News

Check out real estate news updates

ក្រុមហ៊ុនយក្សខ្មែរចុះហត្ថលេខាជាមួយក្រុមហ៊ុនសឹង្ហបុរីសម្រាប់គម្រោងអភិវឌ្ឍន៍នៅទួលគោក

ក្រុមហ៊ុនសិង្ហបុរី Hong Lai Huat បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយនឹងក្រុមហ៊ុនយក្សខ្មែរ The Royal Group ដើម្បីអភិវឌ្ឍគម្រោងអភិវឌ្ឍន៍ចម្រុះមួយនៅក្នុងខណ្ឌដែលកំពុងមានសក្កានុពលមួយ គឺខណ្ឌទួលគោកនៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រុមហ៊ុន Hong Lai Huat។

អនុស្សរណៈនៃការយោគយល់ខាងលើនេះគឺបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្នុងការអភិវឌ្ឍគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយនៅលើដីទំហំប្រមាណ ៨,២២១ម៉ែត្រការ៉េ ហើយកិច្ចព្រមព្រៀងនេះដែរនឹងចូលជាធរមានរយៈពេល ៣០ថ្ងៃ ក្រោយពីការចុះហត្ថលេខាដែលត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ក្រោមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន The Royal Group នឹងបោះទុនទៅលើដី (ម្ចាស់កម្មសិទ្ធិដី) ខណៈក្រុមហ៊ុន Hong Lai Huat នឹងធ្វើការរាប់រងទៅលើចំណាយសំរាប់ការអភិវឌ្ឍន៍ ការសាងសង់ ព្រមទាំងចំណាយប្រតិបត្តិការទាំងអស់ដែលស្មើទៅនឹងផលបូកនៃតម្លៃដីសរុបទៅតាមការព្រមព្រៀងរវាងភាគីទាំងពីរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Hong Lai Huat ក៏នឹងទទួលខុសត្រូវចំពោះការចំណាយទៅលើប្រតិបត្តិការផ្សេងៗ ដូចជាការរចនា ការសាងសង់ ការផ្សព្វផ្សាយ និងការលក់គម្រោងក្រោយបញ្ចប់ការសាងសង់។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ លោកបណ្ឌិត Johnny Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Hong Lai Huat បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ហើយភាពជាដៃគូមួយនេះនឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកផងដែរ»។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hong Lai Huat គឺជាក្រុមហ៊ុនអចលនទ្រព្យដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ និងការអភិវឌ្ឍន៍កសិកម្មនៅក្នុងប្រទេសកម្ពុជានិងសិង្ហបុរី។

Leave a Reply

Your email address will not be published. Required fields are marked *