-​Ekamai, Silom-Sathon, Phrom Phong, Rama IX និង Bang Na។ ​តម្លៃ​​ក្នុង​ ១ ​យូ​នីត​មាន​ចាប់​ពី ​៣ ​ដល់​ ១០ ​លាន​បាត​ (៩ ម៉ឺន ទៅ ៣ សែន​ដុ​ល្លារ) ខណៈ​ត​ម្លៃ​មធ្យម​​​មាន​ចាប់​ពី​ ៥ ទៅ ​៦ ​លាន​បាត។

អ្នក​ស្រី Guo ​បន្ត​ថា​៖ «​ខណៈ​ដី​មាន​កំ​ណត់​នៅ​ក្នុង​ទី​ក្រុង​បាង​កក ​ចំ​ណាប់​អារ​ម្មណ៍​​របស់​ចិន​ចំ​ពោះ​ខុន​ដូ​ក្នុង​ទី​ក្រុង​បាង​កក​​កំ​ពុង​ពង្រីក​ទៅ​តំ​បន់​ខាង​ក្រៅ​ដូច​ជា​នៅ Bang Na ជា​ដើម។ នេះ​ជា​និ​ន្នា​ការ​ថ្មី​មួយ​​»។

លោក Wang Peng ​អនុ​ប្រ​ធាន​​​គ្រប់​គ្រង​ទូ​ទៅ​​​ផ្នែក​អា​ជីវ​កម្ម​បរ​ទេស​​របស់​ក្រុម​ហ៊ុន Wo Ai Wo Jia ​បាន​​ថ្លែង​ថា​ ​​អ​ច​ល​ន​ទ្រព្យ​​ថៃ​បាន​ចាប់​ផ្តើម​ដណ្តើម​​ចំ​ណែក​ទី​ផ្សារ​​ពី​អា​មេ​រិក​ ​ដែល​ជា​ទី​ផ្សារ​អ​ច​ល​ន​ទ្រព្យ​​បរ​ទេស​ធំ​បំ​ផុត​​​សម្រាប់​ជន​ជាតិ​ចិន។

លោក Peng ​បាន​ថ្លែង​ទៀត​ថា​៖ «​​សម្រាប់​អ្នក​ទិញ​ជន​ជាតិ​ចិន​ តម្លៃ​អ​ច​​ល​ន​ទ្រព្យ​​​ក្នុង​ទី​ក្រុង ​បាង​កក​ ​ភូ​កេត ​និង​ប៉ា​តា​យ៉ា ​​មាន​លក្ខណៈ​ទាក់​ទាញ​សម្រាប់​ការ​វិ​និ​យោគ​​ និង​​ចំ​ណាយ​ពេល​វេ​លា​តិច​ជាង​​​ការ​ធ្វើ​ដំ​ណើរ​ទៅ​​អា​មេ​រិក​»៕ PS

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *