News

Check out real estate news updates

ក្រុមហ៊ុន​សណ្ឋាគារ ជប៉ុន ដ៏​ធំ​មួយ​​ប្រកាស​ចូល​វិនិយោគ​នៅ​កម្ពុជា

ភ្នំពេញៈ វិនិយោគិន​ជប៉ុន​កាន់​តែ​ច្រើន​ឡើង​កំពុង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ​ជា​ពិសេស​ផ្នែក​បដិ​សណ្ឋារ​កិច្ច ​អចលន​ទ្រព្យ និង​ការ​លក់​រាយ​ជា​​ដើម​។

ក្រុមហ៊ុន ជប៉ុន ​Okura Nikko Hotel Management Co., Ltd កាល​ពី​ថ្ងៃ​សុក្រ ​បាន​ប្រកាស​ថា​ខ្លួន​នឹង​បើក​សណ្ឋាគារ​ Nikko Phnom Pen​h ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ឆ្នាំ​ ២០២​២​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។​

សេចក្តី​ប្រកាស​ដែល​ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន​កាល​ពី​​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​រវាង​ក្រុមហ៊ុន ​Okura ​Nikko ​Hotel ​Management Co.,​ Ltd ​និង​ក្រុមហ៊ុន​ UY United Co., ​Ltd ​ដែល​គ្រប់គ្រង​លើ​អគារ Japan Trade Center ជា​ទីតាំង​នៃ​សណ្ឋាគារ​នេះ​នឹង​ធ្វើ​នៅ ​ថ្ងៃ​ទី​ ២៥​ ខែ​ធ្នូ ឆ្នាំ​ ២០១៨​។

សណ្ឋាគារ ​Nikko ​Phnom Penh នឹង​មាន​បន្ទប់​សរុប ២០១ បន្ទប់​ស្ថិត​នៅ​ជាន់​ទី​ ១៤ រហូត​ដល់​ជាន់​ទី​ ២២ នៃ​អគារ​ពាណិជ្ជ​កម្ម​ជប៉ុន​។​

លោក ​Marcel P.​ van ​Aelst ​នាយក​ប្រតិបត្តិ​ Okura Nikko Hotel Management បាន​ឲ្យ​ដឹង​​ថា​ ​នេះ​ជា​កិត្តិយស​​ដ៏​ធំ​សម្រាប់​ដែល​អាច​ចូល​រួម​ក្នុង​គម្រោង​នេះ ​ហើយ​នេះ​​ជា​​បេសកកម្ម​មួយ ​ដែល​នឹង​​នាំ​មក​នូវ​បច្ចេក​ទេស​​សំណង់​​របស់​ជប៉ុន​ដល់​ប្រទេស​ កម្ពុជា​។ លោក​បាន​​ថ្លែង​ថា៖​ «យើង​មាន​បំណង​បង្កើត​សណ្ឋាគារ​មួយ​ ដែល​នឹង​ដើរ​តួ​ ជា​ស្ពាន​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ ២ ​រួម​ ជា​មួយ​នឹង​ការ​​​ធ្វើ​​បដិ​សណ្ឋារ​កិច្ច​បែប​វប្បធម៌​ជប៉ុន»។​

អគារ​ពាណិជ្ជ​កម្ម​ជប៉ុន បាន​​ចាប់​ផ្តើម​​សាងសង់​កាល​ពី​ខែ​មេសា ឆ្នាំ​ ២០១៨ ​​លើ​ដី​​​​ ៣ ៣៧៤​ ម៉ែត្រ​ការ៉េ ​​​​តាម​បណ្តោយ​​ផ្លូវ​ ៤៣០ ក្នុង​​សង្កាត់​ទួល​ទំពូង ២ ខណ្ឌ​ចំការ​មន ​ក្រោម​ទុន​វិនិយោគ​​ចំនួន​ ៦៥ ​លាន​ដុល្លារ​អាមេរិក​។​

អ្នក​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​បាន​អះអាង​ថា ការ​ចូល​មក​បើក​សាខា​របស់​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​គឺ​បង្ហាញ​ពី​ទំនុក​ចិត្ត​ និង​​ធ្វើ​ឲ្យ​អ្នក​ក្នុង​ស្រុក​ខិត​ខំ​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​កាន់​តែ​ខ្លាំង​។​

លោក​ ឌិន​ សុធា​មេរិទ្ធ ​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា ​បាន​ស្វាគមន៍​​ចំពោះ​ផែន​ការ​បើក​សណ្ឋាគារ ​Nikko Phnom Penh ដោយ​​លើក​ឡើង​ថា ការ​ចូល​មក​វិនិយោគ​ពី​សំណាក់​វិនិយោគិន​បរទេស​ ​គឺ​​បង្ហាញ​ពី​ទំនុក​ចិត្ត​​របស់​ពួក​គេ​​ចំពោះ​ស្ថិរ​ភាព​នយោ​បាយ​​កម្ពុជា​។​

លោក​ថ្លែង​ថា៖ ​«ការ​​មក​ដល់​នៃ​សណ្ឋាគារ​​លំដាប់​អន្តរ​ជាតិ​ នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ដែល​ទាមទារ​ឲ្យ​សណ្ឋាគារ​ក្នុង​ស្រុក​ទាំង​អស់​ត្រូវ​តែ​ខិតខំ​ពង្រឹង​សេវា​កម្ម​របស់​ខ្លួន​ឲ្យ​​​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​»។

លោក ​ច្រឹក ​សុខនីម ​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​អចលន​ទ្រព្យ ​Century ​21 ​Mekong ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​​ចំនួន​វិនិយោ​គិន​ជប៉ុន ​ភ្ញៀវ​ទេសចរ ​និង​អ្នក​មក​ធ្វើ​ការ​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​លំដាប់​ ដូច្នេះ​កន្លែង​ស្នាក់​នៅ​បែប​ជប៉ុន​ក៏​មាន​តម្រូវ​ការ​កើន​ឡើង​ដែរ។

លោក​ថ្លែង​ថា៖ «​ទោះ​​​ជា​នៅ​ពេល​​​នេះ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សណ្ឋាគារ​ជប៉ុន​ ១ [Toyoko Inn ]​​ កំពុង​​​បើក​ដំណើរ​ការ​ហើយ​ក៏​ដោយ តែ​ចំនួន​នេះ​មិន​ទាន់​គ្រប់​គ្រាន់​​សម្រាប់​បំពេញ​ឲ្យ​សេចក្តី​ត្រូវ​ការ​របស់​សហគមន៍​​ពួក​គាត់​នៅ​កម្ពុជា​​ទេ​»។ លោក​ថា៖​ «​ការ​​​​​វិនិយោគ​របស់​ជប៉ុន​គឺ​មាន​ភាព​ច្បាស់​លាស់ និង​ប្រាកដ​ប្រជា​ណាស់​»។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ ១០ ​ខែ ឆ្នាំ​ ២០១៨ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​​សរុប​ ៤,៨ ​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​​ទេសចរ​ជន​ជាតិ​ជប៉ុន​មាន​ចំនួន​ ១៥៨ ៤៣៩​​នាក់ ​​ធ្លាក់​ចុះ​​ ១ ភាគរយ​បើ​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៧។

ផែនការ​បើក​សណ្ឋាគារ​នៅ​ទីក្រុង​​ភ្នំពេញ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​​​ពង្រីក​សាខា​ឲ្យ​បាន​ចំនួន​ ១០០ ​កន្លែង​ក្នុង​តំបន់​អាស៊ី​ត្រឹម​ឆ្នាំ​ ២០២០ ​របស់​ក្រុមហ៊ុន​Okura Nikko Hotel Management Co., Ltd ផង​ដែរ​។

លោក Hidehisa HORINOUCHI ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុង​សារ​ផ្ញើ​ជូន​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​ចៅ​អធិរាជ​ជប៉ុន ​​​ឲ្យ​ដឹង​ថា​​ ទំនាក់​ទំនង​សេដ្ឋកិច្ច​​​កម្ពុជា​ ជប៉ុន ​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​​​ដែល​បាន​រួម​​ចំណែក​ដល់​កំណើន​​សេដ្ឋកិច្ច​កម្ពុជា​៕LA

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *