News

Check out real estate news updates

ក្រុមហ៊ុនឥណ្ឌាអាចនឹងវិនិយោគលើវិស័យសំណង់ នៅកម្ពុជា នៅពេលខាងមុខនេះ

តំណាងក្រុមហ៊ុនប្រទេសឥណ្ឌា បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវថ្នល់ ផ្លូវដែក និងស្ពាន)  និងវិស័យសំខាន់ៗចំនួន៣ នៅក្នុងប្រទេសកម្ពុជា រួមមាន៖ វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា ទេសចរណ៍ និងកសិឧស្សាហកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យបានខ្លាំងក្លាថែមទៀត។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មថ្មីៗនេះ។

នៅក្នុងឱកាសនោះ លោក សាន់ឌិប សូម៉ានី ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីប៉ាន សូរស័ក្តិ អំពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា និងចំណាប់អារម្មណ៍លើការវិនិយោគគម្រោងសំខាន់ៗទាំង៤។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើ និងបានជម្រាបជូន លោក សាន់ឌិប សូម៉ានី អំពីលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា គោលនយោបាយបើកចំហរ និងគោលការណ៍លើកទឹកចិត្តវិនិយោគផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅប្រែក្លាយកម្ពុជា ពីប្រទេសដែលពឹងផ្អែកខ្លាំងលើការប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញនៅឆ្នាំ២០៣០។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលនៃវិស័យកសិកម្ម និងកសិឧស្សាហកម្មកម្ពុជា និងបានស្នើសុំលោក សាន់ឌិប សូម៉ានី ជួយកៀងគរធុរជនឥណ្ឌា ធ្វើការបណ្តាក់ទុនលើការកែច្នៃកសិផលខ្មែរ សម្រាប់នាំចេញទៅកាន់ប្រទេសឥណ្ឌា និងផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងពិភពលោក។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងកិច្ចសហប្រតិបត្តិការធុរកិច្ចនៃប្រទេសទាំងពីរថែមទៀត៕

Source From: https://business-cambodia.com/2019/02/22/india-will-invest-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *