News

Check out real estate news updates

ក្រុមហ៊ុន​មួយ សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ចំនួន​ ១០ ក្នុង​​ខេត្ត​ចំនួន៨​នៅ​កម្ពុជា

លោក Tse Michael Nam នាយក​ក្រុមហ៊ុន ហ្គ្រីនលីឌើរ បាន​ឲ្យដឹង​ថា ការ​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូងមី ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្រុក​ស្នួល ខេត្ត​ក្រចេះ សម្រេច​បាន​ ៧០ភាគរយ បន្ទាប់ពី​បាន​ចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៨ កន្លង​ទៅ។

យោង​តាម​គម្រោង​ផែនការ​ដែល​បាន​គ្រោង​ទុក ក្រុមហ៊ុន​នឹង​បន្ត​សាងសង់​រោងចក្រ ៣​កន្លែង (នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ស្ទឹងត្រែង) បន្ថែម​ទៀត​ក្នុង​ចំណោម​ ១០​រោងចក្រ នៅ​ទូទាំង​ប្រទេស (រួម​ទាំង​នៅ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ឧត្តរមានជ័យ)។

ការ​ឲ្យ​ដឹង​របស់​នាយក​ក្រុមហ៊ុន ហ្គ្រីនលីឌើរ បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​មាន​ការ​ចូលរួម​ពី​លោក Gao Hua ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ហ្គ្រីនលីឌើរ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ពី​វឌ្ឍនភាព​នៃ​ការ​កសាង​រោងចក្រ​កែច្នៃ​ដំឡូងមី  កាលពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ក្រុមហ៊ុន​នេះ បាន​ដាក់ទុន​វិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ ក្នុងការ​បង្កើត​រោងចក្រ​កែច្នៃ​ម្សៅ​ដំឡូង​មី និង​ជីវ​ឥន្ទនៈ​អេតាណុល​ទំនើប និង​ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក​ដែល មាន​សក្តានុពល​ប្រើប្រាស់​វត្ថុ​ធាតុដើម​ដំឡូងមី​ដល់ទៅ​៥០ម៉ឺន​តោន ដើម្បី​ផលិតម្សៅ​ឲ្យបាន ១៣ម៉ឺនតោន​ក្នុង១​ឆ្នាំ និង​២លាន​តោន​ក្នុង​រយៈពេល ៥​ឆ្នាំ។

ក្រសួង​កសិកម្ម បាន​ឲ្យដឹង​ថា តាម​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូពិច (International Center for Tropical Agriculture, CIAT) បង្ហាញ​ថា បច្ចប្បន្ន​កម្ពុជា ជា​ប្រទេស​ផលិត​ដំឡូងមី​លំដាប់​ទី៨ លើ​ពិភពលោក និង​លំដាប់​ទី៤ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍៕

Source From: http://kleykley.sabay.com.kh/article/1102082#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *