News

Check out real estate news updates

ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​ថៃ ​សម្លឹង​មើល​ស្ថានភាព​ក្រោយ​បោះ​ឆ្នោត

ក្រុង​បាងកកៈ ស្ថិរភាព​នយោបាយ​ ភាព​ស៊ី​គ្នា​នៃ​គោល​នយោបាយ​ ​និង​បរិយាកាស​សន្តិភាព គឺ​ជា​សេចក្តី​ប្រាថ្នា​​​​ធំៗ​របស់​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​អចលនទ្រព្យ​ក្នុង​ស្រុក ​​និង​បរទេស​ ពី​រដ្ឋាភិបាល​​ថ្មី​​របស់​ថៃ ជា​ជាង​ការ​ផ្តល់​ឲ្យ​ការ​លើក​ទឹក​ចិត្ត​ណា​មួយ ដើម្បី​ជំរុញ​ទីផ្សារ​​អចលនទ្រព្យ​​។ នេះ​បើ​​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​អង្គារ។

លោក Barny Swainson នាយក​ជាន់​ខ្ពស់​​ និង​ជា​​ប្រធាន​ទីភ្នាក់ងារ​ប្រចាំ​​​​ក្រុមហ៊ុន​ប្រឹក្សាយោបល់​អចលនទ្រព្យ​​ Colliers International Thailand បាន​ថ្លែង​ថា វិនិយោគិន​បរទេស​​ទំនង​ជា​បន្ត​ការ​វិនិយោគ​​របស់​​ពួក​គេ​​​ក្នុង​វិស័យ​អចលនទ្រព្យ​​​ថៃ​។ ​

លោក​បាន​ថ្លែង​ថា​៖ «​ការ​វិនិយោគ​លើ​​​អចលនទ្រព្យ​​ពី​វិនិយោគិន​បរទេស​​ក្រោម​ការ​បណ្តាក់​ទុន​រួមគ្នា ​​​មិន​បាន​​ធ្លាក់​ចុះ​ទេ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៥​ មក ដោយ​​​ការ​វិនិយោគ​ភាគ​ច្រើន​​មក​ពី​វិនិយោគិន​ជប៉ុន​»។ លោក​បន្ថែមថា៖ «​ពួក​គេ​នឹង​បន្ត​ការ​វិនិយោគ​របស់​ពួក​គេ​នៅ​ឆ្នាំ​នេះ​ ហើយ​​​មាន​ទស្សន​វិជ្ជមាន​​ចំពោះ​​ការ​បោះ​ឆ្នោត​សកល​នេះ»។

លោក Colliers ​បាន​ឲ្យ​ដឹង​ថា ​ការ​វិនិយោគ​​បរទេស​ក្រោម​ការ​បណ្តាក់​ទុន​​រួម​គ្នា​ជា​មួយ​​ក្រុមហ៊ុន​​អភិវឌ្ឍន៍​​ក្នុង​ស្រុក​បាន​កើន​ឡើង​ពី​ ៥០ ​ពាន់​លាន​បាត (ប្រហែល ១,៥៧ ពាន់​លាន​ដុល្លារ) ​ក្នុង​ឆ្នាំ ២០១៥ ​ដល់​ ៥៥ ​​ពាន់​លាន​​បាត​ ៧៥ ​ពាន់​លាន​បាត​ និង ​១១០ ​ពាន់​លាន​បាត​ចាប់​ពី​ឆ្នាំ ២០១៦ ដល់ ២០១៨។

លោក Swainson បាន​ថ្លែង​ថា ​ឆ្នាំ​នេះ​តួលេខ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​​ដល់​ ១២០ ​ពាន់​លាន​បាត​ ដែល​​​នឹង​​បង្កើន​ការ​វិនិយោគ​សរុប​ដល់​ ៥៥០​ ពាន់​លាន​បាត​ (១៧,៣ ពាន់​​លាន​ដុល្លារ) ​ហើយ​ក៏​នឹង​មាន​អ្នក​ចូលរួម​ថ្មី​ផង​ដែរ​ពី​ប្រទេស ​ចិន ​​​ដែល​នឹង​ធ្វើ​ឲ្យ​​មាន​ការ​វិនិយោគ​ធំ​មួយ​នា​ពេល​ខាង​មុខ​ឆាប់ៗ​។

បើ​គិត​ពី​​​គម្រោង​​បណ្តាក់​ទុន​​រួម​គ្នា​​ក្នុង​រយៈ​កាល​​ ៥ ​ឆ្នាំ​នេះ​ ជប៉ុន​និង​ចិន​គឺ​​ជា​អ្នក​វិនិយោគ​ធំ​បំផុត​ចំនួន ​២​ ដែល​ជប៉ុន​មាន ​២៩​ ភាគរយ និង​ចិន​មាន​​ ២៧ ភាគរយ។ ​បន្ទាប់​មក​ទៀត​គឺ​ ការ​វិនិយោគ​រួម​គ្នា​រវាង​ចិន‑ហុងកុង ២៤ ភាគរយ សិង្ហបុរី ១១ ភាគរយ និង​ហុងកុង​ ៩ ភាគរយ។

ប្រទេស ​ជប៉ុន ដែល​ជា​វិនិយោគិន​មួយ​​ក្នុង​ចំណោម​វិនិយោគិន​ចង់​បាន​ហានិភ័យ​ទាប​បំផុត​នោះ​មាន​ភាព​សកម្ម​បំផុត​ក្នុង​វិស័យ​អចលនទ្រព្យ​ថៃ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ។ ជិត ២ ភាគ ៣ នៃ​តម្លៃ​គម្រោង​បណ្តាក់​ទុន​រួម​គ្នា​មាន​ប្រភព​មក​ពី ប្រទេស​ ជប៉ុន ដល់​ប្រមាណ ៣៧៥ ពាន់​លាន​បាត (ប្រហែល ១១,៧៩ ពាន់​លាន​ដុល្លារ)។​

លោក Swainson បាន​ថ្លែង​ថា៖ «ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិនិយោគិន​ជប៉ុន​បាន​ដឹង​​ថា នឹង​មាន​​ការ​បោះ​ឆ្នោត​សកល​មួយ​ក្នុង​ប្រទេស ថៃ ​នៅ​ឆ្នាំ​នេះ។ ស្ថានភាព​នយោបាយ​មាន​សារៈ​សំខាន់​សម្រាប់​ការ​វិនិយោគ​បរទេស»។

លោក Phattarachai Taweewong អនុ​ប្រធាន​ស្ថាប័ន​ស្រាវជ្រាវ Colliers បាន​ថ្លែង​ថា សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថៃ ស្ថិរភាព​របស់​រដ្ឋាភិបាល​ថ្មី គឺ​ជា​អាទិភាព​កំពូល។

យោង​តាម Colliers ការ​ផ្គត់ផ្គត់​ខុនដូ​ថ្មី ដែល​បាន​ចាប់​ដំណើរការ​ក្នុង​អំឡុង​​ពេល ៥ ឆ្នាំ​ចុង​ក្រោយ​ដែល​​ស្ថិត​ក្រោម​របប​រដ្ឋាភិបាល​យោធា មាន​ចំនួន​សរុប ២៤៥ ០០០ យូនីត ឬ ៤៩ ០០០ យូនីត​ក្នុង ​១ ​ឆ្នាំ។

ទន្ទឹម​នឹង​នេះ​ដែរ ចំនួន​ខុនដូ​ដែល​បាន​​​ចាប់​ដំណើរការ​​ចាប់​ពី​ឆ្នាំ ២០០៩ ដល់ ២០១៣ មាន​ ២១៩ ០០០ យូនីត ឬ ៤៣ ០០០ យូនីត​ក្នុង ១ ​ឆ្នាំ។

លោក Phattarachai ថ្លែង​ថា៖ «តួលេខ​ទាំង ២ នេះ​បង្ហាញ​ថា ស្ថិរភាព​​មាន​សារៈសំខាន់​បំផុត និង​ជា​​អ្វី​ដែល​​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​​ចង់​បាន​ពិត​ប្រាកដ ជា​ជាង​គោល​​នយោបាយ ឬការ​លើក​ទឹក​ចិត្ត​​ដែល​ផ្តល់​ឲ្យ​វិស័យ​អចលនទ្រព្យ»។

លោក​ស្រី Aliwassa Pathnadabutr នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​​យោបល់​អចលនទ្រព្យ​ CBRE Thailand ថ្លែង​ថា ការ​បោះ​ឆ្នោត​សកល​អាច​បង្កើន​ទំនុក​ចិត្ត​របស់​វិនិយោគិន​អន្តរជាតិ​ក្នុង​វិស័យ​អចលនទ្រព្យ ពី​ព្រោះ​ពួក​គេ​មាន​ទស្សន​វិជ្ជមាន​ចំពោះ​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស ​ថៃ។

លោក​ស្រី​ថ្លែង​ថា៖ «វិនិយោគិន​ដែល​ចង់​បាន​ហានិភ័យ​ទាប​បំផុត អាច​មាន​ក្តី​បារម្ភ​ជុំវិញ​ស្ថានភាព​ក្រោយ​​បោះ​ឆ្នោត។ ទោះ​ជា​អាច​មាន​ភាព​ចលាចល​ផ្នែក​នយោបាយ​ក្តី ក៏​វា​នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ដូច​ធ្លាប់​កើត​មាន​ក្នុង​អតីតកាល​ឡើយ»។

លោក Atip Bijanonda ប្រធាន​សមាគម​អាជីវកម្ម​លំនៅឋាន​ថៃ បាន​ថ្លែង​ថា ភាព​ស៊ី​គ្នា​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី នឹង​ក្លាយជា​កត្តា​សំខាន់​មួយ​ដែល​ជំរុញ​វិស័យ​អចលនទ្រព្យ​ ខណៈ​កំណើន​អចលន​ទ្រព្យ​ថៃ​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី។

លោក​ថ្លែង​ថា៖ «រដ្ឋាភិបាល​ថ្មី​គួរ​បន្ត​គោល​នយោបាយ​សំខាន់ៗ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​​ចាស់ ដែល​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច»។ លោក​បន្ត​ថា៖ «មាន​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​ដែល​កំពុង​ដំណើរការ​ដែល​រដ្ឋាភិបាល​ថ្មី​ចាំបាច់​ត្រូវ​ធ្វើ»៕ PS

 Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *