News

Check out real estate news updates

ក្រុមហ៊ុនយក្សរបស់ចិនមួយ នឹងប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ ជាតំបន់ថ្មីប្លែកគេ

ក្រុមហ៊ុនអចលនទ្រព្យចិនមួយបានវិនិយោគទុនសរុបជាង ១២០០ លានដុល្លារអាមេរិក ទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា ឈ្មោះថា ព្រីនស៍ ត្រៀមប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ ដោយគម្រោងធំៗចំនួន៤ នឹងត្រូវសាងសង់ឡើងនៅលើទីតាំងនេះ។

លោក Li Min អគ្គនាយកក្រុមហ៊ុនខាងលើ បានឲ្យដឹងនៅក្នុងពិធីបញ្ចប់ការសាងសង់ គ្រោងឆ្អឹងអគារព្រីនស៍ ម៉ូឌើន ផ្លាហ្សាជាស្ថាពរ នាថ្ងៃទី១៥ ខែកញ្ញានេះថា ក្រុមហ៊ុនលោកមានបំណងធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ពាណិជ្ជកម្មដ៏ធំមួយក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនចិន និងកំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលចេះ តែមានកំណើន ឥតឈប់ឈរ។

លោកបញ្ជាក់ថា ជាក់ស្ដែងបច្ចុប្បន្ន ក្រុមហ៊ុន បានប្រមូលទិញដីក្នុងទីតាំងតំបន់ស្ពានអាកាសក្បាលថ្នល់នេះ ជាច្រើនម៉ឺនម៉ែត្រការ៉េ រួចរាល់ហើយ ហើយគម្រោងធំៗចំនួន២ ក៏បាន លេចជារូបរាងហើយដែរ ចំណែកគម្រោង២ទៀត ក្នុងទីតាំងនេះ នឹងត្រូវបានចាប់ផ្តើម សាងសង់ជាបន្តបន្ទាប់។

លោកថា គម្រោងអគារបែបពាណិជ្ជកម្ម និងស្នាក់នៅ បន្ទាប់នេះ ត្រូវបានបែងចែកចេញជាពីរ គឺសម្រាប់ធ្វើជាការិយាល័យ និងខុនដូ ដែលមានបន្ទប់សរុបចំនួន ៥៧០ យូនីត កម្ពស់២៧ជាន់ ចំណាយទុនវិនិយោគសរុបអស់ ១០០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការនាចុងឆ្នាំ២០១៩នេះ។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ ថា វត្តមាននៃគម្រោងធំៗរបស់ក្រុមហ៊ុន ព្រីនស៍ នៅក្នុងប្រទេសកម្ពុជា ពិតជាបានចួលរួមចំណែក លើកកម្ពស់ការស្នាក់នៅបែបទំនើប ដល់ប្រជាពលរដ្ឋក្នុងទីក្រុង និងឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរចិន ដែលកំពុងមានការកើនឡើងខ្លាំងនៅកម្ពុជា ។

បើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ និងអលនទ្រព្យក្នុងរយៈពេល៥ខែ ដើមឆ្នាំនេះ មានទំហំទឹកប្រាក់ ១៧៨០ លានដុល្លារអាមេរិក និងមានគំរោងវិនិយោគចំនួន ១៣៧០គំរោង ដែលត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បាន វិនិយោគទុនសរុបជាង១២០០លានដុល្លារអាមេរិក ទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា ហើយក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគអោយបាន ៥០០០លានដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ៕

Source From: http://news.sabay.com.kh/article/1087106#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *