News

Check out real estate news updates

ក្រុមហ៊ុនអចលនទ្រព្យចិនធំៗកំពុងប្រជែងគ្នា សាងសង់អគារធំៗនៅកម្ពុជា

ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងលើវិស័យសំណង់ និងអចលនទ្រព្យ ដែលបានទាក់ទាញវិនិយោគជាតិ និងអន្តរជាតិជាច្រើន មកសម្រុកបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍តូច ធំជាច្រើន។ ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគចិនធំៗបានកំពុងប្រជែងគ្នា វិនិយោគលើគម្រោងសាងសង់អគារពាណិជ្ជកម្ម ខុនដូរ ផ្សារ និងសំណង់ផ្សេងទៀតជាច្រើន។

ជាក់ស្តែងសម្រាប់ទីក្រុងភ្នំពេញរយៈកាល៥ឆ្នាំចុងក្រោយ មានស្ទុះកាន់តែខ្លាំងឡើងៗ លើវិស័យអលនទ្រព្យ ជាពិសេសអគារខ្ពស់ៗ រួមមានអគារខុនដូរ អគារអាផាតមិន និងអគារពាណិជ្ជកម្មធំៗជាដើម។ គម្រោងអគារធំៗតម្លៃរាប់លានដុល្លារ កំពុងបន្តសាងសង់បន្តកន្ទុយគ្នា នៅតាមខណ្ឌសំខាន់ៗនៃក្រុងភ្នំពេញ ជាពិសេសខណ្ឌចំការមន សង្កាត់ទន្លេបាសាក់ តំបន់ជ្រោចង្វា ផ្លូវ៦០ម៉ែត្រ មានគម្រោងថ្មីៗរបស់ចិនជាដើម។

លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate ធ្លាប់មានប្រសាសន៍ថា «ក្រោយវិបត្តិអចលនទ្រព្យឆ្នាំ២០០៨ មក វិស័យនេះបានងើបឡើងវិញនៅកំឡុងឆ្នាំ២០១២។ ហើយងើបកាន់តែខ្លាំងនៅឆ្នាំ២០១៥ និងដើម២០១៦ ជាពេលកម្ពុជាត្រៀមខ្លួនចូលសមាគមសេដ្ឋកិច្ចអាស៊ាន ហើយទីផ្សារកម្ពុជាលេងនៅត្រឹម ១៤លាននាក់ទៀតហើយ គឺ៦០០លាននាក់ ដូច្នេះបានជាសហគ្រិនបានបោះទុនវិនិយោគកាន់តែច្រើន»។

គម្រោងអគារធំៗក្នុងក្រុងភ្នំពេញ សង់ឡើងក្នុងគោលបំណងបំពេញតម្រូវការចម្រុះនាពេលអនាគត ព្រោះត្រូវការប្រជុំធំៗ អគារស្នាក់នៅ ការិយាល័យ សម្រាប់ជនបរទេស និងបំពេញតម្រូវការអាជីវកម្មបង្កើតថ្មីក្នុងស្រុក។ ហើយបើសេដ្ឋកិច្ច និងស្ថានការណ៍នយោបាយនៅតែល្អ នោះវិស័យអចលនទ្រព្យនៅតែបន្តរីកចម្រើនទៅមុនទៀត។

កម្ពុជាមានសក្តានុពលខ្លាំង មានកម្លាំងពលកម្មវ័យក្មេងច្រើន តម្លៃពលកម្លាំង និងតម្លៃអចលនទ្រព្យនៅទាប បើធៀបនិងប្រទេសអាស៊ានទាំង១០ កត្តាសំខាន់នេះហើយ បានរុញច្រានឱ្យវិស័យអចនលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។«បើទោះជាសព្វថ្ងៃការទិញលក់អចលនទ្រព្យហាក់យឺតយ៉ាវបន្តិច តែការសាងសង់គម្រោងអគារធំៗក្នុងក្រុងភ្នំពេញនៅតែមានសន្ទុះខ្លាំង ព្រោះមានវិនិយោគិនមកពីប្រទេសធំៗ ជាពិសេសចិនឈរក្នុងលំដាប់លេខ១ បន្ទាប់មកកូរ៉េ ជប៉ុន សិង្ហបុរី និងថៃ»លោកសៀប បន្ថែម។

តំបន់មហាវិថីផ្លូវ៦០ម៉ែត្រ (សម្តេចហ៊ុន សែន) កំពុងក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង ដែលគេអាចហៅថា ជាតំបន់សក្តានុពលថ្មី ដែលជាទីលានប្រកួតប្រជែងយ៉ាងខ្លាំងរវាងអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗពីបរទេស និងវិនិយោគក្នុងស្រុក។ ជាការពិតណាស់រយៈ៥ឆ្នាំ ឬ១០ឆ្នាំក្រោយ តំបន់មហាវិថីសម្តេចហ៊ុន សែន នឹងក្លាយជាតំបន់ដ៏មានសក្តានុពល១នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ លំអរទៅដោយសំណង់លំនៅឋានប្រណីតៗ អគារពាណិជ្ជកម្ម ផ្សារទំនើប និងសួនកម្សាន្តជាដើម។

បើធ្វើដំណើរតាមបណ្តោយមហាវិថីសម្តេចហ៊ុន សែន គេសង្កេតឃើញមានដំណើរការនៃការសាងសង់គម្រោងថ្មីៗជាច្រើនយ៉ាងសកម្ម មានទាំងបុរី លំនៅឋាន សួនកម្សាន្តជាដើម។ គម្រោងបុរីល្បីៗ ដូចជា បុរីជីបម៉ុង បុរីពិភពថ្មី និងបុរីប៉េងហួត ក៏បានចាប់ផ្តើមការវិនយោគរបស់ខ្លួននៅតាមបណ្តោយមហាវិថី ហ៊ុន សែននេះផងដែរ។

គម្រោង ទីក្រុងរណប ING City  មានទំហំ ២,៦០០ ហិកតាជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគម្រោងធំបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ​។ ហើយគម្រោងទីក្រុងរណប ING City មានគម្រោងអភិវឌ្ឍន៍ផ្សេងៗគ្នាជាច្រើនកំពុងដំណើរការសាងសង់ក្នុងនោះមានដូចជា៖ គម្រោងលំនៅដ្ឋាន ផ្សារទំនើប ពាណិជ្ជកម្ម និងកន្លែងលក់រាយ រួមនឹងសេវាកម្មទូទៅចម្រុះ។​ គម្រោង Urban Village មានទំហំ ៧.៦ ហិកតា គម្រោង Lingnan Garden​ មានទំហំ ២.១ ហិកតា និងគម្រោង R&F City ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ វិនិយោគដោយក្រុមហ៊ុន ចិន ឬក្រុមហ៊ុនបុត្រសម្ព័នរបស់ចិននៅកម្ពុជា បានចាប់យកទីតាំងនៅតាមបណ្តោយផ្លូវ សម្តេច ហ៊ុន សែននេះ។​

បន្ថែមពីលើនេះ ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ខ្នាតធំមួយទៀតនោះ គឺក្រុមហ៊ុនPrince Real Estate បានចូលមកទីផ្សារកម្ពុជាមិនដល់៥ឆ្នាំផង បានពង្រីកក្រុមហ៊ុន​ជាបុត្រ សម្ព័ន្ធរបស់ខ្លួនរហូតដល់៣០ក្រុមហ៊ុន និងបានពង្រីកទំហំវិនិយោគកើនដល់៤ពាន់​លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩នេះ។

យោងតាមAKP លោក លី មីន អគ្គនាយកក្រុមហ៊ុនការរសម្រេចបោះទុនវិនិយោគលើគម្រោងអចលន​ទ្រព្យ​​ក្នុងប្រទេសកម្ពុជានេះគឺដោយសារក្រុមហ៊ុនបានមើលឃើញពីការរីកចម្រើនយ៉ាង​លឿន​​ នៃកំណើតសេដ្ឋកិច្ចរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ ដោយក្នុងនោះ វិស័យ​សំណង់ បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយ​វិស័យ​នេះ ក៏កំពុងទាមទារឱ្យមានការបំពេញបន្ថែម ឱ្យបានច្រើនផងដែរ ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ។

ដោយឡែក ថ្មីៗនេះ ក្រុមហ៊ុនចិនបាន​ចុះហត្ថលេខាលើកិច្ចសន្យា​ស្តីពីការជួលដី​របស់ខ្លួនតាមបណ្ដោយទន្លេសាប​គិត​ចាប់ពី​ស្ពានជ្រោយ​ចង្វាមកដល់ផ្សាររាត្រី ​​ឲ្យ​ក្រុមហ៊ុន​ ចៀន ឈឹង ថៃ គ្រុប ដើម្បីអភិវឌ្ឍន៍ជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មចំរុះហៅថា “The City Gate”។

ក្រោមកិច្ចព្រមព្រៀងនេះដែរ ក្រុមហ៊ុន Chean Chhoeng Thai Group នឹងអភិវឌ្ឍន៏​តំបន់នេះឲ្យ​ទៅជា​មជ្ឈ​មណ្ឌល ពាណិជ្ជកម្មចំរុះ រួមមាន បណ្តុំអគារការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈ ទីធ្លា​សម្តែង​វប្បធម៌សិល្បៈ ទីធ្លាសួនបាញ់ទឹក របាំលើទឹក និងផ្សារអណ្តែតទឹក សួនកំពង់ផែ ទីធ្លាកម្សាន្ត សួនច្បារសាធារណៈ មជ្ឈមណ្ឌលទេសចរណ៍ឆ្លាតវៃ ការិយាល័យបច្ចេកវិទ្យា អគារស្នាក់នៅរួម​បែប​វប្បធម៌ អគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ សាលតាំង​ពិព័រណ៌ មជ្ឈមណ្ឌលបេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាសបែបវប្បធម៌ព្រះពុទ្ធសសាសនា និងសកម្មភាពផ្សេងៗ តាមការកំណត់របស់ទីស្តីការគណៈរដ្ឋមន្រ្តី។

អ្នកជំនាញបានបញ្ជាក់ថា មូលហេតុចិនវិនិយោគច្រើន ដោយសារតែវិនិយោគិនចិន ដើរតាមគោលនយោបាយការបរទេសរដ្ឋាភិបាល ព្រោះទំនាក់ទំនងកម្ពុជា-ចិនមានភាពល្អប្រសើរ ជាពិសេសរដ្ឋាភិបាលចិនមានធនាគារសម្រាប់ផ្តល់ទុនវិនិយោគ៥០% ជូនដល់វិនិយោគិនលើគម្រោងនានាៗ។ ចំណុចទាំងនេះ បានជាអគារធំៗដែលចិនវិនិយោគតែងបញ្ចប់ការសាងសង់បានលឿន តាមការគ្រោងទុកជាទៀតទាត់៕

Source From: https://www.business-cambodia.com/public/article/chines-invest-in-cambodia

Leave a Reply

Your email address will not be published. Required fields are marked *