News

Check out real estate news updates

ក្រុមហ៊ុន KrisEnergy ផ្ដល់​កិច្ច​សន្យា​សម្រាប់​គម្រោង​ប្រេង​នៅ​កម្ពុជា

ក្រុមហ៊ុន​ KrisEnergy ​ដែលជា​ក្រុមហ៊ុន​រុករក​ប្រេង ​និង​ឧស្ម័ន​របស់​សិង្ហបុរី បាន​ប្រកាសនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨​ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​​របស់ខ្លួន​គឺ SJ Production Barge Ltd បាន​ផ្ដល់​កិច្ច​សន្យា​ដល់​ក្រុមហ៊ុន Keppel Shipyard សម្រាប់​ការ​កែលម្អ និង​ធ្វើឱ្យ​ប្រសើរឡើងនូវ​នាវា​ផលិតកម្ម​​របស់ខ្លួន ​ក្នុងការ​ប្រើប្រាស់​​អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត​អប្សរា​​នៅក្នុង​ប្លុក A ស្ថិត​ក្នុង​ដែន​សមុទ្រ​កម្ពុជា។ អណ្ដូង​ប្រេង​អប្សរា​​ គឺជា​ការ​អភិវឌ្ឍ​អ៊ីដ្រូកាបូន​​ដំបូង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។

ទំហំ​ការងារ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន Keppel Shipyard សម្រាប់​នាវា​ផលិតកម្ម​រួមមាន៖ ការ​ដំឡើង​ ម៉ូឌុល​បង្កើត​ថាមពល ឈ្មោះ Electrical House, ទីកន្លែង​ស្នាក់​នៅថ្មី និង​ការងារ​ជួសជុល​ដំឡើង​ផ្សេងៗទៀត​។ នៅពេលបញ្ចប់ការងារសព្វ​គ្រប់ ក្នុង​អំឡុង​ត្រីមាសទី ៣ ឆ្នាំ ២០១៩ នាវា​ផលិតកម្ម​នេះ នឹង​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើប្រព្រឹត្តកម្ម​សន្ទនីយ៍ (ដំណើរការ​ទាញយក​សារធាតុរាវ​ ) ​រហូត​ដល់ទៅ ៣ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ និង​មាន​បំពាក់​នូវ​ឋាបនៈភ័ណ្ឌ ដែលអាច​​ញែក​ឧស្ម័ន ប្រេង និង​ទឹក។

ទំហំទឹកប្រាក់​នៃកិច្ច​សន្យា​នេះ​គឺប្រមាណ​ជា ២១,៧ លាន​ដុល្លារ ដែលក្នុង​នោះ ការ​ទូទាត់​មួយ​ភាគ​នឹង​ត្រូវ​ធ្វើឡើង​ទៅតាម​លក្ខខណ្ឌ​ពន្យារ​។ កិច្ចសន្យានេះ​ត្រូវ​បាន​ផ្ដល់​ ស្រប​ទៅតាម​កិច្ចព្រមព្រៀង​ សហប្រតិបត្តិការ​ ដែលធ្លាប់បានយល់ព្រម​ពីមុន​ជាមួយនឹង​ក្រុមហ៊ុន Keppel FELS Limited និង Keppel Shipyard។ ហើយ​នេះ​គឺជា​ផ្នែកមួយ​នៃ​ប្រតិបត្តិការ​បុគ្គល​ភាគី ដែល​នឹង​អនុវត្ត​ក្រោម​អាណត្តិ​ប្រតិបត្តិការ​បុគ្គលភាគី ដែលយល់ព្រម និងអនុម័ត​ដោយ​ម្ចាស់​ភាគហ៊ុន​របស់ក្រុមហ៊ុន​នៅ​ក្នុង​អង្គ​ប្រជុំវិសាមញ្ញ​កាលពីថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ២០១៨។

លោក Brian Helyer នាយករង​ផ្នែក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន KrisEnergy បាន​ថ្លែងថា៖ «យើង​មាន​សេចក្តីរីករាយ​ក្នុងការ​រួមដៃគ្នា​ធ្វើការជាមួយ​នឹងក្រុមហ៊ុន Keppel Shipyard សម្រាប់​គម្រោងអភិវឌ្ឍន៍​ប្រេង​​ដ៏​ធំ​នៅ​​កម្ពុជា​នេះ។ តាមរយៈ​ជំនួយ​គាំទ្រ​ពីដៃគូ​ដែលមាន​បទពិសោធន៍ និងមាន​សមត្ថភាព​បែបនេះ យើង​ជឿថា យើង​នឹង​អាច​អភិវឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធភាព​​នូវធនធានប្រេង​ក្នុង​ប្លុក A ដើម្បីជា​ប្រយោជន៍​ដល់ ​​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ​របស់យើង»។

Keppel Shipyard គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Keppel Offshore & Marine Ltd (“Keppel O&M”)។

លោក Chor How Jat នាយក​គ្រប់គ្រង (ផ្នែក​កែច្នៃ និងជួសជុល) របស់ Keppel O&M និង​ជា​នាយក​គ្រប់​គ្រង​​​របស់ Keppel Shipyard បាន​ថ្លែង​ថា៖ «ជាមួយនឹង​បទពិសោធន៍​ជាច្រើន​លើ​ការងារ​គម្រោង​​ជួសជុល កែច្នៃ និង​កែលម្អ​ Keppel Shipyard ពិត​ជា​មាន​សមត្ថភាព​​ក្នុង​ការ​រៀប​ចំផ្នែក​វិស្វកម្ម និង​ផ្ដល់​នូវ​ដំណោះ​ស្រាយ​យ៉ាងទូលំទូលាយ​​សម្រាប់​នាវា​ផ្សេងៗ។ កិច្ច​សន្យា​ថ្មី​ពីក្រុមហ៊ុនគ្រីសអេនើជីនេះ គឺជា​គម្រោង​ដំបូង​​របស់​យើង​ដែលធ្វើ​រួមគ្នា​ ចាប់តាំងពី​មានការ​តែ​ងតាំង​ក្រុមហ៊ុន Keppel O&M កាលពីដើម​ឆ្នាំនេះ ឲ្យ​ធ្វើ​ជា​ដៃគូ​សម្រាប់កញ្ចប់ការងារ​ផ្នែក​ដំណោះស្រាយ​ប្រេង​ និង​ឧស្ម័ន​ក្នុងដែន​សមុទ្រ»។

ក្រុមហ៊ុន​ KrisEnergy គឺជា​ប្រតិបត្តិករ​​នៃប្លុក A របស់​កម្ពុជា ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ ៣០៨៣ គីឡូម៉ែត្រ​ការ៉េ​​ នៃ​អាង​សមុទ្រ​ខ្មែរ ក្នុង​ជម្រៅ​ទឹក​​ចន្លោះ​ពី ៥០ ទៅ ៨០ ម៉ែត្រ​។ ដំណាក់កាល 1A នៃ​ការ​អភិវឌ្ឍ​អណ្ដូង​ប្រេង​អប្សរា រួមមាន​ផ្លាត​ហ្វមក្បាល​អណ្តូង​ផលិតកម្ម ដែល​បញ្ជា​ពី​ចម្ងាយ​មួយ ទ្រទ្រង់​ដល់​អណ្តូង​បូមប្រេង​ចំនួន ២៤ ដែល​បញ្ជូន​សន្ទនីយ៍ ទៅកាន់​នាវា​ផលិតកម្ម​មួយ ។ ប្រេងឆៅ​ដែល​ផលិត​បាន​ នឹង​ត្រូវ​បញ្ជូន​តាម​បំពង់​បង្ហូរប្រេង​ប្រវែង ១,៥ គីឡូម៉ែត្រ ទៅកាន់​នាវា​បណ្តែត ផ្ទុក និង​ផ្ទេរប្រេង​អចិន្រ្តៃយ៍មួយ៕

Source From: http://kleykley.sabay.com.kh/article/1102373#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *