News

Check out real estate news updates

ក្រុមហ៊ុនសិង្ហបុរីឈ្មោះ Ascott នឹងវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា

ក្រុមហ៊ុនសិង្ហបុរីឈ្មោះAscottដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៦របស់ក្រុមហ៊ុនយក្សសិង្ហបុរីឈ្មោះថា CapitaLandបានប្រកាសវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

ក្រុមហ៊ុន Ascott គ្រោងនឹងបន្ថែមការផ្គត់ផ្គងបន្ទប់សណ្ឋាគារប្រមាណ ២០.០០០ បន្ទប់ទៀតនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាពិសេសទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជាដែលនេះនឹងបង្កើនការផ្គត់ផ្គង់បន្ទប់សណ្ឋាគាររបស់ក្រុមហ៊ុនដល់ទៅជាង ៤១.០០០បន្ទប់នៅទូទាំងតំបន់។

ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីការបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុនសម្រាប់សណ្ឋាគារ TAUZIA Hotel Management (TAUZIA) នៅប្រទេសឥណ្ឌូនេស៊ី លោក Kevin Goh អគ្គនាយកក្រុមហ៊ុនបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុននឹងពង្រីកបណ្តាញអតិថិជនរបស់ខ្លួនរហូតដល់ទៅ ១០០.០០០កន្លែងដែលនេះជានិតិវីធីមួយដើម្បីបញ្រ្ជៀតឈ្មោះសណ្ឋាគារTAUZIAដ៏ល្បីមួយនេះចូលទៅក្នុងទីផ្សារអន្តរជាតិ ដោយក្នុងនោះទីផ្សារដែលមានតម្រូវការជាបន្ទាន់រួមមាន៖ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា»។

ទាក់ទងទៅនឹងគម្រោងពង្រីកទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជា កញ្ញា Joan Tan អនុប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ យើងខ្ញុំតាមសារអេឡិចត្រូនិកថា៖«ក្រុមហ៊ុនបានសម្លឹងមើលឱកាសវិនិយោគលើប្រភេទសណ្ឋាគារលំដាប់អន្តរជាតិនៅកម្ពុជា ជាពិសេសគឺនៅរាជធានីភ្នំពេញ ដែលនេះគឺជាតំបន់ដ៏មានសក្កានុពលបំផុតនាពេលអនាគតដ៏ខ្លីខាងមុខ»។

ក្រុមហ៊ុន Ascott គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ប្រទេសសិង្ហបុរីដែលផ្តល់នូវសេវាកម្មថែទាំលំនៅដ្ឋាននិងបន្ទប់សណ្ឋាគារនៅទូទាំងពិភពលោកដែលបច្ចុប្បន្នក្រុមហ៊ុនមួយនេះមានលំនៅដ្ឋាននិងបន្ទប់សណ្ឋាគាររហូតដល់ទៅ៩៤.០០០យូនីតនៃអចលនទ្រព្យជាង ៦៣០កន្លែងនៅទូទាំងពិភពលោក។

ជាការកត់សម្គាល់ ការវិនិយោគសណ្ឋាគារនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនសិង្ហបុរីកំពុងមានការកើនឡើងខ្លាំងក្នុងរយៈប៉ុន្នានខែកន្លងមក។ ជាក់ស្តែង កាលពីខែកក្កដា ឆ្នាំ២០១៨ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារឈានមុខគេនៅសិង្ហបុរី Lodgis Hospitality Holdings Pte. Ltd. (Lodgis) បានទិញសណ្ឋាគារ Raffles​ ទាំងពីរនៅកម្ពុជាដើម្បីដាក់បញ្ចូលជាសមាជិកក្រុមសណ្ឋាគារប្រវត្តិសាស្រ្តប្រណិតៗនៅក្នុងតំបន់ឥណ្ឌូចិន។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីកទីផ្សារបស់ក្រុមហ៊ុន Ascott គឺដើម្បីចាប់យកឱកាសវិនិយោគលើវិស័យសណ្ឋាគារនៅក្នុងតំបន់ដែលកំពុងមានការកើនឡើងដោយសារកត្កាមួយចំនួនរួមមាន៖កំណើននៃភ្ញៀវទេសចរណ៍ កំណើនតម្រូវការរបស់អ្នកប្រើប្រាស់ និងការវិនិយោគបរទេស។

Source From: http://www.construction-property.com/khread-more-1417/

Leave a Reply

Your email address will not be published. Required fields are marked *