News

Check out real estate news updates

ក្រុមហ៊ុន​ចិនធំមួយ​ វិនិយោគ​សាង​សង់ «ទីក្រុងរំដួល» នៅ​រាជធានី​ភ្នំពេញ

ក្រុមហ៊ុនSRE Group ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏ធំ​របស់​ចិន បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន និង​ពិធី​សម្ភោធ​មជ្ឈមណ្ឌល​លក់ គម្រោង​ទីក្រុង​រំដួល(ROMDUOL CITY)កាលពី​ថ្ងៃទី២៦ ខែធ្នូ​​ ឆ្នាំ​២០១៨។ នេះ​ជា​គម្រោង​អគារ​ពាណិជ្ជកម្ម និង​លំនៅឋាន​លំដាប់ខ្ពស់​ដំបូងគេ​បំផុត បែបសួន​ឧទ្យាន​បៃតង ​នៅក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ​

​នៅក្នុង​ពិធី​បើកការដ្ឋាន​នេះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បានមាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ​កំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ថ្មី​មួយ ហើយ​ខណ្ឌ​សែនសុខ ដែល​គម្រោង​ទីក្រុងរំដួល​ស្ថិតនៅ​នេះ​ទៀត​សោត គឺជា​មជ្ឈមណ្ឌល វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និង​សុខាភិបាល​ ហើយ​ក៏ជា​តំបន់​អភិវឌ្ឍន៍​ស្នូល សម្រាប់​រាជធានី​ភ្នំពេញ​នាពេល​អនាគត​ផងដែរ។

លោក​រំពឹង​ថា គម្រោង​ទីក្រុង​រំដួល​នេះ នឹង​អាច​លើក​កម្ពស់ ដល់​កម្រិត​ស្ថាបត្យកម្ម​ទីក្រុង និង​មុខមាត់​របស់​រាជធានី​ភ្នំពេញ និង​នាំមក​នូវ​ថាមពល​ថ្មីៗ​បន្ថែម​ដល់ការ​អភិវឌ្ឍ​ទីក្រុង​ផងដែរ។

​អគ្គនាយក​ក្រុមហ៊ុន SRE Group លោក LIU FENG បាន​ថ្លែង​ថា ការ​ចូលមក​វិនិយោគ ក្នុង​ប្រទេស​កម្ពុជា​លើកនេះ ក៏ជា​ការឆ្លើយតប​យ៉ាង​សកម្ម ចំពោះ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ “ខ្សែ​ក្រវាត់​មួយ ផ្លូវមួយ” របស់​រដ្ឋាភិបាល​ចិន​ផងដែរ។ ​សក្តានុពល​អភិវឌ្ឍន៍​នៃ​ទីផ្សារ​អចលនទ្រព្យ នៅក្នុង​រាជធានី​ភ្នំពេញ និង​អនាគត​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​សេដ្ឋកិច្ច​ថ្មី នៅតំបន់​អាស៊ី​អាគ្នេយ៍ ក៏ជា​មូលហេតុ​ដែល​ទាក់ទាញ​ក្រុមហ៊ុន SRE Group មក​ធ្វើការ​វិនិយោគ​នៅទី​នេះដែរ។

លោក​អគ្គនាយក​បន្ថែម​ថា ​គម្រោង​ទីក្រុង​រំដួល​នេះ ស្ថិត​នៅ​ទីតាំង​ចន្លោះ ចំណុច​កណ្តាល​រាជធានី​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​សួន​ឧស្សាហកម្មធំ​ជាងគេ។ ហេតុនេះ​វាស្ថិតនៅ​ចំទីតាំង​អភិវឌ្ឍន៍​បំផុត​ក្នុង​ទីក្រុង ដោយ​មិន​ត្រឹមតែ ប្រមូល​ផ្តុំនូវ​ធនធាន​អប់រំ សុខា​ភិបាល ពាណិជ្ជកម្ម និង​ចរាចរណ៍​ល្អ​បំផុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ទុកនូវ​តម្រូវការ លើក​កម្ពស់​កម្រិត​លំនៅឋាន ដែល​ងាយស្រួល នឹង​កើតមាន​ឡើង​ជាទី​បំផុត។

គម្រោង​ទីក្រុង​រំដួល ត្រូវបាន​កំណត់​ជា «សហគមន៍​រស់នៅ​បែប​អេកូឡូស៊ី​អន្តរជាតិ​មួយ» ហើយ​គម្រោង​នេះ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី ១៦៣២៧​ម៉ែត្រ​ការ៉េ ដោយ​សាងសង់​លំនៅឋាន លំដាប់​ខ្ពស់​ចំនួន ៤​អគារ ផ្សារ​ទំនើប និង​ចំណត​រថយន្ត​ចំនួន​២ជាន់​នៅ​ខាងក្រោម។

​​បើតាម​លោក Matthew Hon អ្នក​គ្រប់គ្រង​គម្រោង «ទីក្រុងរំដួល» បាន​ឱ្យដឹង​ថា នៅក្នុង​សួនឧទ្យាន​នៃ​គម្រោង​នេះ មាន​កសាង​នូវ​កុមារដ្ឋាន តំបន់​លេងទឹក​សម្រាប់​កុមារ អាងហែលទឹក​ខាងក្រៅ មជ្ឈមណ្ឌល​ស្ប៉ា សួនហាត់ប្រាណ​ក្នុងទឹក តំបន់​កម្មវិធី​សម្រាក​កម្សាន្ត​ខាងក្រៅ ស្ថានីយ​ពហុបំណង មជ្ឈមណ្ឌល​អាហារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​ផ្សេងៗទៀត៕

Source From: http://kleykley.sabay.com.kh/article/1113381#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *